បាត់ដំបង៖ ទាហានថៃប្រគល់ពលរដ្ឋខ្មែរចំនួន ៣០នាក់មកឲ្យសមត្ថកិច្ចកម្ពុជា ក្រោយនាំគ្នាធ្វើសកម្មភាពឆ្លងដែនបំពានច្បាប់ចូលក្នុងទឹកដីថៃ។

នគរបាលការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កិច្ចសហការណ៍ទប់ស្កាត់ករណីប៉ុនប៉ងលួចឆ្លងដែននេះ ធ្វើឡើងនៅ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុចភូមិសាស្ត្រភូមិពោធិ៍​ជ្រៃ ឃុំសិរីមាជ័យ ស្រុកសំពៅ លូន ខេត្តបាត់ដំបង។

ប្រតិបត្តិការខាងលើកម្លាំងគោលដៅ តំបន់ព្រំដែន បានទទួលប្រជាពលរដ្ឋជាពលករខ្មែរពីភាគីថៃ សរុបចំនួន ៣០នាក់ ក្នុងនោះបុរសចំនួន ១៤នាក់ ស្ត្រីចំនួន ០៩នាក់ និងក្មេង ៧នាក់ផងដែរ។

ប្រភពដដែលបន្តថា ក្រោយទទួលពលរដ្ឋទាំងអស់ ក្រុមគ្រូពេទ្យបានពិនិត្យសុខភាពរបស់ពួកគាត់ រកឃេីញអ្នកវិជ្ជមានកូវីដ-១៩ ស្រី្តម្នាក់ បានបញ្ជូនទៅ ព្យាបាលនៅ មណ្ឌលចត្តាឡីស័ក ស្រុកសំពៅ លូន។ សម្រាប់ពលរដ្ឋដែលអត់មានប័ណ្ណចាក់វ៉ាក់សាំងចំនួន ០៣នាក់ បាននាំខ្លួនទៅធ្វេីចត្តាឡីស័ក រីឯអ្នកមានប័ណ្ណចាក់វ៉ាក់សាំងរួចក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យវិលត្រឡប់ទៅ កាន់មូលដ្ឋានរៀងៗខ្លួនវិញ៕

អត្ថបទ៖ដំបងក្រញូង

Share.