កញ្ញា ពេជ្រ ចរណៃ ជា​តារា​ស្រី​សម្ដែង​ដែល​មហាជន​កត់សម្គាល់​ឃើញ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ជា​តារា​ស្រី​និយម​បំផុសគំនិត​ដល់​យុវជន​ឱ្យចូល​រួម​លើកស្ទួយ​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ទៅកាន់​ពិភពលោក តាមរយ:សកម្មភាព​ជាច្រើន​ដូចជា ការបង្ហាញ​ក្បាច់គុន​ល្បុក្កតោ ល្ខោនខោល និង​បង្ហោះ​រូបភាព​ស្លៀកពាក់​សំលៀកបំពាក់​បុរាណ​ខ្មែរ​ជាដើម។ នាពេលថ្មីៗនេះ អ្នកគាំទ្រ​កំពុង​ចាប់អារម្មណ៍​ឃើញថា កញ្ញា​បានការ​បំផុស​ស្នាដៃ​ថត​ភាពយន្ដ​ថ្មី​រឿង «ល្បុក្កតោ» ។

ភាពយន្ដ​នេះ​ត្រូវបាន​គេ​ដឹងថា នៅ​មិនទាន់មានដើម​ទុន​ក្នុង​ការផលិត​នៅឡើយ​ទេ ដោយសារ​តែមាន​ខ្ទង់ចំណាយ​ច្រើន ហើយ​គ្រោង​ថត​ក៏​ជា​រឿង​ភាគ​ទៀត។ តែ​យ៉ាងណាមិញ តារា​ស្រី​រូបនេះ​កំពុងតែ​ព្យាយាម​បំផុស​ឱ្យមាន​ការគាំទ្រ​លើ​វិស័យ​គុន​ល្បុក្កតោ ដើម្បី​ស្វែងរក​ម្ចាស់ជំនួយ​ធំ ក្នុងការ​សម្រេច​ឱ្យ​ភាពយន្ដ​នេះ​លេច​ជា​រូបរាង​ពិតប្រាកដ។

ផ្ដល់​បទសម្ភាសន៍​ជូន​អ្នកសារព័ត៌មាន​ត្រយង​កញ្ញា ពេជ្រ ចរណៃ  បាន​ប្រាប់ថា កញ្ញា​ចំណាយពេល​ជាង ៣ឆ្នាំ ដើម្បី​សរសេរ​សាច់រឿង  «ល្បុក្កតោ» ដោយ​ខ្លួនឯង ក្នុង​គោលបំណង​បង្ហាញ​ទៅ កាន់​មហាជន​អ្នកគាំទ្រ​ឱ្យ​ស្គាល់​គ្រប់​ឈ្មោះ និង​ក្បាច់​ស្នៀត​របស់​គុន​ល្បុក្កតោ​ខ្មែរ​យើង។ កញ្ញា ពេជ្រ ចរណៃ ថា ៖ « រឿងនេះ​គឺ​យើង​បាន​ថត​ត្រឹមតែ Demo ដែលជា​វីដេអូ Trailer បង្ហាញ​សិន​តែប៉ុណ្ណោះ ព្រោះ​ដើម្បី​ស្វែងរក​ម្ចាស់ជំនួយ​ពិត ហ៊ាន​ផ្ដ​ត់​ផ្គង់​ដល់​ការផលិត​ជា​រឿង​ដុំ​ទាំងមូល​តែម្ដង។ ខ្ញុំ​សរសេរ​រឿងនេះ​ឡើង គឺ​ដើម្បី​ចង់ឱ្យ​កូន​ខ្មែរ​ងាក​មក​ចាប់អារម្មណ៍​ពី​គុន​បុរាណ​របស់​ខ្មែរ ដែល​ភាគច្រើន​ផលិតករ​នាពេល​បច្ចុប្បន្ន​នៅ​មិនទាន់​ផ្ដោត​ការផលិត​លើ​ភាពយន្ដ​ប្រភេទ​នេះ​នៅ ឡើយ»។

