វិស័យទេសចរណ៍​នឹងងើប​ឡើង​វិញបន្ដិចម្ដងៗ ចាប់​ពី​ខែធ្នូ ២០២១​នេះ បន្ទាប់​ពីប្រទេស​កម្ពុជា​បើក​ចំហទទួល​អ្នកទេសចរវ៉ាក់សាំង ហើយ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​មក​កម្សាន្ត​មកប្រទេស​កម្ពុជា។​

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​​សមាគម​ទីភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជា​ បាន​ប្រាប់សារព័ត៌មាន​ត្រយង​ថា ភ្ញៀវទេសចរ​អន្ដរជាតិ​​ ជាពិសេស​ភ្ញៀវ​ទេសចរ​មកពីបណ្ដាប្រទេសជិត​ខាង​ និង​អឺរ៉ុប​ក៏ចាប់​ផ្ដើម​ធ្វើ​ដំណើរ​មក​ប្រទេសកម្ពុជាបណ្ដើរ ប៉ុន្ដែ​នៅមិនទាន់​ច្រើននៅឡើយ តែចាត់ទុកថា ខែធ្នូ​គឺជាខែក្ដីសង្ឃឹម​នៃ​ការងើប​ឡើង​វិញ​នៃវិស័យទេសចរណ៍ នៅកម្ពុជា។

ការដាក់ក្ដីសង្ឃឹម​នៃការងើប​ឡើង​វិញ​នៃវិស័យទេសចរណ៍​នេះ កើតមានបន្ទាប់​ពី​ភ្នាក់ងារ ក៏ដូចជា​ក្រុម​ទេសចរណ៍​ប្រមាណជា​ ៩០%​បាន​បិទទ្វារ​ នៅអំឡុង​ផ្ទុះកូវីដ១៩ រយៈពេល​២ឆ្នាំ​កន្លងមក​នេះ។ ប៉ុន្ដែ​ឥឡូវនេះ ភ្នាក់ងារ និងក្រុម​ហ៊ុន​ទេសចរណ៍ កំពុង​ត្រៀម​បើកឡើង​វិញ​បណ្ដើរ​ៗ ដើម្បីផ្សព្វផ្សាយ​ស្រូប​យក​ភ្ញៀវទេសចរ។​

លោកស្រី ឆាយ​ ស៊ីវលីន បាន​លើកឡើងទៀតថា ថ្វីបើខែធ្នូ ២០២១ ចាត់ទុកជាខែនៃក្ដីសង្ឃឹមទេសចរ ប៉ុន្ដែ​ចង់ឲ្យ​វិស័យទេសចរណ៍​ងើប​ឡើង​វិញ​ខ្លាំង​ យ៉ាង​ហោច​ត្រូវ​ចំណាយ​ពេល​ប្រមាណជា​ ៦ខែទៀត ព្រោះស្ទើរ​គ្រប់​ផ្នែក​ត្រូវ​រៀ​ប​ចំ​បើក​ដំណើរ​ការក្រុមហ៊ុន និងការដាក់ចេញយុទ្ធសាស្រ្តផ្សព្វផ្សាយ ហើយភ្ញៀវ​ទេសចរ​ក៏ត្រូវ​ត្រួតពិនិត្យអំពីផែនការ ​នៃការ​ធ្វើ​ដំណើរ ប្រកប​ដោយ​សុវត្ថិភាព។​

យ៉ាងណាមិញ លោក​ស្រី ឆាយ ស៊ីវលីន ក៏បាន​ជំរុញ និងលើកទឹកចិត្ត​ដល់​ក្រុម​ហ៊ុន ឬភ្នាក់ងារ​ទេសចរ​ទាំង​អស់​បន្ដ​អត់ធ្មត់ ក៏ដូចជា​គ្រប់ភាគីពាក់ព័ន្ធ​ដែលធ្វើ​ការ​លើ​វិស័យបដិសណ្ឋារកិច្ច​ ត្រូវ​ធ្វើ​ឲ្យ​មានគុណភាព ជាទីសុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ ដើម្បីស្រូប​យក​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា។ «អ្នកទេសចរ​នឹងមកកាន់តំបន់​ទេសចរ​ដែល​មាន​គោលដៅសុវត្ថិភាព​ ហើយពួកគេ​មានភាព​តានតឹង​អស់រយៈពេល​២ឆ្នាំមកនេះដោយសារតែស្ថានភាព​ជំងឺកូវីដ១៩ ដូច្នេះប្រសិនបើ​យើង​ជាគោលដៅទេសចរ​សុវត្ថិភាព​ គេនឹងមកកម្សាន្តច្រើន​មិនខាង»។​

សូមស្ដាប់កិច្ចសម្ភាសន៍ទាំងស្រុង រវាងអ្នកសារព័ត៌មានត្រយង និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើប្រធានបទ «ខែធ្នូគឺជាក្ដីសង្ឃឹម​ការងើប​ឡើងវិញ​ នៃវិស័យទេសចរណ៍» ដូចខាងក្រោមនេះ

ទាក់ទងទៅនឹង​គោលដៅសុវត្ថិភាព​ទេសចរណ៍នោះ ក្រសួងទេសចរណ៍ ធ្លាប់បាន​ដាក់ចេញ​នូវ​វិធាន​ការ​បទដ្ឋានគតិយុត្ត​ ដើម្បី​រក្សា​បាន​នូវស្ថិរភាព​អាជីវកម្ម និងធានបាន​នូវសុវត្ថិភាព​ជូន​ដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។

ការដាក់ចេញវិធាននោះគឺ  «ការធ្វើ​បច្ចុប្បន្ន​ភាព នៃការអនុវត្តវិធានសុវត្ថិភាព​ទេសចរណ៍​ និងនីតិវិធី​ស្ដង់ដាប្រតិបត្តិ​អប្បមរា (ហៅកាត់ថា  SOP) តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ ដែលកំពុងធ្វើសកម្មភាព រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​បើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញចាប់ពីថ្ងៃទី​៣០ ខែវិច្ឆិកា ក្រោម​ទម្រង់​ជា «​ទេសចរណ៍​វ៉ាក់សាំង​» ដោយ​ចាប់ផ្តើម​មុនគេ នៅ​ក្រុងព្រះសីហនុ និង​ក្រុង​កោះរ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ រួមទាំង​នៅ​តារា​សាគរ ក្នុង​ខេត្តកោះកុង​។ តំបន់​ទេសចរណ៍​មាត់សមុទ្រ​ដ៏​ទាក់ទាញ​ទាំង ៣​កន្លែង​នេះ មាន​ជនជាតិ​ចិន​រស់នៅ និង​វិនិយោគ​ច្រើនជាងគេ​។ ដូច្នេះ​នៅពេល​បើកទទួល​អ្នកទេសច​រ​ ដែលចាក់វ៉ាក់សាំងរួច​ នៅ​បំណាច់​ខែវិច្ឆិកា​នេះ​ អាចមានចិន​ធ្វើដំណើរតាមយន្តហោះ ចូល​មកច្រើន៕

Share.