គណៈរដ្ឋមន្ត្រីបម្រុងត្រូវបានរៀបចំរួចរាល់ហើយដែលក្នុងនោះភាគច្រើនជាអ្នកជំនាន់ក្រោយ មានវ័យក្រោម៦០ឆ្នាំនិងមានសញ្ញាបត្រ បណ្ឌិតរហូតដល់ជិតពាក់កណ្តាល។

នេះបើតាមការបញ្ជាក់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី៩ខែ ធ្នូឆ្នាំ២០២១នេះ។

បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីបម្រុងត្រូវបានរៀបចំរួចរាល់ ហើយក្នុងកិច្ចប្រជុំពិសេសមួយរវាងសម្តេចជាមួយនឹងឥស្សរជនមួយចំនួនទៀតក្នុងជួរថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាអនុប្រធានគណបក្ស សម្តេចក្រឡាហោម ស ខេង និងរដ្ឋមន្ត្រីក្រសួងការពារជាតិសម្តេចសេនាពិជ័យ ទៀ បាញ់ផងដែរ។

យ៉ាងណាក៏ដោយសម្តេចមិនបានបង្ហើបថា តើនៅក្នុងចំណោមបេក្ខភាពបម្រុងទាំងអស់នោះជានរណាខ្លះនោះឡើយ ដោយត្រូវរង់ចាំរហូត ដល់មានកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សនៅថ្ងៃទី២៤ខែធ្នូខាងមុខ៕

Share.