ស្រីជាម្ចាស់រថយន្តកាមរីបាឡែនមួយគ្រឿង បានចតទុកមុខផ្ទះ រួចចូលដេកលក់បាត់ ត្រូវបានជនសង្ស័យគាស់យកស្លាកលេខបាត់ទាំងមុខ ទាំងក្រោយ ។ លុះពេលភ្ញាក់ពីដំណេក ទើបដឹងថាបាត់ ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ កាលពីវេលា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅមុខផ្ទះលេខ៧៨ ផ្លូវបេតុង ក្រុម១ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

រថយន្តដែលជនសង្ស័យលួចគាស់ស្លាកលេខយកទៅបាត់ ម៉ាកកាមរី បាឡែន ពាក់ស្លាក លេខ ភ្នំពេញ 2AK-0844 មានម្ចាស់ឈ្មោះ ឈួន ស៊ាប ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៧៨ ផ្លូវបេតុង ក្រុម១ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមសម្តីស្ត្រីម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គាត់បានចតរថយន្តទុកមុខផ្ទះ ហើយនាំគ្នាចូលដេកសម្រាក។ លុះរហូតដល់ ព្រឹកឡើង ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ភ្ញាក់ពីដំណេក ស្រាប់តែរថយន្តបាត់ស្លាកលេខអស់ ទើបនាំគ្នា ទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលដើម្បីឲ្យជួយស្រាវជ្រាវ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.