តារាសម្ដែងប្រុសសម្បុរស្រអែមមានរូបរាងស្រស់សង្ហា ដែលមហាជនបានចាប់អារម្មណ៍ស្គាល់តាមរយៈភាពយន្ដខ្មែរខ្នាតធំ ដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង រឿង «ចៅពស់កេងកង» នោះគឺលោក សួន ពិសិដ្ឋ។ តារាប្រុសរូបនេះ បានបាត់មុខពីវិស័យសម្ដែងភាពយន្ដអស់រយៈពេលជាង ១៧ ឆ្នាំមកហើយ តែលោកបានបង្ហាញសកម្មភាពសិល្បៈតាមរយៈទេពកោសល្យជាតារាចម្រៀង និងអ្នកនិពន្ធបទភ្លេងទៅវិញ។ ការពិតទៅ លោក​ សួន ពិសិដ្ឋ មិនបានឃ្លាតឆ្ងាយពីវិស័យភាពយន្ដទៅណាទេ ពោលគឺ​លោក​គ្រាន់​តែ​ផ្លាស់​ប្ដូរ​ពី​តារា​សម្ដែង​មក​ជាអ្នកជួយវិស័យភាពយន្ដពីក្រោយឆាកសម្ដែងវិញ​ម្ដង​។

នៅពេលថ្មីៗនេះ លោក សួន ពិសិដ្ឋ បានវិលមក​បង្ហាញ​មុខ​សម្ដែងភាពយន្ដវិញ ជារឿងភាគបុរាណខ្មែរស្ថិតនៅក្នុងសម័យលង្វែក និងជាស្នាដៃដឹកនាំរឿងរបស់លោក កៅ សីហា និពន្ធដោយសាស្ត្រាអាចារ្យអក្សរសាស្ត្រខ្មែរ លោក យូ សុភាព។ តើមានមូលហេតុអ្វីបណ្ដាលចិត្តឱ្យតារាប្រុសរូបនេះ វិលមករកការសម្ដែងភាពយន្ដវិញ? ហើយមូលហេតុអ្វីបានជាលោកបាត់មុខពីការសម្ដែងរយៈពេលយូរឆ្នាំបែបនេះ?

ផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានត្រយង លោក សួន ពិសិដ្ឋ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំមិនដែលឃ្លាតឆ្ងាយពីវិស័យសិល្បៈភាពយន្ដនោះទេ បើទោះជាខ្ញុំមិនទទួលរឿងដើរតួសម្ដែងក្នុងចន្លោះពេលជាង ១៧ឆ្នាំក៏ដោយ ក៏ខ្ញុំនៅតែមានការងារក្រោយឆាកដែលពាក់ព័ន្ធទៅនិងវិស័យភាពយន្ដដែរ ដូចជាទទួលការតែងនិពន្ធបទភ្លេងថ្មី និងទំនុកច្រៀងថ្មី និងតែងនិពន្ធបទភ្លេងប្រកបភាពយន្ដ ទាំងរឿងដុំនិងរឿងភាគជាដើម។ តួយ៉ាងថ្មីៗនេះខ្ញុំក៏មានស្នាដៃតែងនិពន្ធបទភ្លេងថ្មីចំនួន២០បទដែលរួមស្នាដៃនៃការតែងនិពន្ធទំនុកច្រៀងថ្មីនិងមេឡូឌីថ្មីរបស់រាមច្បងគឺលោក ហ្វៃ សំអាង ដែលអ្នកតែងនិពន្ធរឿង និងដឹកនាំសម្ដែងដ៏ចំណានរឿងភាគ «កូនពស់កេងកង» ដែលផលិតដោយក្រុមហ៊ុន ផលិតកម្ម ហង្សមាស និងចាក់បញ្ចាំងនៅក្នុងកញ្ចក់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស HMDHTV ក្នុងឆ្នាំ២០១៧-២០២០ កន្លងមកនេះ»។

