
កីឡាករ Lee Yong-dae ម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាវាយសី របស់ប្រទេសកូរ៉េខាងត្បូង បានឆ្លងជំងឺកូវីដ-១៩ ហើយកំពុងសម្រាកព្យាបាលខ្លួននៅក្នុងផ្ទះ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Yonex ដែលជាអ្នកឧបត្ថម្ភដល់កីឡាករវ័យ៣២ឆ្នាំរូបនេះ។
ប្រភពបានបន្តថា Lee Yong-dae បានឆ្លងជំងឺកូវីដ-១៩ ក្រោយពីបានញាំអាហារជាមួយអ្នកដែលរកឃើញថាមានផ្ទុះជំងឺនេះ។ យោងតាមសារព័ត៌មាន The Korea Heraldបុរសរូបនេះត្រូវបានរកឃើញថាវិជ្ជមាន មុនពេលធ្វើចត្តាឡឺស័ក។ រូបគេមិនមានចេញរោគសញ្ញាអ្វីឡើយ ហើយបានដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ តែធ្វើតេស្តចេញលទ្ធផលវិជ្ជមាន។
សមាជិកក្រុមជម្រើសជាតិវាយសី កូរ៉េខាងត្បូង ដែលមានសកម្មភាពកៀកនិងស្និតនឹង Lee ត្រូវបានធ្វើតេស្តថាអវិជ្ជមានទាំងអស់ តែពេលនេះសុទ្ធតែធ្វើចត្តាឡឺស័កគ្រប់ៗគ្នា។
អត្ថពាក់ព័ន្ធកីឡាវាយសី៖មុនស៊ីហ្គេមមកដល់ ថៃ និងម៉ាឡេស៊ី បង្ហាញភាពខ្លាំងរៀងខ្លួនក្នុងព្រឹត្តិការណ៍វាយសីកម្រិតពិភពលោកនៅអង់គ្លេស
លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ចំពោះកីឡាករ Lee Yong-dae នឹងធ្វើឱ្យរូបគេត្រូវដកខ្លួនចេញពីប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ដល់២៣ ខែឧសភា ខាងមុខផងដែរ។ តាមពិតក្រោយចប់ការប្រកួតអូឡាំពិកនៅប្រទេសប្រេស៊ីល ឆ្នាំ២០១៦ រូបគេបានប្រកាសថាចូលនិវត្តន៍ពីអាជីពជាកីឡាករវាយសី ទៅហើយ ប៉ុន្តែនៅ២ឆ្នាំក្រោយមករូបគេបានត្រឡប់ចូលក្រុមជម្រើសជាតិវិញ ដែលបច្ចុប្បន្នរូបគេឈរចំណាត់ថ្នាក់លេខ៣២ពិភពលោកផ្នែកវាយគូបុរស ខណៈការបង្ហាញខ្លួនចុងក្រោយគឺនៅក្នុងBadminton World Federation World Tour ដែលធ្វើឡើងនៅប្រទេសថៃ កាលពីខែមករា កន្លងទៅ។
កីឡាករ Lee Yong-dae ធ្លាប់ឈ្នះមេដាយលើឆាកអន្តរជាតិជាច្រើន ហើយក្នុងនោះធ្លាប់ឈ្នះមេដាយមាសកីឡាអូឡាំពិកឆ្នាំ២០០៨ នៅប្រទេសចិន ផ្នែកវាយគូបុរស និងមេដាយសំរឹទ្ធឆ្នាំ២០១២ នៅប្រទេសអង់គ្លេស ផងដែរ៕
