ខ្សែបម្រើស្លាប ឡុង ម៉េងហាវ គឺជាកីឡាករទី៦ ដែលចាកចេញពីក្លិបអង្គរថាយហ្គឺរ បន្ទាប់ពីកីឡាករ Ata Inia, Kosuke Uchida, ឈង់ ប៊ុនណាត, ឡុង ភារ៉ាត់ និង Maksim Taleyko។

គួរបញ្ជាក់ឲ្យដឹងថា ឡុង ម៉េងហាវ គឺជាអតីតយុវជនរបស់សាលាបាល់ទាត់ជាតិបាទី ពោលគឺតាំងពីឆ្នាំ២០១៣ រហូតដល់ដំណាច់ឆ្នាំ២០១៨ មុនផ្ទេរមកក្លិបវិសាខា នៅឆ្នាំ២០១៩ បន្ទាប់មកឆ្នាំ២០២០ ម៉េងហាវ បានផ្ទេរទៅក្លិបអគ្គិសនីកម្ពុជា មុនផ្ទេរមកក្លិបអង្គរថាយហ្គឺរនៅដើមរដូវកាលឆ្នាំ២០២១ ស៊ុតបញ្ចូលទី៥ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីគ្រាប់។

លោក Yusuke Shinoda

អ្នកគ្រប់គ្រងទូទៅរបស់អង្គរថាយហ្គឺរ លោក Yusuke Shinoda និយាយអំពីការចាកចេញជាច្រើនរបស់កីឡាករ៖ «រៀងរាល់ចុងបញ្ចប់នៃរដូវកាល គឺមិនដែលងាយស្រួលសម្រាប់យើង និងអ្នកគាំទ្រឡើយដែលមានកីឡាករជាច្រើនចាកចេញ។

មូលហេតុនោះគឺ វាជាការសម្រេចចិត្តរបស់យើង និងជាការសម្រេចចិត្តរបស់កីឡាករខ្លួនឯងផ្ទាល់ដែលពួកគេចង់ទទួលបានការប្រកួតប្រជែងថ្មីជាមួយ នឹងកម្រិតដ៏ខ្លាំងមួយទៀត ទោះបីជាយើងចង់ រក្សាទុកពួកគេដើម្បីប្រកួតប្រជែងសម្រាប់រដូវកាលក្រោយក៏ដោយ។វាជាពេលវេលាដ៏ល្អដែលកីឡាកររបស់យើងក្ដោបយកឱកាសល្អៗដទៃទៀត។ តែទោះជាយ៉ាងណាក៏ដោយ ចក្ខុវិស័យ និងគោលដៅរបស់ក្លិប គឺក្លាយជាជើងឯក ដែលវាគឺមិនប្រែប្រួលនោះទេ។

ទោះបីជាកីឡាករល្អៗរបស់យើងចាកចេញទៅក៏ដោយ យើងនៅតែផ្ដោតលើការងាររបស់ពួកយើង ការចុះហត្ថលេខាយកកីឡាករល្អៗថ្មីៗ និងចង់ផ្ដល់ឱកាសដល់កីឡាករវ័យក្មេងដែលមានទេពកោសល្យរបស់យើងផងដែរ។តាមដែលខ្ញុំចាំ បន្ទាប់ពីរដូវកាល ២០២០ បានបញ្ចប់ គ្រប់គ្នាបានភ្ញាក់ផ្អើល និងមិនរំពឹងពីការរីកចម្រើនរបស់យើងក្នុងរដូវកាល ២០២១។ទោះជាយ៉ាងនេះក្ដី រដូវកាល ២០២១ គឺជារដូវកាលដ៏ល្អបំផុតរបស់យើងចាប់តាំងពីឆ្នាំ ២០១៥ ដល់ ២០២១។

ពួកយើង ក្នុងនាមជាក្រុមមួយ នឹងព្យាយាមបង្កើតពេលវេលារីករាយសម្រាប់អ្នករាល់គ្នាក្នុងឆ្នាំ ២០២២។ អរគុណអ្នកទាំងអស់គ្នា។ ពាក្យសម្ដីរបស់អ្នកទាំងអស់គ្នាបានធ្វើឲ្យយើងរឹងម៉ាំ និងតែងធ្វើឲ្យយើងមានកម្លាំងចិត្ត៕»

Telegram-Troryorng
Share.