ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តធុនធំមួយគ្រឿងប្រភេទក្រឡុកស៊ីម៉ងត៍ពាក់ស្លាកលេខភ្នំពេញ 3E-2815 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ 4 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់មុខផ្លូវចូលសាលាសុវណ្ណភូមិ ក៏បានបត់ស្ដាំមិនប្រយ័ត្នក៏បុកម៉ូតូ 2 គ្រឿងឱ្យដួលរាយប៉ាយពេញផ្លូវ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន4 នាក់រងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើកបររថយន្តក្រោយពីបង្កហេតុឲ្យមានមនុស្សរងរបួសហើយ បានបើកទ្វាររថយន្តដាក់មេផាយបាត់ស្រមោល។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន 4 នាក់នេះកើតឡើងនៅយប់នៅរំលងអាត្រាតឈានចូលថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ក្នុងសង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបានចុះទៅដល់ទីតាំងកន្លែងកើតហេតុធ្វើការនាំយករថយន្តនិងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

Share.