
ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ដែលជាសមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 បានបានបញ្ចប់សកម្មភាពចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតស្បៀងអាហារ អំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ-តាខ្មៅ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបានជូនដំណឹងថាបន្ទាប់ពីបេសកម្ម ចំនួន ៣០២ គ្រួសារត្រូវបានបញ្ចប់ និង ដោយសារមានការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបផលលំបាកខ្វះខាតស្បៀងអារហារ ក្នុងអំឡុងពេលបិទខ្ទប់ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចុងក្រោយនៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ ម្សិលមិញ ក្រុមការងារក្លិប Tiffy Army FC បាននាំយកអំណោយ របស់លោក ខូវ ឆាយ អគ្គលេខាធិការក្លិប ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១០ គ្រួសារ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

សរុបបេសកម្ម កម្មវិធីសប្បុរសធម៌ចែកស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបផលលំបាកខ្វះខាត ក្នុងអំឡុងពេលបិទខ្ទប់ គឺមានចំនួន ៣១២ គ្រួសារ។
សូមបញ្ជាក់ថាក្រុមបាល់ទាត់ Tiffy Army FC បច្ចុប្បន្នកំពុងតែឈរចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមសមាជិកទាំង១៣ ក្នុងពានរង្វាន់ Metfone Cambodian League 2021 ក្រោយប្រកួតបាន៤លើក ឈ្នះបាន២លើក ស្មើ១លើក និងចាញ់១លើក៕