លោក ពិសិដ្ឋ បានបន្ដអះអាងមូលហេតុថា «ខ្ញុំចូលថតជាតួសម្ដែងក្នុងវិស័យភាពយន្ដតាំងពីឆ្នាំ ២០០៣ ។ បទដំបូង “សឹកហួសព្រោះស្នេហ៍” និងភាពយន្ដ “ចៅពស់កេងកង” ក្នុងឆ្នាំ ២០០៤ នាសម័យបុរាណ ជាតួឯកសភាវៈអាក្រក់ ដែលដឹកនាំដោយបងប្រុស ហ្វៃ សំអាង ទទួលបានភាពជោគជ័យមានការគាំទ្រខ្ពស់ពីមហាជន។ រហូតមកដល់ ឆ្នាំ២០២១ ពេលនេះទើបខ្ញុំទទួលថតជាថ្មីមួយទៀត សម្ដែងជាតួឯកសភាវៈល្អវិញម្ដងទៀតហើយ ក្នុងរឿងភាគបុរាណសម័យលង្វែក ដែលដឹកនាំសម្ដែងដោយអ្នកដឹកនាំដ៏ប៉ិនប្រសព្វលោក កៅ សីហា វិញម្ដង»។

ជាមួយគ្នានេះដែរ ចំពោះមូលហេតុដែលធ្វើឱ្យលោក សួន ពិសិដ្ឋ បាត់មុខពីការសម្ដែងភាពយន្ដខ្មែរ ក៏ដោយសារតែសាច់រឿងដែលបានស្នើមកលោកសម្ដែង គឺនៅមិនទាន់ដល់កម្រិតមួយដែលលោកចង់សម្ដែង។ លោកបានអះអាងទៀតថា «រហូតដល់ឆ្នាំ ២០២១-២០២២ នេះ បើគិតទៅគឺក្នុងចន្លោះពេល ១៧ ឆ្នាំ ហើយក្នុងអំឡុងរយៈពេលនេះ គឺខ្ញុំបានទទួលថតសម្ដែងជាតួធំតែ២រឿងទៀតតែប៉ុណ្ណោះនោះទេ ទី១ “គឺរឿង អាបពាក់មួកសុវត្តិភាពវគ្គ២” ទី២ “គឺរឿង ឯណាខ្មោច?” ។ មកដល់១៧ ឆ្នាំក្រោយ នេះទើបខ្ញុំទទួលសម្ដែងថ្មីនេះតែម្ដង។ មូលហេតុដែលខ្ញុំមិនទទួលសម្ដែងភាពយន្ដក្នុងចន្លោះពេល ១៧ ឆ្នាំនេះ គឺដោយសារតែសាច់រឿងដែលផលិតករយកមកស្នើរសុំឱ្យខ្ញុំដើរជាតួសម្ដែងនោះភាគច្រើននៅមិនទាន់ដល់កម្រិតខ្ញុំចង់ និងមួយវិញទៀត កាលនោះខ្ញុំមានជឿជាក់តែលើស្នាដៃផលិតភាពយន្ដរបស់លោក ហ្វៃ សំអាង ដែលមានគុណភាពដែលខ្ញុំចង់បាន។ ហេតុនោះហើយទើបខ្ញុំបដិសេធន៍មិនទទួលសម្ដែងកន្លងមកនោះឯង»។

សូមជម្រាបផងដែរថា ភាពយន្ដថ្មីដែលលោក សួន ពិសិដ្ឋ កំពុងសម្ដែងនេះ មិនត្រូវបានបង្ហើបឱ្យដឹងពីចំណងជើងឡើយ ព្រោះដើម្បីរក្សារសិទ្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុន។ ដូច្នោះមានតែមហាជនអ្នកគាំទ្រទាំងអស់រង់ចាំទស្សនាស្នាដៃថ្មីនៃការសម្ដែងរបស់លោក ដោយសូមបង្ហើបថា លោកសម្ដែងជាតួអង្គ៣ជំនាន់ក្នុងរឿងតែមួយ៕

Telegram-Troryorng
Share.