អង្គការសហប្រជាជាតិបង្ហាញក្ដីព្រួយបារម្ភក្រោយមានហេតុការណ៍ យោធាមីយ៉ាន់ម៉ាបាញ់សម្លា.ប់ ប្រជាជនស្លូតត្រង់ជាង ៣០នាក់ ក្នុងហេតុការណ៍ឆាបឆេះរថយន្ដជាច្រើន។

នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ អង្គការសហប្រជាជាតិបានទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតអំពីករណីនេះ ក្រោយពេលដែលឮសូរស្នូរគ្រាប់កាំភ្លើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅរដ្ឋកាយ៉ា ដែលស្ថិតនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា។ សារព័ត៌មានយោធាមីយ៉ាន់ម៉ាបានផ្សាយថា មន្រ្តីយោធាគឺជាអ្នកសម្លាប់ ហើយការបាញ់សម្លាប់នេះគឺបណ្ដាលមកពីមនុស្សក្នុងរថយន្ដទាំងនោះមិនព្រមឈប់តាមការបញ្ជា។

ជាមួយគ្នា អង្គការសប្បុរសធម៌អន្តរជាតិ Save the children បានចេញមកបញ្ជាក់ថា បុគ្គលិកបម្រើការក្នុងអង្គការរបស់ខ្លួនចំនួន ២នាក់ បានបាត់ខ្លួននៅក្នុងប្រទេសមីយ៉ានម៉ា បន្ទាប់ពីសាកសព ៣៥នាក់ ត្រូវបានរកឃើញក្នុងការបាញ់សម្លាប់ ដែលបណ្ដាលឲ្យឆាបឆេះរថយន្ដជាច្រើនគ្រឿង។

លោក ម៉ាទីន ហ្រ្គីហ្វីត (Martin Girffiths) អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកថ្កោលទោសឧប្បត្តិហេតុដ៏សោកសៅនេះ និង រាល់ការវាយប្រហារលើជនស៊ីវិលនៅទូទាំងប្រទេស លោកអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់ និង មានតម្លាភាព។

យោងតាមក្រុមអ្នកឃ្លាំមើលក្នុងស្រុករបស់ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលចល និង ភាពអសន្តិសុខ ចាប់តាំងពីយោធាមីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីអ៊ុង សាងសូជី ចេញពីតំណែង និង ចាប់ខ្លួនមេដឹកនាំមួយចំនួនកាលពីខែកុម្ភៈ ដើមឆ្នាំ២០២១ ដោយបណ្ដាលឲ្យមនុស្សជាង ១ពាន់៣រយនាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបដោយកងកម្លាំងសន្តិសុខ៕

ប្រភព៖ CNA

សូមទស្សនាវីដេអូខាងក្រោម៖

Telegram-Troryorng
Share.