នៅតាមបណ្ដាប្រទេសក្នុងពិភពលោក តែងតែនាំគ្នាប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសាកល ហើយប្រទេសខ្លះតែងតែប្រារព្ធនូវទំនាមទំលាប់មួយចំនួនដែលគេជឿថាអាចនាំលាភ នាំសំណាងដល់ពួកគេពេញមួយឆ្នាំថ្មី។ តើប្រទេសណាខ្លះដែលបានរៀបចំប្រារព្ធពិធីប្លែកៗដើម្បីស្វាគមន៍ឆ្នាំថ្មី?

មិនថាប្រទេសនៅប៉ែកអ៊ឺរ៉ុប និង ប្រទេសនៅតំបន់អាស៊ីនោះទេ តែងតែមានជំនឿនាំសំណាងរៀងៗខ្លួន។ ទំនៀមទំលាប់តាមប្រទេសដែលប្រារព្ធពិធីនាំសំណាងមានដូចជា៖

ការញុំាអាហារដែលវែងៗ៖ ប្រជាជននៅក្នុងប្រទេសជប៉ុនជឿថា ការញុំាំមីដែលមានសរសៃរវែងនៅឆ្នាំថ្មីអាចជួយឲ្យអ្នកដែលទទួលទានមានអាយុវែង ដោយសរសៃរមី ឬ គុយទាវ គឺតំណាងឲ្យអាយុយឺនយូរ។

ជ្រើសរើសខោទ្រនាប់ដោយប្រុងប្រយ័ត្ន៖ ប្រទេសមួយចំនួន ជាពិសេសនៅអាមេរិកឡាទីនជឿថាពណ៌ខោទ្រនាប់អាចនាំមកនូវអ្វីដែលល្អសម្រាប់អ្នកក្នុងរយៈពេល ១២ខែខាងមុខ។ ពណ៌លឿងគឺនាំសំណាង ពណ៌ក្រហម គឺតំណាងឲ្យសេចក្ដីស្នេហា និង ពណ៌សគឺនាំមកនូវសន្តិភាព។

ជះទឹកចេញពីបង្អួច៖ ប្រជាជននៅប្រទេសព័រតូរីកូ ជឿថាការជះទឹកចេញតាមបង្អួចគឺអាចបណ្ដេញវិញ្ញាណអាក្រក់ចេញ។ ហើយបានបោះស្ករគ្រាប់នៅខាងក្រៅផ្ទះដើម្បីអញ្ចើញសំណាងល្អ និង ភាពផ្អែមល្ហែមក្នុងគ្រួសារ។

ពិធីបោកចាន៖ ប្រជាជនក្នុងប្រទេសដាណឺម៉ាកមានទំនៀមទំលាប់ដាក់ចានជាប់ទ្វារ ឬ ត្រូវបំបែកចោលទោះបីជាចាន ឬ កែវ ទាំងនោះនៅប្រើប្រាស់បានក៏ដោយ ការធ្វើបែបនេះគឺដើម្បីបណ្ដេញនូវវិញ្ញាណអាក្រក់ចេញពីផ្ទះ ហើយស្វាគមន៍ឆ្នាំថ្មីដ៏រីករាយ។

ដើរកន្លងភ្លើង៖ ប្រជាជនអេក្វាទ័រតែងនិយមដើរ ឬ លោតកន្លងភ្លើងដើម្បីដុតចោលនូវរឿងហ្មងសៅ ដុតរឿងដែលចង្រៃក្នុងឆ្នាំចាស់ឲ្យរលាយទៅតាមភ្លើង ការធ្វើបែបនេះពួកគេជឿថានឹងនាំសំណាងដល់ពួកគេរយៈពេល ១២ខែ។

ញុំាំផ្លែទំពាងបាយជូ ១២គ្រាប់៖ នៅប្រទេសអេស្ប៉ាញមានពិធីញុំាផ្លែទំពាងបាយជូចំនួន ១២គ្រាប់តំណាងឲ្យខែទាំង ១២ ប្រើរយៈពេល ១២វិនាទីចុងក្រោយនៃឆ្នាំចាស់ ដើម្បីចាប់ផ្ដើមឆ្នាំថ្មីដែលពោរពេញទៅដោយសំណាងពេញ ១ឆ្នាំ។)

បោសសំអាតផ្ទះសំបែង៖ ប្រជាជននៅប្រទេសកម្ពុជា និង បណ្ដាប្រទេសក្នុងតំបន់អាស៊ីភាគច្រើន តែងនាំគ្នាសំអាតផ្ទះសំបែងឲ្យស្អាត ដើម្បីបណ្ដេញឧបទ្រពចង្រៃ និង ទិញសម្លៀកបំពាក់ថ្មីៗជូនអ្នកមានគុណ រួមទាំងទៅធ្វើបុណ្យកុសលនៅតាមវត្តអារាមនានា ដើម្បីទទួលពរជ័យឆ្នាំថ្មី។

សាកល្បងធ្វើបែបនេះប្រសិនបើអ្នកជឿ និង ចាប់អារម្មណ៍អំពីអបិយជំនឿនៃការនាំសំណាង ពេញមួយឆ្នាំ៕

ប្រភព៖ Goodhousekeeping

សូមទស្សនាវីដេអូខាងក្រោម៖

Telegram-Troryorng
Share.