ជនសង្ស័យ២នាក់បងប្អូន ក្រោយពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូបានហើយ យកទៅសំងំ ដោះគ្រឿងលក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ ប្រទះជួបចាប់ក្របួចជាប់ កាលពី វេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីរ៉ុងរឿង ភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់បងប្អូន ទី១ ឈ្មោះ ទូច ចាន់សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាអ្នកចាំបើកទ្វារ ។ ទី២ ឈ្មោះ ទូច ចាន់រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកធ្វើសកម្មភាពកាច់សោក ។ ជនសង្ស័យទាំង២នាក់ រស់នៅបុរី រងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកម៉ូតូដែលជនសង្ស័យលួចយក ម៉ាកហុងដាឌ្រីម ស៊េរី២០២០ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1T-0212 មានម្ចាស់ឈ្មោះ ទៀង រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាបុគ្គលិកផ្នែក គណនេយ្យ ផ្សារទំនើប ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពិធិសែនជ័យ មានស្រុកកំណើត ភូមិព្រៃឃ្នេស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។

នគរបាលបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ មានករណី ជនសង្ស័យធ្វើ សកម្មភាពលួចកាច់សោកម៉ូតូ នៅចំណុចផ្សារទួលពង្រ បានសម្រេចហើយគេចខ្លួនបាត់ ។ ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ ក្រោមបញ្ជាពី លោក វរសេនីយ៍ឯក មន វុធី អធិការខណ្ឌពោធិសែនជ័យ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ត្រី សាយ ចំរើន នាយប៉ុស្តិ៍ចោមចៅ១ ធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ ត្រូវបានជនសង្ស័យដោះដូរគ្រឿង ទើបចាប់ខ្លួនបានទាំង២នាក់បងប្អូន ដកហូតបានម៉ូតូមកវិញ តែជនសង្ស័យដោះគ្រឿងប្តូរអស់ មួយចំនួនទៅហើយ ។

តាមចម្លើយសារភាព ជនសង្ស័យបានឲ្យដឹងថា ជនសង្ស័យឈ្មោះទូច ចាន់រតនៈ ជាអ្នក ធ្វើសកម្មភាពលួចកាច់សោកម៉ូតូ បានហើយ ជិះយកទៅផ្ទះ តែមិនហ៊ានលក់ទាំងមូលទេ បែកគំនិត នាំគ្នាដោះគ្រឿងយកទៅលក់វិញ មកដល់រសៀលថ្ងៃនេះ កំពុងតៃដោះ បំបែក គ្រឿង ត្រូវបានកម្លាំងនគរបាលទៅទាន់ ចាប់ខ្លួនតែម្តង ។

ជនសង្ស័យទាំង២នាក់បន្ទាប់ពីចាប់ខ្លួនបាន នាំយកទៅប៉ុស្តិ៍រួមជាមួយវត្ថុតាង ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកម៉ូតូត្រូវបាននគរបាលសុំគោលការណ៍ ប្រគល់ជូនជនរងគ្រោះយកទៅ ប្រើប្រាស់វិញហើយ ៕

Share.