សមាជិក​ចំនួន​៣​នាក់​ហើយ​នៃ​ក្រុម​ចម្រៀង​ K-Pop ដ៏​ពេញ​និយម​របស់​កូរ៉េ​ខាង​ត្បូង​ BTS បាន​តេស្ដ​រក​ឃើញ​មានវិជ្ជមាន​ជំងឺ​កូវីដ​-១៩ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​ BIGHIT Music។

សមាជិក​ទាំង​អស់​នៅ​ក្នុង​ក្រុម​ទើប​តែ​ត្រលប់​មក​ប្រទេស​កូរ៉េ​វិញ​ក្រោយ​ក្រុម​នេះ​បញ្ចប់​បេសកកម្ម​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​អាមេរិក​ ក្រោយ​ខកខាន​អស់​រយៈ​ពេល​២​ឆ្នាំ​ដោយ​សារ​តែ​ការ​ផ្ទុះ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​។

នៅ​ក្នុង​ចំណោម​សមាជិក​ទាំង​៣​ដែល​វិជ្ជមាន​ Covid-19 គឺ​ Suga ដោយ​តារា​ចម្រៀង​រូប​នេះ​បាន​ធ្វើ​តេស្ដ PCR កាល​ពី​ថ្ងៃ​ព្រហស្បត្តិ​សប្ដាហ៍​មុន​ ហើយ​រក​ឃើញ​លទ្ធផល​វិជ្ជមាន​នៅ​ថ្ងៃ​សុក្រ​ពេល​ព្រឹក​។ មក​ដល់​ទឹក​ដី​ suga មិន​បាន​ជួប​សមាជិក​ណា​ម្នាក់​នោះ​ទេ​ ព្រោះ​ប្រទេស​នេះ​មាន​ច្បាប់​រឹត​បន្តឹង​ខ្លាំង​ ដូច្នេះ​មក​ដល់​ប្រទេស​ភ្លាម​លោក​ត្រូវ​ធ្វើ​ចត្តា​ឡីស័ក​ភ្លាម​ៗ។

ងាក​មក​សមាជិក​ម្នាក់​ទៀត​ដែល​វិជ្ជមាន​ Covid-19 ដែរ​នោះ​គឺ​ RM ប្រធាន​ក្រុម​ BTS ផ្ទាល់​តែ​ម្ដង​។ លោក​បាន​ធ្វើ​តេស្ដ PCR កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​លទ្ធផល​ដែល​ទទួល​បាន​កាល​ណោះ​គឺ​អវិជ្ជមាន​ ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​កន្លង​មក​ ពោល​គឺ​នៅ​មុន​ពេល​ដែល​លោក​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​ លោក​ធ្វើ​តេស្ដ​ម្ដង​ទៀត​ទើប​ឃើញ​ថា​លោក​មាន​វិជ្ជមាន​ Covid-19 នេះ​បើ​តាម​ការ​ប្រកាស​របស់​ផលិតកម្ម​ ប៉ុន្តែ​មក​ទល់​នឹង​ថ្ងៃ​សៅរ៍​ដែល​រក​ឃើញ​វិជ្ជមាន​ RM មិនមានចេញ​​អាការៈ​ណាមួយ​ឡើយ​

ចំណែក​​ប្រុស​ស្អាត​ Jin វិញ​ ក៏​បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស្ដ​ PCR ដែរ​ហើយ​ក៏​រក​ឃើញ​មាន​វិជ្ជមាន​នៅ​ថ្ងៃ​សៅរ៍​ដូច​គ្នា​នឹង​ RM ដែរ​ ដោយ​ការ​តេស្ដ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​មាន​អាការៈ​ផ្ដាសាយ​ តែ​​អាការៈ​​លោក​មាន​កម្រិត​​ស្រាល​ ដូច​ជា​ក្ដៅ​ខ្លួន​តិច​តួច​ប៉ុណ្ណោះ​។ ក្រោយ​លោក​មក​ដល់​ប្រទេស​កូរ៉េ​វិញ​ Jin ​​បាន​ធ្វើ​តេស្ដ​ PCR ចំនួន​២​ដង ទីមួយ​​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​ ពេល​លោក​មក​ដល់​ប្រទេស​កូរ៉េ​ភ្លាម​ៗ​និង​មួយ​ទៀត​មុន​ពេល​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​។

សមាជិក​ទាំង​៣​នាក់​សុទ្ធតែ​ចាក់វ៉ាក់សាំង​គ្រប់​ទាំង​២ដូស​ ហើយ​ខណៈ​នេះ​អ្នក​ទាំង​៣​ក៏​កំពុង​តែ​សំរាក​ព្យាបាល​នៅ​ផ្ទះ​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។ ប្រទេស​កូរ៉េ​បាន​កំណត់​ច្បាប់​ឱ្យ​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស​ទាំងអស់​ត្រូវ​ធ្វើ​ចត្តា​ឡីស័ក​ចំនួន​១០​ថ្ងៃ​ ទោះ​ជា​​បាន​ចាក់​វ៉ាក់សាំង​រួច​ក្ដី​ បន្ទាប់​មក​អ្នក​ទាំងអស់​ត្រូវ​តែ​ធ្វើ​តេស្ដ​ PCR ចំនួន​២​ដង​ទើប​អាច​​បញ្ចប់​ចត្តាឡីស័ក​និង​ដើរ​ហើរ​​ដោយ​សេរី​វិញ​។

សមាជិក​ BTS ទាំង​អស់​ទទួល​បាន​ការ​ឈប់​សំរាក​រយៈ​ពេល​វែង​ក្រោយ​ពី​ពួក​គេ​បាន​បញ្ចប់​ការ​ងារ​ទៅ​តាម​កាល​កំណត់​ដូច​ជា​កម្មវិធី​ BTS Permission to dance on Stage, LA និង​ 2021 Jingle Ball Tour នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពីផលិត​កម្ម​ BITHIT Music៕

Telegram-Troryorng
Share.