ព្រឹត្តិការណ៍​ប្រកួត ONE: NEXTGEN III នឹង​ចាក់​ផ្សាយ​នៅថ្ងៃ​សុក្រ ទី​២៦ ខែ​វិច្ឆិកា​នេះ​ចេញ​ពី​ប្រទេស​សិង្ហបុរី​ដែល​មាន​ការ​ប្រកួត​គុន​ចម្រុះ ឃីក​បុងសីង និង​ប្រដាល់​សេរី​ចំនួន​៦​គូ។ ក្នុង​ចំណោម​គូ​ប្រកួត​ទាំង​៦​នេះ​មាន​ហេតុ​ផល​សំខាន់​​៤​យ៉ាង​ដែល​លោក​គួរ​តាម​ដាន​ទស្សនា។

ទី១៖  Adiwang និង​ Brooks បង្ក​សង្គ្រាម​ពាក្យ​សំដី​ផ្តាច់​ដៃ​គូ​រៀង​ៗ​ខ្លួន
អ្នក​លេងគុន​ចម្រុះ Lito Adiwang ដែល​បទ​ពិសោធ​លើ​សង្វៀន​អន្តរជាតិ​ត្រូវ​ប្រឈម​នឹង​ចំណូល​ថ្មី Jarred Brooks សម្រាប់​ការ​ជួប​គ្នា​ក្នុង​តំណែង​គូ​ឯក​ប្រចាំ​រាត្រី។ នៅ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ អ្នក​ទាំង​ពីរ​បានបង្កើត​សង្គ្រាម​វោហាសាស្ត្រ​រៀង​ៗ​ខ្លួន ដូច្នេះ​ច្បាស់​ជាក្តៅ​គគុក​លើ​សង្វៀន​មិន​ខាន។​

អ្នក​លេង​គុន​ចម្រុះ Adiwang ជា​កីឡាករ​ម្នាក់​ដែល​ល្បី​ខាង​អាវុធ​ឈរ​ដូច​ព្យុះ និង​ឈ្នះ​ពីរ​លើក​ជាប់​គ្នា ដូច្នេះ​ Brooks បាន​ទទួល​ស្គាល់​សមត្ថភាព​របស់​ដៃ​គូ​ម្នាក់​នេះ ប៉ុន្តែ​រូប​គេ​ហាក់​មិន​ញញើត​ទេ ពី​ព្រោះ​រូប​គេ​មាន​ជំនាញ​ក្រោមដ៏​គ្រោះ​ថ្នាក់។ គ្មាន​អ្វី​ចម្លែក​ទេ អ្នក​ទាំង​ពីរ​អះ​ថា នឹង​បញ្ឈប់​ដៃ​គូ​ពាក់​កណ្តាល​ទី​ដូច​គ្នា។

ទី២៖ អតីតជើងឯកឃីកបុកសីងពិភពលោកវិលមកវ៉ៃក្បាច់មួយថៃ
អ្នកគាំទ្រនឹងប្លែកភ្នែក ប្លែកអារម្មណ៍នៅពេលអតីតជើងឯកឃីកបុកសីងពិភពលោក Alaverdi Ramazanov វិលមកកាន់សង្វៀនលើកនេះប្រកួតជំនាញមួយថៃជាមួយខ្លាកំណាចថៃ Ponsiri ដែលអ្នកទាំងពីរត្រូវបានគេចាត់ទុកជាអ្នកវ៉ៃកណ្តាប់ដៃសាហាវដូចគ្នា។

កីឡាកររុស្ស៊ីមានអារម្មណ៍ដូចជា រូបគេមានលក្ខណៈពិសេសមួយដែលត្រូវបង្ហាញ បន្ទាប់ពីបាត់បង់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក។ ជាមួយគ្នា Pongsiri បានប្តេជ្ញាបង្កគ្រោះមហន្តរាយដល់ Ramazanov ឲ្យបានជោគជ័យដើម្បីឡើងទៅតារាងចំណាត់ថ្នាក់លេខ៥ក្នុងប្រភេទទម្ងន់ bantamweight។

