ការទស្សន៍ទាយរបស់លោកយាយ បាបា វ៉ាងហ្គា បានក្លាយជារឿងពិតជាច្រើនចំណុច ដែលធ្វើឲ្យល្បីល្បាញទូទាំងពិភពលោក និង បង្កការភ្ញាក់ផ្អើលនឹកស្មានមិនដល់។

លោកយាយា បាបា វ៉ាងហ្គា បានទស្សន៍ទាយតាមព្រឹត្តិការណ៍ដែលកើតឡើងក្នុងឆ្នាំនីមួយៗ ប្រៀបដូចជាបានឃើញហេតុការណ៍ដែលកើតមាននាពេលអនាគត។

លោកយាយគឺជាជនពិការភ្នែក រស់នៅក្នុងប្រទេសប៊ុលហ្គារី បានស្លាប់កាលពីឆ្នាំ ១៩៩៦ ក្នុងអាយុ ៨៥ឆ្នាំ ប៉ុន្ដែលោកយាយបានបន្សល់ទុកនូវការទស្សន៍ទាយជាច្រើនសម្រាប់ឆ្នាំខាងមុខ។ ប៉ុន្ដែការទស្សន៍អំពីទីអវសាន្តនៃពិភពលោករបស់លោកយាយកាលពីឆ្នាំ ២០១២ គឺមិនត្រឹមត្រូវទេ។ ខណៈនៅឆ្នាំ ២០២០ និង ២០២១ លោកយាយបានទាយថា ពិភពលោកនឹងជួបជាមួយការចម្លងមេរោគដ៏កាចសាហាវ មានថ្នាំព្យាបាលជំងឺអាសន្នរោគដ៏ធំមួយ មានការប៉ុនប៉ងធ្វើឃាតលើលោក វ្លាឌីមៀ ពូទីន និង ការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន។​

ប៉ុន្ដែនៅឆ្នាំ ២០២២ ខាងមុខនេះ សារព័ត៌មាន MSN បានដកស្រង់ពាក្យរបស់លោកយាយ បាបា វ៉ាងហ្គា ដែលព្យាករណ៍ថា ពិភពលោកទាំងមូលនឹងជួបប្រទះ ហេតុការណ៍សំខាន់ៗចំនួន ៦ចំណុច ៖

១) ការកើនឡើងនៃគ្រោះមហន្ដរាយ

លោកយាយបានព្យាករណ៍ថា ប្រទេសក្នុងតំបន់អាស៊ាន រួមទាំងប្រទេសអូស្រ្តាលី និងជួបវិបត្តគ្រោះទឹកជំនន់។ ដោយសារការិយាល័យ ឧតុនិយមបានប្រកាសពីការវិលត្រឡប់នៃបាតុភូតមហាសមុទ្រ ឡា នីណា (La Nina) ដែលអាចបង្កើនលទ្ធភាពនៃការកើតមានព្យុះស៊ីក្លូនត្រពិច និង ទឹកជំនន់ នៅក្នុងប្រទេសអូស្ត្រាលី យោងតាមការព្យាករណ៍របស់ឧតុនិយមអាចនិយាយបានថា ការទស្សន៍ទាយរបស់លោកយាយ ហាក់បីដូចជាត្រឹមត្រូវ។

២) ជំងឺរាតត្បាតដ៏សាហាវមួយផ្សេងទៀត

នេះប្រហែលជារឿងចុងក្រោយដែលគ្រប់គ្នាចង់ដឹង ចង់ឮ បន្ទាប់ពីរស់នៅជាមួយនឹងមេរោគកូវីដ១៩​ អស់រយៈពេលជិត ២ឆ្នាំ ប៉ុន្ដែលោកយាយ បាបា បានជឿថា ឆ្នាំ២០២២ អ្នកស្រាវជ្រាវមួយក្រុមនឹងរកឃើញមេរោគដ៏កាចសាហាវមួយទៀតនៅប្រទេសស៊ីបេរី ដែលពេលនេះមេរោគនេះនៅកក ដូច្នេះវាមិនទាន់បញ្ចេញឥទ្ធិពល។ ប៉ុន្ដែមេរោគនេះនឹងបង្កគ្រោះភ័យដល់ពិភពលោកទាំងមូលនៅពេលដែលមានការប្រែប្រួលអាកាសធាតុ។

