ដោយមាន​ការជួយជ្រោមជ្រែង​ពី​លោក ខេមរៈ សិរីមន្ត តារាចម្រៀង​នៅ​ផលិតកម្ម​ហង្ស​មាស និង​លោក ខេមរៈ ភា​រុណ អ្នកនិពន្ធ​បទ​ចម្រៀង​ល្បី ទើប​ប្អូនស្រី​ជីទួតមួយ​ដែលមាន​ឈ្មោះ អ៊ិត ជូ​លី​ណា អាច​បោះ​ជំ​ហ៊ាន​ចូល​វិថី​សិល្បៈ រហូតដល់​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ រួមទាំង​ហ្វេ​ន​របស់​តារា​ស្រី ខេមរៈ ស្រី​ពៅ។ អ្នកគាំទ្រ​បានលើកឡើង​ថា តារាចម្រៀង​ស្រី​វ័យក្មេង​រូបនេះ​ទឹកដម​សម្លេង​ផ្អែម​ពីរោះ​ដូច​កញ្ញា ខេមរៈ ស្រី​ពៅ ដោយសារ​តែមាន​ជាប់សាច់​ឈាម​នឹង​គ្នា។

អ៊ិត ជូ​លី​ណា បាន​លើកឡើងថា កន្លងមក​ពិតជា​ទទួល​បានការ​ពោល​បែប​នោះ​មែន តែ​កញ្ញា​បាន​បញ្ជាក់ថា ការពិតទៅ​ការប្រើ​ស្ទា​យ​ក្នុង​ច្រៀង គឺ​ពិតជា​បាន​យក​ស្ទា​យ​ខ្លះ​ពីបងស្រី ខេមរៈ ស្រី​ពៅ ដែលជា​ម្ចាស់​បទ​ដើម ក៏ប៉ុន្តែ​ភាគច្រើន​គឺ​កញ្ញា​ប្រើ​ស្ទា​យ​របស់​ខ្លួនឯង​ច្រើនជាង​នៅពេល​បកស្រាយ​បទ​ចម្រៀង។ រហូតមកទល់​ឆ្នាំ២០២២នេះ កញ្ញា អ៊ិត ជូ​លី​ណា បាន​បញ្ចេញ​បទ​ចម្រៀង​របស់ខ្លួន​បានជា​ច្រើន​បទមក​ហើយ នៅក្នុង​នោះគេ​ចាប់អារម្មណ៍​ឃើញ​មាន​បទល្បីៗដូចជា «ទុកពេល​ឱ្យ​បង​កែខ្លួន» «គេ​កូនអ្នកមាន​សាច់ឈាម​មិន​ដូច​បង​ទេ» «សម​មុខ​ហើយ​ដែល​អូន​ក្បត់​បង» និង​មាន​បទ​ចម្រៀង​ជាច្រើន​ទៀត ដែល​សុទ្ធសឹង​ជា​បទ Original។

ក្រៅពី​មាន​សមត្ថភាព​ច្រៀង​ពីរោះ​ហើយ​នោះ គេ​ក៏បាន​កត់សម្គាល់​ឃើញថា កញ្ញា អ៊ិត ជូ​លី​ណា មាន​ទេពកោសល្យ​ដែល​អាច​និពន្ធ​បទ​ចម្រៀង និង​Melody ចម្រៀង​បាន​ថែម​ទៀតផង។ អ៊ិត ជូ​លី​ណា បាន​ប្រាប់​ពី​បំណង​ទៅ​ថ្ងៃ​អនាគត​របស់ខ្លួន​ថា កញ្ញា​មាន​មហិច្ឆតា​ក្នុង​ចិត្ត​ចង់​ក្លាយជា​តារាចម្រៀង​ល្បីឈ្មោះ​ដូចជា​លោក ខេមរៈ សិរីមន្ត និង​ដូចជា​តារាចម្រៀង ខេមរៈ ស្រី​ពៅ ដែរ។ ហើយ​ប្រសិនបើ​មានឱកាស​ល្អ កញ្ញា​ចាប់​អាជីព​ផ្សេង​ក្រៅពី​សិល្បៈ ដែលជា​អាជីព​បន្ទាប់បន្សំ តែ​ក៏​មិន​ចោល​អាជីព​ចម្រៀង​ជាដាច់ខាត៕

Telegram-Troryorng
Share.