​​ពិត​ជា​ធ្វើ​ឱ្យ​មហាជន​អ្នក​គាំទ្រ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ខណៈ​នៅ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ​ម្សិល​មិញ​នេះ​ តារា​ចម្រៀង​ស្រី​ កញ្ញា​ ទេព​ បូព្រឹក​ បាន​បញ្ចេញ​ Teaser​ MV​ បទ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ «​វីរនារី​»​។ វីដេអូ​ខ្លី​មាន​រយៈ​ពេល​ត្រឹមតែ​១៩​វិនាទី​តែប៉ុណ្ណោះ​ ធ្វើ​ឱ្យ​មហាជន​អន្ទះសារ​ចង់​ទស្សនា​វីដេអូ​ពេញ​បាត់​ទៅ​ហើយ​ នោះ​ក៏​ដោយសារ​តែ​ MV​ មួយ​នេះ​បាន​រំលេច​ប្លង់​ប្លែក​ភ្នែក​ដែល​មើល​ទៅ​អស្ចារ្យ​ខ្លាំង​ក្នុង​ការ​ផលិត​។

បើ​តាម​ការ​បង្ហើប​របស់​ក្រុម​ការងារ​ផលិត​ Ditway​ បាន​ឱ្យ​ដឹង​ថា​ វីដេអូ​ Teaser​ MV​ ចម្រៀង​ដែល​ទើប​តែ​បាន​ទម្លាយ​នេះ​ ​បាន​ចំណាយ​​​ដើម​ទុន​ក្នុង​ការ​ផលិត​អស់​ ៦០០​លាន​រៀល​ ដែល​មាន​តម្លៃ​ប្រមាណ​ជាង​១៤​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ក្នុង​គោល​បំណង​ចង់​សម្រេច​សមិទ្ធផល​ថ្មី​សន្លាង​​​​មួយ​បង្ហាញ​ជូន​អ្នក​គាំទ្រ​ថា​កូន​ខ្មែរ​យើង​ក៏​អាច​ធ្វើ​បាន​មិន​ចាញ់​បទេស​ឡើយ​។

យ៉ាងណាមិញ​ នៅ​ក្នុង​ Teaser​ MV​ មួយ​នេះ​ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​អត្ថន័យ​តស៊ូ​នៅ​ក្នុង​សឹក​សង្គ្រាម​ ដែល​តារា​ចម្រៀង​ស្រី​ ទេព​ ​បូព្រឹក្ស​ បាន​សម្ដែង​ជា​តួអង្គ​វីរនារី​ដ៏​មាន​ភាព​អង់​អាច​ក្លាហាន​។ ​មិន​តែ​ប៉ុណ្ណោះ​ វីដេអូ​នេះ​មាន​បង្កប់​នូវ​តម្លៃ​អប់រំ​ដ៏​សំខាន់​ៗ​ជា​ច្រើន​ ដោយ​​បាន​រំលេច​ឱ្យ​ឃើញ​នូវ​​​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ​ ​សម្លៀកបំពាក់​ខ្មែរ​​បុរាណ​ពេល​ធ្វើ​សឹក​ច្បាំង​ ​ក្រាំង​សាស្ត្រា​ស្លឹក​រឹត និង​​​សព្វាវុធ​​​គ្រឿង​សឹក​ក្នុង​​ការ​ការពារ​ខ្លួន​របស់​ដូនតា​ខ្មែរ​នា​សម័យ​បុរាណ​ ​ជា​ពិសេស​​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​វប្បធម៌​ខ្មែរ​ដ៏​អស្ចារ្យ​និង​រុង​រឿង​។​ ​

