អ្នក​លេង​គុន​ចម្រុះ Murad Ramazanov សង្ឃឹម​​ទទួល​បាន​ជ័យជម្នះ​លើ​​កីឡាករ Zebaztian Kadestam ដើម្បី​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Welterweight។

អ្នក​ទាំង​ពីរ​ត្រូវ​ប្រឈម​មុខ​គ្នា​នៅ​​សមរភូមិ​ប្រយុទ្ធ ONE: WINTER WARRIOS II នា​ថ្ងៃ​សុក្រ ទី​១៧ ខែ​ធ្នូ នេះ ហើយ​ប្រសិន​បើ Ramazanov ទទួល​បាន​ជ័យជម្នះ​ រូប​គេ​មាន​ប្រវត្តិ​ឈ្នះ​៣​ដង​ក្នុង​ចំណោម​ឡើង​ប្រកួត​៣​ដង​នៅ​ស្ថាប័ន ONE និង​ជា​ស្ថិត​ប្រកួត១១​ដង ឈ្នះ​ទាំង​អស់ ដោយ​មិន​ទាន់​ស្គាល់​បរាជ័យ​ក្នុង​អាជីព​ប្រដាល់​ឡើយ។

គោល​ដៅ​របស់ Ramazanov គឺ​សម្លឹង​ឃើញ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​អធិរាជ​សង្វៀន​បច្ចុប្បន្ន​ Kiamrian Abbasov។ រូប​គេ​បាន​ឲ្យ​ដឹង​ថា ៖«បើ​ខ្ញុំ​ឈ្នះ ខ្ញុំ​ជា​បេក្ខភាព​លេច​ធ្លោ​ជាង​គេ​ដែល​អាច​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​បាន។ ខ្ញុំ​ខំ​ប្រឹង​ហាត់​ខ្លាំង​ណាស់ ហើយ​រឹត​តែ​ហាត់​ទ្វេ​ឡើង ដូច្នេះ​ខ្ញុំ​សម​ទទួល​បាន​ឱកាស​មាស​ហើយ»។

កីឡាករ​រុស្ស៊ី​ម្នាក់​នេះ​ទើប​លេច​មុខ​ប្រកួត​នៅ​សង្វៀន ONE ពីរ​ដង​ប៉ុណ្ណោះ ប៉ុន្តែ​ឈ្នះ​ទាំង​ពីរ​ដង​ក្នុង​នោះឈ្នះ Bae Myung Ho និង Hiroyuki Tetsuka។ ប៉ុន្តែ​ដើម្បី​យក​ឈ្នះ ករ Zebaztian Kadestam មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ពី​ព្រោះ​ដៃ​គូ​ម្នាក់​នេះ​ជា​អតីត​ជើង​ឯក​ពិភព​លោក​ដែល​មាន​សមត្ថភាព​ខ្ពស់។

Ramazanov និយាយ​ថា ៖«ខ្ញុំ​មិន​ចង់​ធ្វើ​ជា​កីឡាករ​ល្អ​ទេ តែ​ខ្ញុំ​ចង់​ធ្វើ​ជា​កីឡាករ​ឆ្នើម​បំផុត។ ហើយ​រាល់​ពេល​ឡើង​ប្រកួត ខ្ញុំ​មិន​ចង់​ឈ្នះ​ពិន្ទុ​ទេ តែ​ខ្ញុំ​ចង់​ឈ្នះ​ដោយ​ផ្តួល​ដៃ​គូ​ពាក់​កណ្តាល​ផ្លូវ»។

សម្រាប់​ Kadestam មិន​មែន​ជា​កីឡាករ​ដែល​ងាយ​យក​ឈ្នះ​ទេ ពី​ព្រោះ​ការ​ឡើង​ប្រកួត​៤​លើក​កន្លង​មក​គឺ​ឈ្នះ​ទាំង​អស់​គិត​ចាប់​ពី​ឆ្នាំ​២០១៨​មក។

Ramazanov បាន​វិភាគ​ពី​សមត្ថភាព​របស់ Kadestam ថា ៖«ភាព​ខ្លាំង​របស់​គាត់​គឺជំនាញ​មួយ​ថៃ តែ​ខ្ញុំ​អត់​បារម្ភ​​អំពីភាព​ខ្លាំង និង​ភាព​ខ្សោយ​របស់​គាត់​ទេ។ ខ្ញុំ​បារម្ភ​តែ​ខ្លួន​ឯង ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ឈ្នះ​ប៉ុណ្ណោះ»។

«គោល​ដៅ​ចម្បង​របស់​ខ្ញុំ​ក្នុង​ការ​ប្រកួត​នេះ​គឺ​ត្រូវ​មាន​ល្បឿន​លឿន។ ផែន​ការ​ប្រកួត​របស់​ខ្ញុំ​គឺ​ចាប់​ផ្តើម​ភ្លាម​ដាក់​សម្ពាធ និង​គ្រប់​គ្រង​ការ​ប្រកួត។  ខ្ញុំ​មិន​ត្រឹម​តែ​ចង់​បញ្ឈប់​គាត់​​ពាក់​កណ្តាល​ផ្លូវ​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​ចង់​បង្ហាញ​ពី​ការ​ប្រកួត​ដ៏​អស្ចារ្យ»៕

Telegram-Troryorng
Share.