ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ ឆ្លៀតទំនេរពីការងារ តរាយខ្សែភ្លើងចុះទៅឆក់ត្រី ក្នុងវាលស្រែ ភ្លាត់ស្នៀត បែជាឆក់ខ្លួនឯងស្លាប់ទៅវិញ ក៏បង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវាលស្រែ ខាងក្រោយរោងរបស់ជនរងគ្រោះស្នាក់នៅ ក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉េង និញ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ បាន២ខែមកហើយ ជាបុរសពោះម៉ាយមាន កូនប្រុស១នាក់ មានស្រុកកំណើត ភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។

តាមប្រភពពីក្រុមកម្មកររួមការងារបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានសម្រាកពីការងារ មិនទាន់ហូបបាយទេ ឆ្លៀតតរាយខ្សែភ្លើង ទៅឆក់ត្រីក្នុងវាលស្រែខាងក្រោយរោង ដើម្បីធ្វើម្ហូប មិនទាន់ទាំងបានត្រីមួយផង ក៏ភ្លាត់ស្នៀត បែជាឆ្លងឆក់ខ្លួនឯងស្លាប់ទៅវិញ រួចបង្កឲ្យភ្ញាក់ផ្អើលដល់កម្មករក្បែរនោះនាំគ្នាផ្តាច់ខ្សែភ្លើងចេញ រត់ចុះទៅជួយស្រង់ជនរងគ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ ឃើញថាជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តភ្លើងដោយខ្លួនឯង រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

Share.