លោក មាស សំអឿន គ្រូ​បង្វឹក​​ក្រុម​អគ្គីសនីកម្ពុជា បាន​ប្រកាស​ចែក​​ផ្លូវ​ជាមួយ​ក្រុម​​នៅ​តំបន់​ទួល​សង្កែ ដែល​ជា​សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា មួយ​នេះ​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ពោល​គឺ​អស់​បេសកកម្ម​ទាំង​ក្នុង​រដូវកាល​ឆ្នាំ​២០២១ នេះ។

អតីត​គ្រូ​បង្វឹក​ក្រុម​បៀលប្រាយយូណាយធីត វេស្ទើនភ្នំពេញ រូប​នេះ​បាន​បញ្ជាក់​ថា៖«ពេល​នេះ​ខ្ញុំ​បាទ​ មាស សំអឿន បាន​បញ្ចប់​កុងត្រា​ជាមួយ​ក្រុម​អគ្គីសនីកម្ពុជា ហើយ។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ថ្នាក់​ដឹកនាំ​ក៏​ដូចជា​កីឡាករ​និង​គ្រូ​រួម​ក្រុម​ទាំង​អស់ សូម​ជួប​តែ​ពុទ្ធពរ​ទាំង​៤​ប្រកាស​និង​ជៀសឆ្ងាយ​ពី​ជំងឺ​កូវីដ-១៩​គ្រប់ៗគ្នា។ ជា​ចុងក្រោយ​ខ្ញុំ​សូម​ជូនពរ​ឱ្យ​ក្រុម​អគ្គីសនីកម្ពុជា នឹង​មាន​ការ​រីកចម្រើន​ទៅ​អនាគត»។

ក្រុម​អគ្គីសនីកម្ពុជា ជា​ក្រុម​តែ​មួយ​គត់​ដែល​ប្រើប្រាស់​កីឡាករ​ក្នុង​ស្រុក​សុទ្ធ ហើយ​ក្រុម​នេះ​បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ១១ ក្នុង​ចំណោម​សមាជិក​ទាំង​១៣​ក្រុម ក្នុង​លីគ​កំពូល​កម្ពុជា​រដូវកាល​ឆ្នាំ​២០២១ ក្រោយ​ប្រកួត​បាន​១៦លើក ឈ្នះ​បាន​៣លើក ស្មើ​៤លើក និង​ចាញ់​៩លើក មាន​១៣​ពិន្ទុ។ ចំណែក​ឯ​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​​៨ក្រុម​ចុងក្រោយ ដោយ​ថ្វី​ជើង​ភ្នំពេញក្រោន លទ្ធផល ១-០៕

Telegram-Troryorng
Share.