​​កីឡាករ​​កូរ៉េ​ខាង​ត្បូង Ok Rae Yoon

បន្ទាប់​ពី​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​បាន​ពី​ជើង​ខ្លាំង Martin Nguyen អ្នក​លេង​គុន​ចម្រុះ​អាមេរិកកាត់​វៀតណាម កីឡាករ Thanh  Le សម្លឹង​ឃើញ​​កីឡាករ​​កូរ៉េ​ខាង​ត្បូង Ok Rae Yoon ​ជា​ដៃ​គូ​ដ៏​មាន​សក្តានុពល​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២០ ជើង​ខ្លាំង​អាមេរិក Thanh Le បាន​ផ្តួល​អ្នក​លេង​គុន​ចម្រុះ​អូស្ត្រាលី-វៀតណាម Martin Nguyen ក្នុង​ទឹក​ទី​​៣​តាម​រយៈ​កណ្តាប់​ដៃ​ពិឃាត​របស់​ខ្លួន​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Featherweight។

ចាប់​តាំង​ពី​ពេល​នោះ​មក រូប​គេ​មិន​ទាន់​បាន​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ឡើយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​សារ​វិបត្តិ​កូវីដ-១៩។ ទោះ​ជា​យ៉ាង​ណា រូប​គេ​សម្លឹង​​ឃើញ​ដៃ​គូ​ដែល​អាច​ក្លាយ​ជា​បញ្ហា​ប្រឈម​ធ្ងន់​សម្រាប់​ខ្លួន​។

មែន​ទែន​ទៅ​ កីឡាករ​អាមេរិក​នេះ​ចង់​​ប្រកួត​​​ខ្លាំង​​ជា​មួយ​កីឡាករ​វ័យ​ក្មេង​សិង្ហបុរី-អាមេរិក Christian Lee ប៉ុន្តែ​ប្រហែល​ជា​មិន​​អាច​ជួប​ឆាប់​ៗ​ទេ​ដោយសារ​​កីឡាករ​សិង្ហបុរី-អាមេរិក​​របូត​បាត់​​​ខ្សែ​ក្រវាត់​​ធ្លាក់​ទៅ​លើ​ដៃ​របស់​កីឡាករ​កូរ៉េ​ខាង​ត្បូង។

Thanh Le បាន​និយាយ​ថា ៖«មែន​ទែន​ទៅ ខ្ញុំ​នៅ​តែ​ចង់​ប្រកួត​ជា​មួយ​ Christian Lee។ គាត់​​ជា​​កីឡាករ​​គ្រោះ​ថ្នាក់​ម្នាក់ ប៉ុន្តែ​ប្រសិន​បើ​គាត់​មិន​អាច​យកខ្សែ​ក្រវាត់​ពិភព​លោកពី Ok Rae Yoon វិញ​ទេ ខ្ញុំ​ចង់​ប្រកួត​ជា​មួយ​គាត់​ (Ok) មុន»។

ពិត​ណាស់ Christian Lee បាន​បាត់​បង់​ខ្សែ​ក្រវាត់​ពិភព​លោក ONE  Lightweight ដែល​ត្រូវ​បាន​ជើង​ខ្លាំង​កូរ៉េ​ខាង​ត្បូង Ok Rae Yoon ដណ្តើម​យក​ទៅ​បាត់ បន្ទាប់​ពី​ប្រកួត​ឈ្នះ​ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ ឆ្នាំ​២០២១​។ ដូច្នេះ​កីឡាករ​កូរ៉េ​ខាង​ត្បូង​បាន​​កីឡាករ​ម្នាក់​ដែល Thanh Le ផ្តោតអារម្មណ៍។

ក្នុង​ចំណោម​ប្រវត្តិ​​ឡើង​សង្វៀន​១៩​ដង​ក្នុង​នោះ​ឈ្នះ​១៦​ដង និង​ចាញ់​៣​ដង ជើង​ខ្លាំង​កូរ៉េ​ខាង​ត្បូង​ទើប​​ប្រកួត​នៅ​សង្វៀន ONE ៣​ដង​ប៉ុណ្ណោះ ប៉ុន្តែ​ឈ្នះ​ទាំង​៣​ដង ដូច្នេះ​ហើយ​បាន​ជា​រូប​គេ​ទទួល​បាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​យ៉ាង​លឿន​ជា​មួយ Christian Lee។

ចំណែក ជើង​ខ្លាំង​ Thanh Le វិញ​មាន​ប្រវត្តិ​ប្រកួត​គុន​ចម្រុះ​បាន​១៤​ដង​គឺ​ឈ្នះ​១២​ដង និង​ចាញ់​២​ដង ប៉ុន្តែ​សម្រាប់​សង្វៀន​ ONE ទើប​ប្រកួត​បាន​៤​ដង ហើយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ទាំង​៤​ដង​ដោយ​កណ្តាប់​ដៃពិឃាត​របស់​ខ្លួន៕

Telegram-Troryorng
Share.