ទី៣៖ ខ្លាចាស់ជួបគ្នាលើកទី២ ក្រោយជួបលើកទី១តាំងពី៨ឆ្នាំមុន
អ្នកទាំងពីរគឺជាវីរបុរសនៅស្ថាប័ន ONE Championship បន្ទាប់ពីអ្នកទាំងពីរបានបោះជំហានចូលឆាកប្រដាល់អន្តរជាតិជិតមួយទសវត្សរ៍ហើយគឺអ្នកលេងជំនាញជីជីតស៊ូប្រេស៊ីល Alex Silva ប៉ះអ្នកជំនាញវូស៊ូហ្វីលីពីន Rane Catalan។

អ្នកទាំងពីរធ្លាប់ជួបគ្នាលើកទី១ក្នុងខែមេសា ឆ្នាំ២០១៣ហើយអាចនិយាយបានថា ថ្មីដូចគ្នាក្នុងជំនាញវ៉ៃឈរ និងគុនចម្រុះ ហើយដំណើរការប្រកួតលើសង្វៀនពេលនេះមិនបានយូរទេ។ ការប្រកួតមិនប៉ុន្មានវិនាទីនៅដើមទឹកទី១ Silva ប្រើក្បាច់ឃ្លេឲ្យជើងខ្លាំងហ្វីលីពីនចុះចាញ់ ហើយបន្ទាប់ពីកីឡាករប្រេស៊ីលនេះឈ្នះខ្សែក្រវាត់ពិភពលោក ONE Strawweight។

ឥឡូវនេះ កីឡាករប្រេស៊ីលអាយុ៣៨ឆ្នាំ ខណៈកីឡាករហ្វីលីពីនអាយុ៤២ឆ្នាំ ដូច្នេះក្នុងរយៈពេល៨ឆ្នាំកន្លងទៅនេះ អ្នកទាំងពីរអភិវឌ្ឍខ្លួនបានច្រើនណាស់។ ម្នាក់ប្តេជ្ញាសងសឹក ហើយម្នាក់ទៀតប្តេជ្ញារក្សាកំណត់ត្រា តើលទ្ធផលទៅជាយ៉ាងណា?

ទី៤៖ អ្នកលេងមួយថៃ Panpayak និង Rodlek រកឱកាសវ៉ៃខ្សែក្រវាត់ដូចគ្នា
ជើងខ្លាំងមួយថៃទាំងពីរស្វែងរកឱកាសជ័យជម្នះដូចគ្នាក្នុងព្រឹត្តិការណ៍ ONE: NEXTGEN III នេះដែលម្នាក់ៗសុទ្ធតែសម្លឹងឃើញប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកដូចគ្នានៅពេល Panpayak Jitmuangnon ត្រូវបានជំនួសមិត្តរួមជាតិ Rodtang ដែលបានដកខ្លួនដោយសារឆ្លងកូវីដ-១៩ជាមួយជើងខ្លាំងអេស្ប៉ាញ Daniel Puertas។

Panpayak បានឈ្នះការប្រកួតឃីកបុកសីងលើកដំបូងនៅពេលរូបគេប្រកួតជាមួយ Masahide Kudo កាលពីឆ្នាំ២០១៩។ លើកនេះជាឱកាសដែលរូបគេត្រូវស្វែងរកជ័យជម្នះជាលើកទី២ដែលជាជើងឯកឃីកបុកសីងពិភពលោក ISKA។

ទន្ទឹមជាមួយគ្នា Rodlek ក៏បោះជំហានចូលប្រកួតឃីកបុកសីងជាលើកដំបូងដែរនៅពេលរូបគេត្រូវជួបកីឡាករប្រេស៊ីល Felipe Lobo។ ប្រសិនបើរូបគេទទួលបានលទ្ធផលល្អប្រសើ រូបគេអាចនឹងមានឱកាសទៅប្រកួតដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកឆាប់ៗ៕

Telegram-Troryorng
Share.