តារា​សម្ដែង​ជើង​ចាស់​ហុងកុង​លោក Wayne Lai (តួអង្គ​ ជ្រូក ប៉ាចេ) បាន​ឆ្លើយ​តប​ទៅ​ ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ កុំ​ឱ្យ​មាន​ក្ដី​បារម្ភ​ចំពោះ​លោក​ ក្រោយ​ផ្ទុះ​ដំណឹង​ចចាមអារ៉ាម​​ថា​លោក​កំពុង​តែ​តស៊ូ​ក្នុង​ជីវិត​យ៉ាង​លំបាក​ ថែម​ទាំង​ធ្លាក់​ខ្លួន​ទៅ​ លក់​របស់​តាម​ចិញ្ចើម​ថ្នល់​។

កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ ឆ្នាំ​២០២១​ តារា​សម្ដែង​ជើង​ចាស់​វ័យ​ ៥៧​ឆ្នាំ បាន​ផុស​វីដេអូ​នៅ​ លើ​បណ្ដាញ​សង្គម​ Douyin (App ក្នុង​ស្រុក​របស់​ចិន​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ Tiktok) ដោយ​ក្នុង​វីដេអូន​នោះ​គេ​ឃើញ​លោក​កំពុង​តែ​លេង​ហ្គីតា​។ សារព័ត៌មាន​បាន​យក​វីដេអូ​របស់​លោក​ទៅ ផុស​ឡើង​វិញ​ បន្ថែម​ដោយ​សំណេរ​ថា​ខណៈ​នេះ​អតីត​តួ​អង្គ​ជ្រូក​ប៉ាចេ កំពុង​តែ​ធ្លាក់​ខ្លួន​ក្រ​ គ្មាន​ការងារ​ធ្វើ​ ថែម​ទាំង​លក់​របស់​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​ចិញ្ចឹម​ជីវិត​។

ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ ពិសេស​អ្នក​គាំទ្រ​រូប​លោក​បាន​ផ្ដោត​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយ​មាន​មនុស្ស​ជា​ច្រើន​បាន​នាំ​គ្នា​សំរុក​ចូល​ទៅ​​ បញ្ចេញ​មតិ​នៅ​ ខាង​ក្រោម​វីដេអូ​របស់​លោក​ ដើម្បី​សាកសួរ​សុខទុក្ខ​ និង​ចង់​ដឹង​ពី​ស្ថានភាព​រស់​នៅ បច្ចុប្បន្ន​របស់​លោក​។ តារា​រូប​នេះ​បាន​ឆ្លើយ​តប​ទៅ​ កាន់​អ្នក​គាំទ្រ​ជា​ច្រើន​វិញ​ ដោយ​ផ្ដល់​ដំបូន្មាន​ចំពោះ​អ្នក​ទាំង​អស់​នោះ​កុំ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​ លើ​ពាក្យ​ចចាមអារ៉ាម​ច្រើន​ពេក។​ ​ក្នុង​នោះ​មាន​អ្នក​មើល​វីដេអូ​ម្នាក់​​បាន​សួរ​លោក​ថា​៖ «តើ​លោក​ច្រៀង​ផង​និង​លក់​របស់​ផង​ក្នុង​ពេល​តែ​មួយ​មែន​ទេ?​ អ្នក​ទិញ​ច្បាស់​ជា​ទៅ​ តម្រង់​ជួរ​គ្នា​ទិញ​ពេញ​ផ្សារ​នោះ​មិន​ខាន​» ហើយ​លោក​បាន​ឆ្លើយតប​វិញ​ថា​ «ប្រហែល​ជា​អត់​ទេ​»

យោង​តាម​សារព័ត៌មាន​ស៊ីន​ចូវ​ តារា​សម្ដែង​រូប​នេះ​បច្ចុប្បន្ន​កំពុង​តែ​នៅ​ ក្នុង​ប្រទេស​ចិន​ដី​គោក​ ពេល​នោះ​លោក​បាន​ឆ្លង​កាត់​ផ្សារ​រាត្រី​ រួច​លោក​បាន​ស្នើសុំ​អ្នក​លក់​ឱ្យ​លោក​ខ្ចី​ហ្គីតា​មក​ដេញ​លេង​កម្សាន្ត​។ តួ​អង្គ​ជ្រូក​ ប៉ាចេ គឺជា​តារា​ជើង​ចាស់​ដែល​ធ្លាប់​មាន​ស្នាដៃ​សម្ដែង​រឿង​ជា​ច្រើន​ឆ្នាំ​ដូច្នេះ​លោក​ច្បាស់​ជា​មាន​អចល​នទ្រព្យ​មាន​តម្លៃ​ជា​ច្រើន​ ជាង​នោះ​ទៀត​លោក​គឺជា​មនុស្ស​ដែល​ឈ្លក់​វង្វេង​នឹង​រថយន្ត​ លោក​មាន​រថយន្ត​ Supercars យ៉ាង​ហោច​ណាស់​ចំនួន​៤​ ចំណែក​កូន​ប្រុស​របស់​លោក​បច្ចុប្បន្ន​កំពុង​សិក្សា​នៅ សហរដ្ឋអាមេរិក​ ហើយ​តាម​ដឹង​កូន​ប្រុស​របស់​លោក​ក៏​ជា​មនុស្ស​ឈ្លក់វង្វេង​និង​ចូល​ចិត្ត​លេង​រថយន្ត​ដូច​ជា​ឪពុក​របស់​ខ្លួន​។

លោក Wayne Lai ហៅ​ ជ្រូក​ប៉ាចេ ចាប់​ផ្ដើម​អាជីព​ជា​តារា​សម្ដែង​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៨៦​ ហើយ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ «TVB Best Actor award» ចំនួន​៣ដង​។ រឿង​ដែល​ធ្វើ​ឱ្យ​លោក​មាន​ឈ្មោះ​បោះ​សំឡេង​និង​ល្បីល្បាញ​ខ្លាំង​មាន​ដូច​ជា​ «Journey to the west» ដែល​លោក​សម្ដែង​ជា​តួអង្គ​ជ្រូក​ប៉ាជេ ខណៈ​ដែល​បច្ចុប្បន្ន​លោក​បាន​សម្ដែង​រឿង​ភាគ​ឱ្យ​ TVB រឿង ​«The Ringmaster» ជា​តួ​អង្គ​ឯក៕

Telegram-Troryorng
Share.