យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់សមុទ្រអាស៊ីបូព៌ា ត្រូវបានចែករំលែកក្នុង វេទិកាថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ នៅព្រឹកថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ២០២១ នាសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាសហប្រធានក្រុមប្រឹក្សា ភាពជាដៃគូសមុទ្រអាស៊ីបូព៌ា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងប្រទេសជាសមាជិកជាច្រើនរូបទៀត តាមរយៈចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom។ 

វេទិកាថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា បាន ប្រព្រឹត្តទៅមុនពិធី បើកជាផ្លូវការនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ដែលនឹងបើក ជាផ្លូវការនៅ រសៀលថ្ងៃដដែល។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ វេទិកាថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រង បរិស្ថានសមុទ្រអាស៊ីបូព៌ា គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ដែលផ្តល់ឱកាសដល់បណ្តាខេត្ត-ក្រុងតំបន់ឆ្នេរទាំងអស់នៅក្នុងតំបន់អាស៊ីបូព៌ា ជាពិសេសបណ្តាខេត្ត-ក្រុង តំបន់ឆ្នេរ ដែលជាសមាជិកថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា បានចូលរួមជារៀងរាល់ឆ្នាំ ចែករំលែកនូវស្មារតី ចំណេះដឹង បទពិសោធន៍ និងសមិទ្ធផលថ្មីៗ ដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់ខេត្ត-ក្រុងនៃតំបន់ឆ្នេរនីមួយៗ សំដៅប្រមូលបាន ធាតុចូលសំខាន់ៗពីប្រទេសជាសមាជិក ក្នុងការថែរក្សា និងអភិវឌ្ឍន៍បរិស្ថានសមុទ្រ និងមហាសមុទ្រឱ្យស្ថិតស្ថេរប្រកបដោយនិរន្តភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយ ចីរភាព បានឱ្យដឹងថា វេទិកាវេទិកាថ្នាក់ក្រោមជាតិនៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រ អាស៊ីបូព៌ា (PNLG) ត្រូវបានរៀបចំឡើងបីឆ្នាំម្តង ដើម្បីកោះប្រជុំភាគីគ្រប់មជ្ឈដ្ឋាន ពីឥស្សរជន ថ្នាក់ខ្ពស់រហូតដល់សហគមន៍មូលដ្ឋាន ដើម្បីតាមដានវឌ្ឍនភាព ធ្វើចែករំលែកមេរៀន បទពិសោធ៍ ដែលបានមកពីការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ សមុទ្រអាស៊ីបូព៌ា (SDS-SEA) ក្នុងតំបន់។

គួររម្លឹកឱ្យដឹងថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ក្រោមប្រធានបទ «បង្កើត ទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃ ទី១ ខែធ្នូនេះ នៅខេត្តព្រះសីហនុ។ មុននឹងពិធីបើកជាផ្លូវការនៃមហាសន្និបាតនេះ ក៏មានកិច្ច ប្រជុំបណ្តាញរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសសមាជិកនៃអង្គការភាពជាដៃគូគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ដែលក្នុងនោះ រដ្ឋបាលខេត្ត ជាប់មាត់សមុទ្រទាំង៤ របស់ កម្ពុជា រួមមាន ខេត្តព្រះសីហនុ ខេត្តកំពត កោះកុង និងកែប៕

Share.