ក្លិប​ម្ចាស់​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ២សម័យ​កាល វិសាខា បាន​ប្រកាសតែងតាំងលោក Lee Tae Hoon គឺជាគ្រូបង្គោលថ្មី ដើម្បីត្រៀមការប្រកួតលីគកំពូលកម្ពុជា នារដូវកាល ២០២២ ខាងមុននេះ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​នៅ​លើ App ផ្លូវការ​របស់​ក្លិប​​វិសាខា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។

គួរបញ្ជាក់លោក Lee Tae Hoon ត្រូវបានក្លិបកងយោធពលខេមរភូមិន្ទ (ទ័ព) ប្រកាសតែងតាំងជាគ្រូបង្គោលនៅ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ជាមួយកិច្ចសន្យារយៈពេល២ឆ្នាំ ខណ:គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះទើបតែដឹកនាំក្រុមបានត្រឹមតែ៥ខែកន្លះប៉ុណ្ណោះ ក៏ត្រូវបានក្លិបសម្រេចសម្រេចបញ្ចប់កិច្ចសន្យាមុនពេលកំណត់ បន្ទាប់ពីដឹកនាំក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៧ នៅ ក្នុងលីគកំពូល និងធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយក្នុងពានសម្តេចតេជោ។

មុនពេលត្រឡប់​មក​កម្ពុជា វិញ​ លោក Lee Tae Hoon បានដឹកនាំក្លិប HOANG ANH Gia Lai FC នៅ ក្របខ័ណ្ឌលីគទី១ របស់ប្រទេសវៀតណាម ចំនួន១រដូវកាល ២០១៩-២០២០ ក្នុងតួនាទីជានាយកបច្ចេកទេស។ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០១០-២០១២។ ក្រោយមកគ្រូបង្វឹករូបនេះ ត្រូវបានតែងតាំងដឹកនាំជម្រើសជាតិកម្ពុជា ម្ដងទៀតនៅឆ្នាំ២០១៣ ដល់២០១៦ មុននឹងមកដឹកនាំជម្រើសជាតិអាយុក្រោម១៥ឆ្នាំ ពីឆ្នាំ២០១៦ ដល់២០១៨៕

Telegram-Troryorng
Share.