សិស្ស​វិទ្យាល័យ​ម្នាក់​ត្រូវ​តុលការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ១៤​ឆ្នាំ​ក្រោយ​រូប​គេ​ត្រូវ​ចាប់​ខ្លួន​បាន​ថា​លបលួច​មើល​រឿង​កូរ៉េ​ខាង​ត្បូង​​រឿង​ «the Man From Nowhere» រយៈ​ពេល​៥​នាទី​នៃ​សាច់​រឿង​​ប៉ុណ្ណោះ​។

យោងតាម​សារ​ព័ត៌មាន​ Daily NK ដែល​ជា​កាសែត​អនឡាញ​មួយ​របស់​កូរ៉េ​ខាង​ជើង​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា​ សិស្ស​វិទ្យាល័យ​ម្នាក់​ដែល​រស់​នៅ ខេត្ត​ Yanggang-Do ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ដោយ​សារតែ​រូប​គេ​លបលួច​មើល​រឿង​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ខ្លឹម​សារ​ក្នុង​សារ​ព័ត៌មាន​ខាង​លើ​បាន​សរសេរ​ថា​៖ «កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ សិស្ស​វិទ្យាល័យ​ម្នាក់​មាន​អាយុ​១៤​ឆ្នាំ​ រស់​នៅ​​ ក្រុង​ Hyesan ត្រូវ​បាន​តុលការ​កាត់​ទោស​ឱ្យ​ជាប់​ទោស​និង​រងទណ្ឌកម្មពលកម្ម​ធ្ងន់ធ្ងរ​ក្នុង​ពន្ធនាគារ​ចំនួន​១៤​ឆ្នាំ​ ដោយ​សារតែ​គេ​បាន​លួច​មើល​រឿង​កូរ៉េ​ the Man From Nowhere ចំនួន​៥​នាទី​»

កាល​ពី​ឆ្នាំ​មុន​ កូរ៉េ​ខាង​ជើង​បាន​បង្កើត​ច្បាប់​ថ្មី​មួយ​ ដែល​​អ្នក​ប្រព្រឹត្តិខុសអាច​​ជាប់​​ពន្ធនាគារ​ និង​រងទណ្ឌកម្ម​ពលកម្ម​ធ្ងន់ធ្ងរ​រហូត​ដល់​១៥​ឆ្នាំ ឬ​ប្រហារជីវិតប្រសិន​បើ​ចាប់​បាន​ថា​បាន​នាំ​ចូល​ ចែកចាយ វីដេអូ​ និង មាតិកា​ផ្សេងៗ​ពី​ប្រទេស​កូរ៉េខាងត្បូង​។​

ទោះ​បី​ជា​ច្បាប់​នេះ​មិន​បាន​បញ្ជាក់​ថា​បង្កើត​ឡើង​ដើម្បី​ដាក់​ទណ្ឌកម្ម​ចំពោះ​យុវវ័យ​ ប៉ុន្តែ​បណ្ដាញ​សារព័ត៌មាន​បាន​ផ្សាយ​ថា​ អាជ្ញាធរ​កូរ៉េខាង​ជើង​បាន​ព្យាយាម​ផ្ញើ​សារ​ថា​ពួក​គេ​មិន​បន្ធូរបន្ថយ​ទោសទណ្ឌ​ដោយ​សារ​តែ​អ្នក​ប្រព្រឹត្តិខុស​គឺជា​យុវជន​នោះ​ឡើយ​ ប៉ុន្តែ​សិស្ស​សាលាដែល​ធ្វើ​ខុស​ត្រូវ​រង​ពិន័យ​ដូច​ជា​មនុស្ស​ចាស់​ទទួល​ដូច​គ្នា។

សារព័ត៌មាន​ដដែល​បាន​ចង្អុល​បង្ហាញ​ដែរថា​ ការ​ដែល​សិស្ស​សាលា​រង​ទោសទណ្ឌ​ ដោយ​គ្រាន់​តែ​មើល​រឿង​ត្រឹម​៥​នាទី​នោះ​ គឺ​ជា​សញ្ញាណ​មួយ​ដែល​អាជ្ញាធរ​កំពុង​តែ​ព្យាយាម​បង្កើត​បរិយាកាស​បំភ័យ​តាម​រយៈ​ការ​រឹត​បន្តឹង​ច្បាប់​ ក្រោយ​ពេល​ទទួល​ដឹង​ថា​ភាពយន្ត​ភាគ និង​ភាពយន្ត​កូរ៉េ​កំពុង​តែ​ក្លាយ​ជា​ទីពេញ​និយម​ក្នុង​ចំណោម​យុវជន​កូរ៉េខាង​ជើង​។

ច្បាប់​ថ្មី​នេះ​មិន​ត្រឹម​តែ​ដាក់ទោស​ចំពោះ​សិស្ស​សាលា​និង​យុវជន​ដែល​ប្រពឹត្តិ​ខុស​នោះ​ទេ ប៉ុន្តែ​ឪពុក​ម្ដាយ​ក៏​ត្រូវ​ទទួល​ទោស​ដូច​ជា​កូន​ៗ​របស់​គេ​ដែរ​ ព្រោះ​ឪពុក​ម្ដាយ​ខ្វះ​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​អប់​រំ​កូនៗ​របស់​ខ្លួន​ដូច្នេះ​ ឪពុក​ម្ដាយ​នឹង​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​មួយ​សែន​វ៉ុន​ដល់​ពីរ​សែន​វ៉ុន​ (ប្រមាណ​៨៥​ ទៅ​ ១៧០​ ដុល្លារ​អាមេរិក​)

យ៉ាង​ណា​មិញ​ប្រជាជន​កូរ៉េ​ខាង​ជើង​បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​វាសនា​ឪពុក​ម្ដាយ​ដែល​មាន​កូន​ប្រព្រឹត្តិ​ខុស​ថា​អាចនឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​ឬ​បញ្ជូន​ទៅ​ ជំរុំ​គុក​នយោបាយ​ ជាជាង​គ្រាន់​តែ​ផាក​ពិន័យ​ជា​ប្រាក់​តាម​ធម្មតា​។ ក្នុង​ន័យ​នេះ​ឪពុក​ម្ដាយ​អាច​នឹង​ត្រូវ​រង​ទារុណកម្ម​ធ្ងន់​ធ្ងរ​ដែរ​ប្រសិន​បើ​កូន​របស់​ពួក​គេ​ល្មើស​នឹង​ច្បាប់​ធ្ងន់​ធ្ងរ​៕

Telegram-Troryorng
Share.