ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សប្រុស-ស្រី៣នាក់ រងរបួស ក្នុងនោះមាន២នាក់ ប្តីប្រពន្ធរងរបួសធ្ងន់ ចំណែកស្ត្រីម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរមួយកើតឡើង រវាងរថយន្តFord បើកដោយបុរសជនជាតិចិន បុកពីក្រោយ រ៉ឺម៉កម៉ូតូលក់ប្រហិតចៀន ក្រឡាប់កំពប់ខ្ទាតខ្លាញ់ស្រោចលើខ្លួន កំពប់អស់ទាំងឥវ៉ាន់ សាច់ ប្រហិត ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថីចោមចៅ ចំណុចភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកford ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2AS-7067 បើកដោយបុរសជនជាតិចិន រួមដំណើរជាមួយបុរស ជនជាតិចិន ២នាក់ទៀត តាមបណ្តោយមហាវិថីចោមចៅ ពីកើតទៅលិច ល្បឿនលឿន លុះដល់ចំណុច កើតហេតុ ជ្រុលបុកពីក្រោយរ៉ឺម៉កម៉ូតូ អ្នកលក់ប្រហិតចៀន ២នាក់ប្តីប្រពន្ធ ក្នុងដំណើរ ស្របទិស បណ្តាលឲ្យក្រឡាប់រ៉ឺម៉ក ខ្ទាតខ្លាញ់ស្រោចលើខ្លួនរបួសធ្ងន់ ទាំង២នាក់ ប្តីប្រពន្ធ ហើយក៏ខ្ទាតទៅប៉ះស្ត្រីម្នាក់ផ្សេងទៀត កំពុងដើរថ្មើរជើង បណ្តាលឲ្យរងរបួសស្រាល ឥវ៉ាន់ សាច់ ប្រហិត កំពប់ខ្ចាយអស់តាមផ្លូវ រថយន្តខ្ទេចផ្នែកខាងមុខ ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ឃាត់អ្នកបើកបរ នាំទៅសំចតនៅ ប៉ុស្តិ៍។ ចំណែកជនរងគ្រោះទាំង៣នាក់ ប្រុស១នាក់ ស្រី២នាក់ ត្រូវបានរថយន្តគ្លីនិក ឯកជន ដឹកយកទៅសង្គ្រោះ ។

ចំពោះរថយន្តនិងរ៉ឺម៉កម៉ូតូ រួមទាំងអ្នកបើកបរជាជនជាតិចិនម្នាក់ ត្រូវបានប្រគល់ឲ្យ ខាង ការិយាល័យចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងប្រមូល យកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.