កាលពីខែធ្នូ ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញថា ពួកគេបានរកឃើញស្នាមប្រេះដ៏គួរឲ្យព្រួយបារម្ភនៅក្នុងផ្ទាំងទឹកកកដ៏ធំមួយនៅអង់តាក់ទិច ហើយអង្គការសុខភាពពិភពលោកបានបញ្ជូនក្រុមការងារឆ្លើយតបរហ័សទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ដើម្បីស៊ើបអង្កេតពីជំងឺដ៏អាថ៌កំបាំងដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៩នាក់។ ហេតុការណ៍នេះហាក់បីដូចជាត្រូវនឹងទំនាយទស្សន៍ទាយរបស់លោកយាយបានខ្លះ ប៉ុន្ដែត្រូវរង់ចាំហេតុការណ៍កើតឡើងបន្ដទៀត។

៣) គ្រោះរាំងស្ងួត

លោកយាយ បាបា ជឿជាក់ថា ឆ្នាំ២០២២ ទីក្រុងជាច្រើនអាចជួបការលំបាកក្នុងការខ្វះខាតទឹកប្រើប្រាស់ ខ្វះទឹកផឹក នេះគឺជាអ្វីដែលអ្នកជំនាញបានព្រមានមួយរយៈមកហើយ។

៤) ការឈ្លានពានពីពួក Alien

យោងតាមសម្ដីរបស់លោកយាយ បានឲ្យដឹងថា អាចម៌ផ្កាយដែលមានឈ្មោះ អូមអាម៉ា (Oumuamua) នឹងបញ្ជូនមនុស្សភពក្រៅ (Alien) មកកាន់ភពផែនដីដើម្បីស្វែងរកជីវិតរស់នៅលើផែនដី ហើយពួកគេអាចនឹងចាប់អ្នកទោសមួយចំនួន នៅពេលដែលពួកគេចុះចតលើភពផែនដី។

៥) ឥណ្ឌានឹងជួបនឹងការឡើងកម្ដៅ និង សត្វល្អិតចង្រៃ

ការទស្សន៍ទាយនេះបានធ្វើឲ្យប្រជាជនឥណ្ឌា បន់ផ្សង កុំឲ្យវាក្លាយជាការពិត ដោយសារតែលោកយាយ បាបា ទាយថា សីតុណ្ហភាពនៅប្រទេសឥណ្ឌានឹងឡើងដល់ ៥០អង្សាសេ ដោយមានសត្វកណ្ដូបវាយប្រហារដំណាំ និង ដីកសិដ្ឋាន ដែលបង្កឲ្យមានគ្រោះទុរិភិក្សធ្ងន់ធ្ងរ។

៦) រស់នៅក្នុងពិភពនិម្មិត

លោកយាយ បាបា ជាជនពិការភ្នែក បានស្លាប់កាលពីឆ្នាំ ១៩៩៦ ប៉ុន្ដែលោកយាយបានដឹងទុកជាមុនថា នាពេលអនាគតមនុស្សនឹងរស់នៅក្នុងភាពស្រមើស្រមៃ ច្រើនជាងការពិត។ លោកយាយលើកឡើងថា មនុស្សភាគច្រើននឹងចំណាយពេល ញៀនជាមួយនឹងបច្ចេកវិទ្យា រស់ជាមួយភាពនិម្មិត ច្រើនជាងនៅក្បែរមនុស្សជុំវិញខ្លួន។ បច្ចុប្បន្នដោយសារបរិបទកូវីដធ្វើឲ្យមនុស្សភាគច្រើនកាត់បន្ថយការជួបផ្ទាល់ និយាយផ្ទាល់ បែរជាមកទំនាក់ទំនងគ្នាតាមទូរស័ព្ទ ជាដើម។

លោកយាយក៏បានទស្សន៍ទាយថា គន្លងរបស់ផែនដីនិងផ្លាស់ប្ដូរនៅឆ្នាំ ២០២៣ ដូច្នេះហើយ នោះជាអ្វីដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំ ប្រសិនបើអ្នករស់រានមានជីវិតក្នុងឆ្នាំ២០២២។ ចាំមើលក្នុងចំណោមការទស្សន៍ទាយទាំង ៦ ចំណុចនេះ របស់គ្រូទាយដ៏ល្បីទូទាំងពិភពលោក បាបា វ៉ាងហ្គា តើមានចំណុចណាខ្លះដែលលោកយាយទាយឆុត?

ប្រភព៖ Nzherald.co.nz និង MSN

សូមទស្សនាវីដេអូខាងក្រោម៖

Telegram-Troryorng
Share.