កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ តារា​សម្ដែង​ម្ចាស់​រហស្សនាម​តារា​ទឹក​ភ្នែក​កញ្ញា​ នី មុនីនាថ បាន​បង្ហោះ​សារ​មួយ​ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ព្រោះ​ក្នុង​សំណេរ​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​តារា​សម្ដែង​រូប​ស្រស់​ អ្នក​នាង​ សារ៉ាយ សក្កណា បាន​មក​ដល់​ព្រះរាជាណា​ចក្រក​ម្ពុជា​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​ជួប​គ្នា​ដោយ​សារ​តែអ្នក​នាង​ សារ៉ាយ សក្កណា ជាប់​ធ្វើ​ចត្តាឡីស័ក​។ ​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​បាន​ប្រកាស​ឱ្យ​អ្នក​ដែល​ធ្វើ​ដំណើរ​ពី​ក្រៅ​ប្រទេស​មិន​ចាំ​បាច់​ធ្វើច​ត្តា​ឡីស័ក​នោះ​ទេ​ ប្រសិន​បើ​ធ្វើ​តេស្ដ​រក​មិន​ឃើញ​មាន​វិជ្ជមាន​ជំងឺ​ Covid-19 នោះ ទើប​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ម្សិលមិញ​នេះ​ នៅ​លើ​បណ្ដាញ​សង្គម​ កញ្ញា នី មុនីនាថ បាន​បង្ហោះ​រូប​ថត​ និង​វីដេអូ​ជាមួយ​នឹង​​អ្នក​នាង​ សារ៉ាយ សក្កណា​ ក៏​ដូច​ជា​កូន​ស្រី​យ៉ាង​សប្បាយ​រីករាយ​។

ថ្វី​ត្បិត​តែ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​អ្នក​នាង​ សារ៉ាយ​ សក្កណា មិន​បាន​ផុស​ពី​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​របស់​ខ្លួន​​ ក៏​ដូច​ជា​សកម្មភាព​ផ្សេង​របស់​គ្រួសារ​ក្ដី​ ប៉ុន្តែ​បើ​មើល​តាម​ហ្វេសប៊ុក​មិត្ត​ភក្ដិ​ជិត​ស្និទ្ធរបស់​អ្នក​នាង​ មាន​ហ្វេសប៊ុក​របស់​កញ្ញា​ នី មុនីនាថ​ ក៏​ដូចជា​លោក​ ហេង នរៈកក្កដា ក្ដី​បាន​បង្ហោះ​វីដេអូ​ដែល​បង្ហាញ​វត្តមាន​អ្នក​នាង​ សារ៉ាយ​ សក្កណា និង​កូន​ស្រី​ដ៏​ស្រស់​ស្អាត​​របស់​អ្នក​នាង​នៅ​ក្នុង​នោះ​ដូច​គ្នា​។

តាម​រយៈ​វីដេអូ​របស់​អ្នក​នាង​ នី មុនីនាថ ដែល​បាន​ Live កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ ក្រៅ​ពី​វត្តមាន​សាមី​ខ្លួន​​ និង​ អ្នក​នាង គឹម​ លីហ្សា​ហើយ​នោះ​ ហ្វេន​នៅ​សង្កេត​និង​ចាប់​អារម្មណ៍​ឃើញ​មាន​វត្តមាន​អ្នក​នាង សារ៉ា​យ​ សក្កណា និង​កូន​ស្រី​ដ៏​ស្រស់​ស្អាត​របស់​អ្នក​នាង​នៅ​ក្នុងវីដេអូ​នោះ​ផង​ដែរ​។ ក្រៅ​ពី​នោះ​ក៏​​នៅ​មាន​វីដេអូ​ថត​ជុំ​គ្នា​រវាង​កញ្ញា នី មុនីនាថ អ្នក​នាង​ សារ៉ាយ​ សក្កណា និង​លោក​ ហេង នរៈកក្កដា ដែល​បាន​បង្ហោះ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​តារា​សម្ដែង​រូប​ស្រស់​ នី មុនីនាថ ហើយ​វីដេអូនោះ​ក៏​ត្រូវ​បាន​លោក ហេង នរៈកក្កដា បង្ហោះ​ចែក​ចាយ​បន្ត​នៅ​លើ​ Wall គណនី​ហ្វេសប៊ុក​របស់​លោក​ដែរ​។

តាម​ការ​សង្កេត​ឃើញ​ថា​ អ្នក​នាង សារ៉ាយ​ សក្កណា ដូច​ជា​មិន​បាន​បង្ហោះ​ចែក​រំលែក​ពី​ដំណើរ​មក​ដល់​​ស្រុក​ខ្មែរ​របស់​ខ្លួន​ ​ដូច​សព្វ​មួយ​ដង​ឡើយ​​ដោយ​បង្ហោះ​លើ​ Facebook ចុង​ក្រោយ​គឺ​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ​ជា​​វីដេអូ​ច្រៀង​នៅ​ក្នុង​ App Tiktok ជាមួយ​នឹង​កូន​ស្រី​ច្បង​ និង​​មាន​វត្តមាន​​កូន​ប្រុស​ពៅ​របស់​អ្នក​នាង​នៅ​ក្នុង​នោះ​ដែរ​។

វត្តមាន​របស់​អតីត​តារា​សម្ដែង​សំបុរ​ស្រអែម​ស្រស់​រូប​នេះ​ ទទួល​បាន​​នូវ​ការ​សាទរ​យ៉ាង​ច្រើន​ពី​សំណាក់​សាធារណជន​ មិត្ត​សិល្បករ​ ពិសេស​ហ្វេន​ដែល​នៅ​តែ​នឹក​នឹងគាំទ្រ​ស្នាដៃ​សម្ដែង​របស់​កញ្ញា​នាពេល​កន្លង​មក​។

ក្រុម​ការងារ​សារព័ត៌មាន​ត្រយង​បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​កាន់​អ្នក​នាង​ សារ៉ាយ សក្កណា ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែមឱ្យ​កាន់​តែ​ជាក់​ច្បាស់​ថែម​ទៀត​ពី​គោល​បំណង​របស់​អ្នក​នាង​​ ប៉ុន្តែ​មិន​ទាន់​មាន​ចម្លើយ​តប​ណាមួយ​ឡើយ​ ចំពោះ​ដំណើរ​មក​កាន់​ប្រទេស​កំណើត​របស់​អ្នក​នាង​ និង​​ក្រុម​​គ្រួសារ​លើក​នេះ​៕

Telegram-Troryorng
Share.