ក្លិបបាល់ទាត់ FC Augsburg បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាយកខ្សែប្រយុទ្ធ​ Ricardo Pepi ពីក្លិប FC Dallas ក្នុងតម្លៃ​ផ្ទេរ ២០លានដុល្លារ ជាមួយកិច្ចសន្យារយ:ពេល៥ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៧។

Ricardo Pepi កើតនៅឆ្នាំ២០០៣ ក្នុងទីក្រុង El Paso រដ្ឋ Texas សហរដ្ឋ​អាមេរិក បច្ចុប្បន្នទើបតែមានវ័យ១៨ឆ្នាំប៉ុណ្ណោះ គាត់គឺជាថ្នាលយុវជនរបស់ក្លិប FC Dallas ហើយត្រូវបានប្រម៉ូដពីក្រុមយុវជនអាយុ ឡើងមកកាន់ក្រុមឈុតធំ នៅឆ្នាំ២០១៩ បង្ហាញខ្លួនសរុប៥៥លើក ស៊ុតបញ្ចូលទីបាន១៥គ្រាប់។

សម្រាប់ក្រុមជម្រើសជាតិសហរដ្ឋ​អាមេរិក Ricardo Pepi ធ្លាប់ជាប់ឈុតយុវជនអាយុ១៧ឆ្នាំ ចន្លោះឆ្នាំ២០១៨-១៩ បង្ហាញខ្លួនបាន១៧លើក ស៊ុតបាន៧គ្រាប់ ហើយនៅឆ្នាំ២០២១ Ricardo ត្រូវបានលោក Gregg Berhalter តំឡើងមកកាន់ឈុតធំ បង្ហាញខ្លួនបាន៧លើក ស៊ុតបាន៣គ្រាប់។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​រូប​គេ ឈ្នះ​ពានរង្វាន់​កីឡាករ​វ័យក្មេង​ល្អ​ជាង​គេ​ប្រចាំ​លីគ​បាល់ទាត់​សហរដ្ឋអាមេរិក MLS Young Player of the Year ក្នុង​ឆ្នាំ​២០២១ នេះ​ទៀត​ផង។

ចំណែកឯក្រុម FC Augsburg ដែលស្ថិតនៅក្នុងលីគកំពូលរបស់ប្រទេសអាល្លឺម៉ង់ Bundesliga បច្ចុប្បន្នកំពុងឈរលេខរៀងទី១៥ ក្រោយឆ្លងកាត់១៧ប្រកួត ឈ្នះ៤ ស្មើ៦ និងចាញ់៧ មាន១៨ពិន្ទុ៕

Telegram-Troryorng
Share.