ថ្មីៗ​​មាន​រឿង​ក្ដៅ​គគុក​មួយ​បាន​កើត​ឡើង​នៅ​​លើ​បណ្ដាញ​សង្គម​ប្រទេស​កូរ៉េ​ ដោយសារ​តែ​តារា​ចម្រៀង​សញ្ជាតិ​ចិន​នៅ​ក្នុង​ក្រុម​ចម្រៀង​កូរ៉េ​ម្នាក់​មិន​ព្រម​លត់​ជង្គង់​ជូនពរ​អ្នក​គាំទ្រ​ជនជាតិ​កូរ៉េ​ រហូត​ធ្វើ​ឱ្យ​អ្នក​លេង​អ៊ិនធឺណិត​ចូល​មក​បណ្ដេញ​កញ្ញា​ចេញ​ពី​​ប្រទេស​​ប៉ុន្តែ​សម្រាប់​អ្នក​គាំទ្រ​ជនជាតិ​បែរ​ជា​កោត​សរសើរ​កញ្ញា​ដែល​ប្រកាន់គោល​ជំហរ​ជូន​ពរ​តាម​បែប​ប្រពៃណី​ចិន​។​​

រឿង​ហេតុ​ដែល​បង្ក​ឱ្យ​កើត​មាន​បញ្ហា​ចម្រូងចម្រាស​នេះ​កើត​នៅ​ក្នុង​កម្មវិធី​ Meet and Greet ជូនពរ​ឆ្នាំ​ថ្មី​រវាង​ក្រុម​ចម្រៀង​ Everglow និង​អ្នក​គាំទ្រ​។ ខណៈ​ដែល​សមាជិក​ក្រុម​ទាំង​អស់​លុត​ជង្គង់​ហើយ​ឱន​ក្បាល​ដល់​ដី​ដើម្បី​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ហ្វេន​ៗ​តាម​ទំនៀមទំលាប់​កូរ៉​ ​កញ្ញា​ Wang Yiren សមាជិក​សញ្ជាតិ​ចិន​​គឺជា​សមាជិក​តែម្នាក់​បែរ​ជាឈរ​ហើយ​ក្ដោប​ដៃ​ដើម្បី​ជូនពរ​អ្នក​គាំទ្រ​ដែល​សកម្មភាព​របស់​កញ្ញា​គឺ​ធ្វើ​ទៅ​តាម​ទំនៀមទំលាប់​ជនជាតិ​ចិន​។ ទង្វើ​របស់​ស្រីស្រស់​រូប​នេះ​ត្រូវ​បាន​ជនជាតិ​កូរ៉េ​រិះគន់​យ៉ាង​ខ្លាំង​។

Yiren និង​ក្រុម​ Everglow

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ South China Morning Post បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មករា ឆ្នាំ​២០២២ ថា​ការ​លុត​ជង្គង់​ចាត់​ទុក​ជា​ទង្វើ​ទន់ភ្លន់​ដាក់​ខ្លួន​ក្នុង​វប្បធម៌ចិន​ប៉ុន្តែ​បច្ចុប្បន្ន​ការ​លុត​ជង្គង់មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វិធី​សាស្ត្រ​មួយ​ស័ក្តិសម​នោះ​ទេ​ប៉ុន្តែ​ជនជាតិ​កូរ៉េ​នៅ​ប្រើ​ប្រាស់​វិធី​លុត​ជង្គង់​ដើម្បី​គោរព​រាក់ទាក់​និង​សម្ដែង​សេចក្ដី​ដឹង​គុណ​នៅ​ឡើយ​។

