នៅ​យប់​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១នេះ គេ​បានឃើញ​វត្តមាន​តារា​សម្តែង​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើនរូប​បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ជប់លៀង​បុគ្គលិក​ប្រចាំឆ្នាំ​របស់​ស្ថានីយ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ទូរទស្សន៍ប៉ុស្តិ៍​លេខ៥ ឬ Pool Party TV5។ សិល្បករ​ដែលមាន​វត្ត​មាន​ក្នុង​កម្មវិធី​នោះ មានដូចជា​ក្រុម​បវរកញ្ញា Miss Grand Cambodia កញ្ញា ព្រះកាយ​ច័ន្ទ កញ្ញា រចនា រ៉ា​វ៉ា​ឌី កញ្ញា ផាត់ ផាន់​ណា កញ្ញា អាង សុជាតា លោក សេង មង្គល លោក ជា លាង​ឈែ លោក មុំ សុធា​រ៉ា លោក ឆឹម សក្កដា និង​សិល្បករ​ជាច្រើនរូប​ទៀត ។

ក្រៅពី​តារា​សិល្បៈ​ដែល​បាន​ចូលរួម​ហើយ​នោះ គេ​ក៏​ឃើញ​មាន​បុគ្គលិក​ប្រចាំ​ស្ថានីយ​ទាំង​ខ្មែរ និង​ថៃ​ រួមទាំងអ្នកសារព័ត៌មានជាច្រើននាក់ បង្ក​បរិយាកាស​ឱ្យ​កាន់តែ​សប្បាយរីករាយ ថែមទាំង​រឹតចំណង​ទំនាក់ទំនង​រវាង​គ្នា និង​គ្នា​ឱ្យ​កាន់តែ​ប្រសើរ។ សម្រាប់តែ​តារា​ដែល​បាន​ចូលរួម គឺ​សុទ្ធតែ​សម្ដែង​ក្នុង​រឿងកន្លងៗមក​របស់​ប៉ុស្ដិ៍​លេខ៥ និង​ធ្លាប់​ចូលរួម​ច្រៀង រាំ​លើ​ឆាក​តន្ត្រី​របស់​ប៉ុស្តិ៍ បាន​វិល​មកជួប​ជុំគ្នា​សារជាថ្មី​ម្ដងទៀត ក្រោយពី​មានការ​រក្សា​គម្លាត​សង្គម​ពីគ្នា នា​អំឡុងពេល​កូ​វីដ១៩។

លោក ស៊ុ​ផា​ឆ័យ វីរៈ​ភុជង្គ ប្រធាន​ក្រុមហ៊ុន​ថៃ​ណា​ខន ផាត់​ថៈណា និង​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ៥ បាន​រៀបរាប់​នៅក្នុង​កម្មវិធី​ទាំងមូល​ថា ស្ថិតនៅក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ នេះ បុគ្គលិក​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ បាន​ខិតខំ​ពុះពារ​គ្រប់បែបយ៉ាង​នៃ​បែបផែន​ការងារ​ប្រចាំថ្ងៃ និង​ដើម្បី​បន្ដ​ការបម្រើ​ដល់​អារម្មណ៍​របស់​មហាជន​តាមរយៈ​កម្មវិធី​កម្សាន្ដ​ដែលមាន​ក្នុង​ស្ថានីយ។ ការ​ជប់លៀង​តំណាច់​ឆ្នាំនេះ គឺជា​ការវិល​ត្រឡប់មក​វិញ បន្ទាប់ពី​កូ​វីដ១៩ បាន​ធូរស្បើយ​បន្ដិច​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ទោះជា​យ៉ាង​ក៏ដោយ ក៏​យើង​គ្រប់គ្នា​មិន​ភ្លេច​ការការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ១៩ និង​វី​រ៉ុ​ស​បំប្លែង​ថ្មី តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឡើយ។

នាឱកាស​ជិត​ដល់​ឆ្លង​ចូលឆ្នាំ២០២២នេះ លោក ស៊ុ​ផា​ឆ័យ វីរៈ​ភុជង្គ ក៏បាន​ជូនពរ​ដល់​បុគ្គលិក​ក្រុមការងារ និង​តារា​សិល្បៈ ព្រមទាំង​អ្នកចូលរួម​ទាំងអស់ ជួបប្រទះ​តែ​ភាពជោគជ័យ រីកចម្រើន​ទៅមុខ និង​សុខ​ភាពល្អគ្រប់ៗគ្នា៕

Telegram-Troryorng
Share.