កញ្ញា​ប្រាប់ទៀតថា បើ​និយាយ​ពី​ខ្ទង់ចំណាយ​ឱ្យចំ​ក្នុង​ការផលិត​រឿងនេះ មិនតិចជាង ៩ ទៅ ១០ ម៉ឺន​ដុល្លារ​នោះទេ ដែលជា​ទំហំ​ចំណាយ​ច្រើន​ខ្លាំង។  កញ្ញា​ថា តាមរយៈ​ការថត​ភាពយន្ដ​នេះ ក៏​មានការ​ភ្លាត់ស្នៀត ត្រូវរបួស​តិចតួច​ដែរ។ កញ្ញា​អះអាង​ទៀតថា « ក្បាច់គុន​ល្បុក្កតោ ជា​របស់​ខ្មែរ ដូចនេះ កុលបុត្រ​កុលធីតា​ខ្មែរ​គួរ​ណាស់ នាំគ្នា​ចូលរួម​ថែរក្សា​អភិរក្ស និង​អភិវឌ្ឍ​គុន​ល្បុក្កតោ​យើង ឱ្យ​រីក​សុះសាយ​ទូទាំងប្រទេស និង​ឈានទៅ ​ពង្រីក​នៅ ក្រៅ ​ប្រទេស ។ យើង​គួរ​បំផុស​ចលនា​ហាត់​កីឡា​គុន​ល្បុក្កតោ​ឱ្យបាន​ច្រើនជាង​នេះ ដើម្បីឱ្យ​គុន​ល្បុក្កតោ​បាន​សាបព្រោះ​ចូលទៅ ​គ្រប់​ស្រទាប់​មហាជន​ខ្មែរ បែបនេះ​នឹងធ្វើ​ឱ្យមាន​គ្រឹះ​ជា​មូលដ្ឋាន​រឹងមាំ​ក្នុងប្រទេស ក្នុងការ​អភិវឌ្ឍ​ខ្លួន​ទៅ​អន្តរជាតិ »។

ដើម្បីឱ្យ​ភាពយន្ដ​រឿង «ល្បុក្កតោ» សម្រិតសម្រាំង​បាន​ទាំង​រូបភាព និង​ប្លង់​ស្អាត​លំដាប់​ស្ដង់ដា​អន្តរជាតិ កញ្ញា  ពេជ្រ ចរណៃ  បាន​ចាប់​ដៃគូ​ជាមួយ​អ្នកដឹកនាំ​រឿង គឺ​លោក ធី​ម ប៉ិក ដែលមាន​បទពិសោធន៍​ច្រើន​ក្នុង​វិស័យ​ភាពយន្ដ។ លោក ធី​ម ប៉ិក គឺជា​ផលិតករ និង​ជា​Director online មានឈ្មោះ​ល្បី​លើ​ស្នាដៃ​ច្រើន ហើយ​លោក​គឺជា​កូន​ខ្មែរ​រស់នៅ ​ប្រទេស Australia ។

ភាពយន្ដ​រឿង «ល្បុក្កតោ» ត្រូវបាន​ឆ្លុះបញ្ចាំង​ពី​ការតស៊ូ​របស់​កូន​ខ្មែរ ក្នុងការ​ការពារ​សម្បត្តិ​បុរាណ​របស់​ដូនតា ពី​ដៃ​ឈ្មួ​នប​រទេស​ដែល​ព្យាយាម​ឈ្លានពាន និង​ជួញដូរ​វត្ថុ​បុរាណ។ រឿងនេះ​មានការ​ចូលរួម​សម្ដែង​ពី​សំណាក់​តារាល្បីៗដូចជា លោក ច​ន ស័​ក្ដ លោកគ្រូ​គុន​ល្បុក្កតោ​ក្រមា​រមាស សាន គីម​ស៊ាន លោក DEREK BIDAUT ជា​តារា​សម្ដែង​ជនជាតិ​បារាំង លោក CHIKERE BERNARD គឺជា​តារា​សម្ដែង​ជនជាតិ​ស្បែក​ខ្មៅ និង​តារា​កិត្តិយស​ជាច្រើនរូប​ទៀត៕

ទស្សនាវីដេអូខាងក្រោមនេះ៖

Telegram-Troryorng
Share.