មហាជន​ទូទៅ​បាន​ស្គាល់​ច្បាស់​ពី​ស្នាដៃ​លោក ឯម រាម ជុំវិញ​ការតុបតែង​ខ្លួន​ស្ទា​យប្លែកៗ ជា​គំនិត​ច្នៃប្រឌិត​បែប​សហ​សម័យ​ដោយ​ខ្លួនឯង មិន​ចម្លង​ពី​បរទេស។ កន្លងមក ក៏មាន​មហាជន​មួយចំនួន​តូច​បាន​យល់ថា សិល្បករ​រូបនេះ គឺជា​មនុស្ស​ឆ្កួត ដែល​បញ្ចេញស្នាដៃ​មកចម្លែកៗមើល​មិន​ចូល​ភ្នែក និង​មាន​ខ្លះ​ទៀតថា​លោក​ជា​អ្នក​បំផ្លាញ​វប្បធម៌​ប្រពៃណីជាតិ ជាពិសេស​គឺ​ការច្នៃ​ម៉ូ​ដដែល​ដកស្រង់​ពី​សិល្បៈ​បុរាណ។ តែ​លោក ឯម រាម ក៏ត្រូវ​បាន​មហាជន​មួយចំនួន​ដែល​ស្គាល់ និង​យល់ច្បាស់​ពី​សិល្បៈ​សហ​សម័យ ឱ្យ​តម្លៃ​លើ​ស្នាដៃ​របស់​ជាពិសេស​តែម្ដង។

នៅ​ថ្ងៃ​កម្មវិធី​តាំងពិព័រណ៍​សិល្បៈ​សហ​សម័យ​នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ការដាក់​បញ្ចូល ទីក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន នាពេលថ្មីៗនេះ បណ្ឌិត​ម៉ូដ ឯម រាម ក៏បាន​នាំ​ស្នាដៃ​ដ៏​អ​ច្ចា​រ្យ​ប្លែក​ភ្នែក​មួយ​យកមក​តាំង​បង្ហាញ និង​ឱ្យ​ឈ្មោះថា «នាដ​ការី» ។ លោក ឯម រាម បានផ្ដល់​បទសម្ភាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា លោក​បាន​ដកស្រង់​គំនិត​ធ្វើ​ចម្លាក់​បង្គុំ​នេះ ចេញពី​រូបភាព​ឈុត​ស្បៃ​ធំ​របស់​នាដកា​ម្នាក់ ឈរ​រាំ​ត្រដាងដៃ​នៅមុខ​ប្រាសាទ​អង្គរ ដែលជា​រូបភាព​មាន​អាយុ​រាប់រយឆ្នាំ​មកហើយ។ លោក​ថា សិល្បៈ​របស់លោក​មួយ​នេះ ត្រូវបាន​គេ​ហៅថា​ជា Art Concept ជា​សិល្បៈ​បែប​សហ​សម័យ ដោយ​ប្រមូលផ្ដុំ​សម្ភារៈ​ពី​សំណល់​ឈើចាស់ៗ និង​កម្ទេចកម្ទី​ដែកចាស់ៗ មក​បង្គុំ​គ្នា ដើម្បី​រំលេច​រូបរាង​ចម្លាក់​បង្គុំ​ទំនើប​នេះ​ឡើង។

លោក ឯម រាម ប្រាប់ថា ចម្លាក់​នេះ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០១៩មក​ម្លេះ ហើយ​បានធ្វើ​ដំណើរ​ទៅ​ឈរ​តាំង​បង្ហាញ​នៅ​មណ្ឌល​វប្បធម៌​បារាំង វិចិត្រសាល​ឯម​រាម និង​បាន​តាំង​បង្ហាញ​នៅ​សារមន្ទី​ខ្លែង​នេះ​តែម្ដង។ លោក​បន្ដទៀតថា លោក​តែង​ប្រមូល​គំនិតថ្មីៗ ដែលមាន​ជា​ភ័ស្តុតាង​ប្រវត្តិសាស្ត្រ និង​ជីវភាព​របស់​នៅ​របស់​ប្រជាជន​ទៅតាម​សម័យកាល។ ស្នាដៃ​របស់លោក​ក៏​ទទួលបាន​ពី​ការគាំទ្រ​តាមរយៈ​តារា​សិល្បៈ​ល្បីឈ្មោះ និង​ផលិតកម្ម​មួយចំនួន​ផងដែរ។ ជាក់ស្ដែងថ្មីៗនេះ លោក​ក៏បាន​សហការ​ជាមួយ​តារាចម្រៀង​ស្រី ទេព បូ​ព្រឹក្ស ក្នុង​ការច្នៃ​ម៉ូដ​សម្លៀកបំពាក់​ប្លែក​ភ្នែក​ចំនួន ២ឈុត​រួមមាន ឈុត​ស្បៃ​ធំ ដែល​ច្នៃ​ចេញពី​ស្បែក​គោ និង​ឈុត​គ្រុឌ ដែល​ច្នៃ​ចេញពី​កន្ទុយគោ​ជាដើម។  បណ្ឌិត​ម៉ូដ​រូបនេះ ក៏បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ទៀតថា ភាគច្រើន​ដែលជា​ស្នាដៃ​របស់លោក គឺជា​ការ​ប្រមូលរបស់​របរ​សម្ភារៈចាស់ៗដែល​ឈប់​ប្រើ យកមក​ច្នៃ​ឱ្យមាន​តម្លៃ​ឡើងវិញ។ រាល់​ការច្នៃ​ម៉ូដ​របស់លោក​គឺ​តែងតែមាន​ការប៉ះពាល់​ដ​ល់​អារម្មណ៍​របស់​មហាជន​មួយចំនួន ដោយសារតែ​ពួកគាត់​នៅ​មិនទាន់​យល់​ពីអ្វី​ទៅជា​សិល្បៈ​ច្នៃ​ម៉ូដ​សហ​សម័យ។

យ៉ាងណាមិញ សម្រាប់​មហាជន​អ្នក​ស្រឡាញ់​ការច្នៃ​ម៉ូដ និង​ហ្វេ​សសិន​បែប​សហ​សម័យ ក៏​អាច​អញ្ជើញ​ទៅ​ទស្សនាការ​ដាក់តាំង​បង្ហាញ​ស្នាដៃ​ជាច្រើន​របស់លោក ឯម រាម និង​សិល្បករ​ខ្មែរ រួមទាំង​បរទេស នៅ​បរិវេណ​សារមន្ទីរ​ខ្លែង ដែល​ពិព័រណ៍​នេះ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ មាន​ស្នាដៃ​សិល្បករ​ជាច្រើន​ដែល​បាន​ដាក់តាំង​បង្ហាញ​នៅ​ទីនោះ គឺ​សុទ្ធសឹងតែ​ជា​ស្នាដៃ​ដែលមាន​តម្លៃ​ថ្លៃ​ខ្ពស់​រហូតដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណេះ៕

Telegram-Troryorng
Share.