រឿងអាស្រូវ​ដែលនាំឱ្យ​បាត់បង់​កិត្តិយស​របស់​តារា​ស្រី ខ្ញុង ត្រូវបាន​មហាជន​មួយចំនួនគេ​វាយតម្លៃថា ជាការ​បង្កើត​ហេតុការណ៍ ឬ​ព្រឹត្តិការណ៍​ទាក់ទាញ​ចំណាប់អារម្មណ៍ ក្នុង​គោលដៅ​បំពេញ​យុ​ទ្ធា​សាស្ត្រ​ទីផ្សារ​បែប​សម័យ​បច្ចេកវិទ្យា​ទំនើប។ តែ​សម្រាប់​តារា​កំប្លែង អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង គឺ​បាន​សង្កត់ធ្ងន់ថា ជីវិត​អ្នកនាង​គឺ​ប្រទះ​ព្យុះភ្លៀង​មួយ​មេ​ធំ​ពិតមែន ដែល​ធ្វើឱ្យ​អ្នក​នាង​គ្រោះថ្នាក់​ក្នុងដំណាក់កាល​ចុងក្រោយ ទើប​ហ៊ាន​ប្រថុយ​ជីវិត ប្រកាស​ក្ស័យ​ធុន និង​ប្រឈមមុខ​ដើរចូល​គុក​ចោល​ប្ដី​និង​កូន។

តើ​ក្រោយពេល​ជួប​ហេតុការណ៍​ក្នុង​ជីវិត​បែបនេះហើយ អ្នកនាង ខ្ញុង រៀន​បាន​បទពិសោធន៍​អ្វីខ្លះ​ពី​រឿង​លំបាក​មួយ​នេះ?

ឆ្លើយ​ប្រាប់​សារព័ត៌មាន​ត្រយង​ទាំង​ចេញពី​ចិត្ត​ពិត អ្នកនាង ខ្ញុង បាន​រៀបរាប់ថា « ខ្ញុំ​ពិតជា​អរគុណ​ចំពោះ​សំណួរ​មួយ​នេះ​ណាស់ ហើយក៏​ខ្ញុំ​ក៏​ចង់​ឆ្លើយ​ប្រាប់ថា ក្រោយពី​ជួប​រឿងរ៉ាវ​នេះហើយ ខ្ញុំ​ពិតជា​អរគុណ​ចំពោះ​ស្វាមី​ខ្ញុំ ដែល​គាត់​ពុំដែល​មានចិត្ត​បោះបង់​ខ្ញុំ និង​នៅក្បែរ​ខ្ញុំ​លើកទឹកចិត្ត​ដល់​រូបខ្ញុំ​បន្ថែមទៀត។ ហើយ​ខ្ញុំ​ក៏​អរគុណ​អ្នកសិល្បៈ​មួយចំនួន ដែល​បានធ្វើឱ្យ​ខ្ញុំ​ស្គា​ល់ពី​វប្បធម៌​ក្ដិចត្រួយ»។

អ្នកនាង​ខ្ញុង បន្ដ​ប្រាប់ទៀតថា « មាន​អ្នកសិល្បៈ​មួយចំនួន​បែរជា​មិន​លើកទឹកចិត្ត បែរជា​ជាន់ពន្លិច​ខ្ញុំ​ថែមទៀត ព្រោះ​តាម​ធម្មតា​ចង្កៀង​ផ្ទះ​អ្នកណា គឺ​ភ្លឺ​ផ្ទះ​អ្នក​ហ្នុ​ង​ហើយ។ អ្នកសិល្បៈ​មួយចំនួន​គឺ​គាត់​មិនអាច​ដឹង​រឿង​ក្នុងផ្ទះ ឬ​គ្រួសារ​ខ្ញុំ​អស់​ទេ។ ខ្ញុំ​មិនបាន​ប្រកាន់​ខឹង ឬ​ស្អប់​គាត់​ទេ តែ​ខ្ញុំ​អរគុណ​ដែល​គាត់​ធ្វើឱ្យ​ខ្ញុំ​ពី​វប្បធម៌​ក្ដិចត្រួយ​នេះ ហើយ​មួយទៀត ធ្វើឱ្យ​ខ្ញុំ​រៀន​បាន​ថា អ្នកណា​ជាមួយ​ល្អ​ពិតប្រាកដសម្រាប់ខ្ញុំ»។

អ្នកនាង ខ្ញុង បាន​សង្កត់ធ្ងន់​ទៀតថា អ្នកនាង​អរគុណ​ចំពោះ​មហាជន​អ្នកគាំទ្រ​របស់​អ្នកនាង ដែលមាន​សន្ដាន​ចិត្តល្អ ​ស្រណោះ​ប្រណី​អាណិត​ចំពោះ​អ្នកនាង ដែល​បាន​បាញ់​លុយ​ឱ្យ​អ្នកនាង ក៏ប៉ុន្ដែ​រហូតមកទល់​ពេលនេះ អ្នកនាង​នៅ​មិនទាន់បាន​ប្រើប្រាស់​លុយ​នោះ​នៅឡើយ​ទេ។

សូម​ជម្រាប​បន្ថែមថា រហូតមកទល់​ថ្ងៃនេះ គេ​បានឃើញ​អាជីព​ច្រៀង​ការ​របស់​អ្នកនាង ខ្ញុង និង​ស្វាមី កៃ​ដ បាន​កក្រើក​បាន​មួយរោងបណ្ដើរៗហើយ។ ទោះជា​យ៉ាងណា គេ​មើលថា អ្នកគាំទ្រ​អ្នកនាង នៅតែ​បន្ដ​អញ្ជើញ​អ្នកនាង​ឱ្យទៅ​ច្រៀង​ការ​ដោយ​មិន​ប្រកាន់​រឿងអាស្រូវ៕

Share.