
យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា លោក សោម ចំណាប់ នឹងដឹកនាំក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ដើម្បីហ្វឹកហាត់ត្រៀមចេញទៅប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម ក្នុងខែវិច្ឆិកា ខាងមុខ។
លោក សោម ចំណាប់ ធ្លាប់ជាប់ឈ្មោះក្នុងក្រុមកីឡាករជម្រើសជាតិបាល់ទះឆ្នេរខ្សាច់នៅឆ្នាំ២០០៣ ហើយនៅឆ្នាំ២០០៥ ធ្លាប់បានចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន ខណៈឆ្នាំ២០០៧ បានចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសថៃ និងធ្លាប់ឈ្នះបានមេដាយសំរឹទ្ធ ផងដែរ។ កាលពីឆ្នាំ២០០៨ លោកធ្លាប់តំណាងឱ្យកម្ពុជា ចេញទៅប្រកួតក្នុងកីឡាអាស៊ី នៅប្រទេសកាតារ។ នៅឆ្នាំ២០០៨ កម្ពុជា មាន រៀបចំការប្រកួតបាល់ទះឆ្នេរខ្សាច់អន្តរជាតិមួយពេលនោះលោកឈ្នះទទួលបានមេដាយ ប្រាក់ផងដែរ។
ចូលដល់ឆ្នាំ២០០៩ លោកបានចេញទៅប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០០៩ នៅប្រទេសឡាវ តែស៊ីហ្គេមឆ្នាំ២០១១ នៅឥណ្ឌូណេស៊ី លោកប្ដូរទៅលេងបាល់ទះក្នុងសាល។
លោកជាអតីតកីឡាករនៅក្លិបក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នជាគ្រូបាល់ទះនៅក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