វិធី​សាស្ត្រ​ជូនពរ​ឆ្នាំ​ថ្មី​របស់​ Yiren ត្រូវ​បាន​ជនជាតិ​ចិន​សរសើរ​តែ​កញ្ញា​រង​នូវ​ការ​វាយ​ប្រហារ​និង​រិះគន់​ខ្លាំង​ពី​សំណាក់​អ្នក​លេង​អ៊ិនធឺណិត​របស់​ប្រទេស​កូរ៉េ​ដោយ​មាន​អ្នក​ Comment បែប​បណ្ដេញ​កញ្ញា​ចេញ​ពី​ប្រទេស​ដូច​ជា​«ត្រលប់​ទៅ​ចិន​វិញ​ទៅ​» និង​«កុំ​មក​រក​លុយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​»។ ខណៈ​ដែល​នៅ​លើ​វែបសាយ​ Allkpop ដែល​ជា​វែបសាយ​ផ្សព្វផ្សាយ​ពី​សិល្បៈ​កូរ៉េ​ជា​ភាសាអង់គ្លេស​ដ៏​ធំ​ក៏​មាន​អ្នក​ Comment រិះគន់​ចំពោះ​កញ្ញា​ដែរ​ថា​«ទង្វើ​នេះបង្ហាញ​ឱ្យ​ឃើញ​ថា​ជនជាតិ​ចិន​អឿ​និង​មិន​គោរព​ចំពោះ​វប្បធម៌​ជាតិ​សាសន៍​ដទៃ​» «ឈប់​រក​លុយ​នៅ​ប្រទេស​កូរ៉េ​ហើយ​ត្រលប់​ទៅ​ចិន​វិញ​ទៅ​» ។

ទោះ​ជា​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ប៉ុន្តែ​ជនជាតិ​ចិន​បែរ​ជា​លើក​សរសើរ​នូវ​ការ​ហ៊ាន​បង្ហាញ​គោល​ជំហរ​របស់​ Yiren ហើយ​ចេញ​មក​ការពារ​តារា​ស្រី​រូប​នេះ​នៅ​ Weibo ដោយ​ Comment ជនជាតិ​ចិន​មាន​ដូច​ជា​«ជនជាតិ​ចិន​មិន​លុត​ជង្គង់​» និង​«ខ្ញុំ​មាន​មោទកភាព​ចំពោះ​តារា​ចម្រៀង​ម្នាក់​នេះ​ដែល​រក្សា​ប្រពៃណី​របស់​ចិន​» ជា​ដើម​។

ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ចេញ​មក​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ករណី​នេះ​ថា​ កត្តា​វប្បធម៌​ខុស​គ្នា​ធ្វើ​ឱ្យ​តារា​ចម្រៀង​រូប​នេះ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​ ដោយ​គេ​បាន​លើក​ឡើង​ថា​ «បើ​តារា​ចម្រៀង​រូប​នេះ​លុត​ជង្គង់​នឹង​ត្រូវ​ជនជាតិ​ចិន​វាយ​ប្រហារ​រិះគន់​ថា​ភ្លេច​កំណើត​ ប៉ុន្តែ​បើ​កញ្ញា​មិនលុត​ជង្គង់​នឹង​ត្រូវ​ជនជាតិ​កូរ៉េ​យល់​ថា​កញ្ញា​មិន​គោរព​វប្បធម៌​ប្រពៃណី​របស់​កូរ៉េ​» គិត​ទៅ​ការ​ធ្វើ​ជា​តារា​ចម្រៀង​ពិត​ជា​លំបាក​ណាស់​។

យ៉ាង​ណាមិញ​ក្រោយ​ផ្ទុះ​រឿង​ចម្រូងចម្រាស​ផ្អើល​បណ្ដាញ​សង្គម​ទាំង​ពីរ​ប្រទេស​​នេះ​កើត​ឡើង​ ទាំង​កញ្ញា​ Wang Yiren និង​ផលិតកម្ម​ Yeu Hua Entertainment ដែល​គ្រប់គ្រង​លើ​កញ្ញា​នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ ហើយ​មិន​បាន​ចេញ​មក​ពន្យល់​ឬ​បកស្រាយ​ចំពោះ​ករណី​​ខាង​លើ​នេះ​នោះ​ទេ។

មួយ​វិញ​ទៀត​ក្រោយ​ផ្ទុះ​រឿងរ៉ាវ​នេះ​ឡើង​ ​មក​ដល់​ពេល​នេះ​ Yiren បាន​ព្យួរការងារ​ទាំង​អស់​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ហើយ​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​សិន​។​

Telegram-Troryorng



Share.