សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលផ្អាកការយកប្រាក់ឈ្នួលកម្មករ, អគ្គិសនីកម្ពុជា រដ្ឋាករទឹក និង ថៅកែរោងចក្រ មិនត្រូវយកលេសការចាក់វ៉ាក់សាំងរួចទើបអនុញ្ញាតឲ្យចូលធ្វើការនោះទេ។ ការអំពាវនាវនេះ ធ្វើឡើងសម្រាប់តែកម្មករ កំពុងជួបការលំបាកនៅក្នុងតំបន់ក្រហម។ 

រូបតំណាង

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវតាមសារសំឡេងថា ម្ចាស់ផ្ទះជួលទាំងអស់ មេត្តយោគយល់ដល់ការលំបាករបស់កម្មករ កម្មការិនី  ព្រោះពួកគេស្ថិតក្នុងការលំបាក មិនទាន់បើកប្រាក់ឈ្នួល ជាពិសេស កំពុងស្ថិតនៅក្នុងតំបន់ក្រហម។ «ខ្ញុំសូមអង្វរក ដល់ម្ចាស់ផ្ទះ សុំផ្អាកការយកប្រាក់ឈ្នួល ស្របពេលដែលកម្មករ កម្មការិនី នៅមិនទាន់បើកប្រាក់ឈ្នួលនៅឡើយ»។ 

ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបើអាចធ្វើទៅបាន គឺបញ្ចុះថ្លៃឈ្នួលផ្ទះ ដល់កម្មករ កម្មការិនី តាមលទ្ធភាព ដែលអាចធ្វើទៅបាន។ «ប្រសិនបើម្ចាស់ផ្ទះ អាចលើកលែងបាន គឺលើកលែង។ ម្ចាស់ផ្ទះខ្លះក៏លំបាកដែរ ម្ខាងខ្ចីធនាគារ យកមកធ្វើផ្ទះ សម្រាប់ដាក់ជួល ប៉ុន្ដែបើអាចធ្វើបានគឺសម្រួលការលំបាក។ 

ថ្លៃទឹក ថ្លៃភ្លើង ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក សម្រួលដល់ផ្ទះជួល ពិសេសកម្មករ កម្មការិនី ដែលកំពុងរស់នៅតំបន់ក្រហម។ 

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់រោងចក្រ ដែលបានកំណត់ថា កម្មករ កម្មការិនី ដែលចាក់វ៉ាក់សាំងរួច ទើបអនុញ្ញាតឲ្យចូលធ្វើការ។ «យើងមិនត្រូវយកសំអាងលើការចាក់វ៉ាក់សាំង ដើម្បីកំណត់សម្រាប់ធ្វើការងារ គឺអយុត្តិធម៌ សម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង»។ 

សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ក្នុងកាលទេសនេះ កម្ពុជានៅមិនទាន់អាចកំណត់យកទិសដៅនៃការចាក់វ៉ាក់សាំងហើយ ជាថ្នូរទៅនឹងការបានការងារធ្វើនោះទេ ព្រោះការផ្គត់ផ្គង់លើការចាក់វ៉ាក់សាំង នៅមិនទាន់បានទូលំទូលាយនៅឡើយ ដោយបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងទើបបានប្រមាណជា ១០%ប៉ុណ្ណោះ នៃផែនការចាក់វ៉ាក់សាំង ១០លាននាក់។ 

សម្ដេចតេជោ បានអំពាវនាវទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ មិនត្រូវយកផែនការចាក់វ៉ាក់សាំង ជាថ្នូរទៅនឹងការអនុញ្ញាតឲ្យចូលធ្វើការនោះទេ៕ 

Share.