ក្រោយតស៊ូអត់ធ្មត់ជំនះនឹងជំងឺមហារីកអស់រយៈពេល៩ឆ្នាំ អតីតតារាចម្រៀងហុងកុង Sarena Li បានស្លា.ប់ហើយកាលពីថ្ងៃទី ៤ ខែឧសភា ក្នុងវ័យត្រឹម ៣១ឆ្នាំប៉ុណ្ណោះ។ ដំណឹងនេះត្រូវបានប្រកាសលើផេក Facebook របស់ស្រីរូបនេះតាមរយៈមិត្តភក្ដិរបស់នាងគឺតារាសម្ដែង Steven Ma។

«ធ្វើតាមបំណងប្រាថ្នាចុងក្រោយរបស់ Sarena Li ខ្ញុំ Steven Ma ជំនួសមុខឱ្យក្រុមគ្រួសាររបស់នាងសូមប្រកាសថាពេលនេះ Sarena បានទទួលអនិច្ចកម្មហើយកាលពីថ្ងៃនាវេលាម៉ោង៥និង១០នាទីល្ងាច។ ពួកយើងសូមអរគុណចំពោះការយកចិត្តទុកដាក់ ការគាំទ្រនិងការស្រលាញ់ដែលអ្នកទាំងអស់គ្នាមានសម្រាប់ Serena រហូតមក»។
តារាចម្រៀងជើងចាស់ Vivian Chow គឺជាតារាមួយក្នុងចំណោមតារាមួយចំនួនតូចដែលបានសរសេរសារនៅខាងក្រោមសំណេររបស់ Steven Ma ។ «Sarena សំរាកឱ្យស្រួលក្នុងដៃរបស់ព្រះជាម្ចាស់ចុះ»។
នៅឆ្នាំ២០២០ Serena បានប្រឡូកក្នុងសិល្បៈក្នុងនាមជាក្រុមតារាចម្រៀងប៉ុបដែលមានសមាជិក៣នាក់ ប៉ុន្តែអាជីពរបស់នាងត្រូវបានជាប់គាំងក្រោយពេលនាងធ្លាក់ខ្លួនឈឺជំងឺមហារីកនៅក្រោយពីឆ្នាំដែលនាងប្រឡូកចូលសិល្បៈក្នុងអាយុត្រឹមតែ២២ឆ្នាំប៉ុណ្ណោះ។
កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ នាងធ្លាប់បានសរសេរសំណេរផុសលើហ្វេសប៊ុករបស់ខ្លួនថានាងទ្រាំនឹងការឈឺចាប់ដែលនាងពិបាកនឹងពិពណ៌នាដោយនាងបាននិយាយថា៖ «៨ឆ្នាំហើយ ខ្ញុំហត់ទាំងកាយនិងចិត្ត។ តើខ្ញុំអាចទ្រាំទ្របានយូរប៉ុណ្ណាទៀត?»

អាការ៖របស់នាងកាន់តែអាក្រក់ចាប់តាំងបីថ្ងៃទី៦ ខែមេសា កន្លងមក នេះបើយោងតាមការបង្ហោះលើ IG របស់នាងផ្ទាល់៖ «ឈឺណាស់… ខ្ញុំត្រូវគេងនៅលើគ្រែដើម្បីឱ្យរាងកាយបានសំរាក។ ខ្ញុំមិនដឹងថាខ្ញុំអាចទ្រាំបានយូរប៉ុណ្ណាទេ។ នៅពេលដែលខ្ញុំនៅមានសល់កម្លាំងខ្លះ ខ្ញុំពិតជាចង់អរគុណចំពោះអ្នកគ្រប់គ្នាម្ដងទៀតដែលតែងតែលើកទឹកចិត្តខ្ញុំនិងគាំទ្រខ្ញុំឱ្យឆ្លងមកដល់ដំណាក់កាលនេះ»។ «ខ្ញុំមិនមានអ្វីត្រូវស្ដាយទេ ព្រោះខ្ញុំបានសម្រេចកិច្ចការជាច្រើនដែលខ្ញុំចង់ធ្វើ។ មែនហើយជីវិតខ្ញុំអាចនឹងលំបាក ប៉ុន្តែខ្ញុំក៏បានស្គាល់ពីអត្ថន័យនៃជីវិត តើជីវិតមានតម្លៃនិងប្រពៃប៉ុណ្ណោះ។ ខ្ញុំពិតជាអរគុណណាស់។ សូមឱ្យអ្នកទាំងអស់គ្នារីករាយជារៀងរហូត។»

រំលឹកឡើងវិញកាលពីខែសីហាឆ្នាំមុន សារព័ត៌មាន AsiaOne ធ្លាប់បានផ្សាយដែរថាអាការៈធ្វើទុក្ខនៃជំងឺមហារីកបានធ្វើឱ្យមុខនាងឡើងវៀច ហើយមិនអាចកំរើកត្របកភ្នែកបានធ្វើឱ្យបាត់ភ្នែកស្ដាំម្ខាងលែងអាចមើលអ្វីឃើញ។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ នាងបានសរសេរលើហ្វេសប៊ុកម្ដងទៀតថាពេលនេះអារម្មណ៍របស់នាងច្របូកច្របល់ ព្រោះអាការៈជំងឺនាងកាន់តែធ្ងន់ធ្ងរនាងត្រូវចូលទៅសំរាកក្នុងមន្ទីរពេទ្យ។
«ខ្ញុំជឿថាឋានសួគ៌មានផែនការរួចស្រេចសម្រាប់ឱ្យខ្ញុំហើយ»។ នេះជាពាក្យចុងក្រោយដែល Sarena Li សរសេរបង្ហោះលើបណ្ដាញសង្គម។