បើ​តាម​ការ​បង្ហើប​រៀបរាប់​ពី​អត្ថន័យ​នៃ​ការ​ផលិត​ MV​ បទ​ចម្រៀង​នេះ​ឡើង​ ​កញ្ញា​ ​ទេព​ ​បូព្រឹក្ស​ ​ក៏​បាន​រៀបរាប់​ថា​ ​«មហិច្ឆតា​ ​និង​ភាព​អស្ចារ្យ​នៃ​កេរ្តិ៍ដំណែល​ ​បុព្វបុរស​ បុព្វការី​ខ្មែរ​គឺ​បាន​បន្សល់​ទុក​នូវ​ភាព​អស្ចារ្យ​និង​មហាសាល​ក្រៃលែង​។ ​នេះ​គឺ​ជា​កាតព្វកិច្ច​របស់​ខ្ញុំ​ក៏​ដូចជា​កូន​ខ្មែរ​គ្រប់រូប​ក្នុង​ការ​ចូល​រួម​រក្សា​និង​បង្ហាញ​ទៅ​កាន់​អម្បូរ​មនុស្ស​ ទូ​ទាំង​ប្រទេស​ ​ទូ​ទាំង​ទ្វីប​​ ​ទូ​ទាំង​ពិភពលោក​ ឱ្យ​បាន​ឃើញ​អំពី​ការ​បន្សល់​ទុក​នូវ​កេរ្តិ៍​មរតក​ដ៏​មហិមា​ដែល​សូម្បី​តែ​មាស​ទំហំ​ប៉ុន​​ភ្នំ​ក៏​មិន​អាច​ប្រៀប​បាន​ ​ហើយ​រឹតតែ​មិន​អាច​នឹង​យក​មក​កាត់​ថ្លៃ​បាន​»​។​

តារា​ស្រី​រូប​នេះ​បាន​បន្ដ​ទៀត​ថា ​«​ដោយ​សេចក្តី​ដឹង​គុណ​ចំពោះ​មាតា​បិតា​ថែ​រក្សា​ដែន​ដី​សុវណ្ណភូមិ​ ជា​ម្ចាស់​ដ៏​ប្រាកដ​ ​កូន​សូម​ថ្វាយ​នូវ​ស្នាដៃ​នេះ​ទុក​ជា​សារ​ ​ក៏​ដូច​ជា​ការ​បំផុស​បំផុល​ ដល់​កូន​ខ្មែរ​គ្រប់​រូប​មិន​ថា​នៅ​ទី​នេះ​ឬ​កូន​ខ្មែរ​ដែល​នៅ​ទី​ណា​ឱ្យ​តែ​មាន​ឈាម​ជា​ខ្មែរ​ ​ឱ្យ​បាន​ដឹង​ថា​ នេះ​ជា​សមិទ្ធ​ផល​​ដែល​កើត​ចេញ​ពី​សេចក្តី​ប្រាថ្នា​របស់​កូន​ខ្មែរ​ម្នាក់​នេះ​។​ ​មុន​នឹង​បិទ​ភ្នែក​ត្រឡប់​ទៅ​ឋាន​វិញ​ ​កូន​ក៏​បាន​ធ្វើ​រឿង​គប្បី​ដើម្បី​មាតា​បិតា​ ​និង​ដើម្បី​ដូន​តា​ហើយ​​»​។​

​ជា​ចុង​ក្រោយ​ ​កញ្ញា​ ​ទេព​ ​បូព្រឹក្ស​ ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​«​សំណេរ​ចុង​ក្រោយ​នេះ​សម្រាប់​ ​វីរនារី​ ទូ​ទាំង​សកល​ចូរ​ចាំ​ ថា​ ​អ្នក​គឺ​ជា​មាតា​ ​អ្នក​គឺ​ជា​ស្តេច​ ​អ្នក​គឺ​ជា​មេ​ទ័ព​ ​អ្នក​គឺ​ជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច​ ចូរ​អ្នក​មើល​ឱ្យ​ឃើញ​នូវ​តម្លៃ​ដ៏​អស្ចារ្យ​របស់​អ្នក​ ​ដោយ​ក្តី​ស្រលាញ់​ពី​ខ្ញុំ​ ​ទេព​ ​បូព្រឹក្ស​ ​បុត្រី​នៃ​បុព្វ​បុរស​ខ្មែរ​ ​»​។​

សូម​ជម្រាប​ជូន​ថា​ ​មក​ទល់​ម៉ោង​នេះ​ ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ដែល​បាន​ ​Comment​ ​គាំទ្រ​ ពោល​សរសើរ​ពី​ការ​ផលិត​វីដេអូ​MV​ចម្រៀង​របស់​កញ្ញា​ ​ទេព​ ​បូព្រឹក្ស​ ​មួយ​នេះ​ ​ហើយ​ពួក​គេ​ពិត​ជា​អន្ទះសា​ និង​អត់​ទ្រាំ​រង់​ចាំ​មើល​មិន​បាន​ឡើយ​៕

សូម​ទស្សនា​ព័ត៌មាន​ជា​វីដេអូ​ខាង​ក្រោមនេះ​៖

Telegram-Troryorng
Share.