កាលពីថ្ងៃម្សិលមិញនេះ ថៅកែពេជ្រ ទ្រីដាណា បានបង្ហោះសារបង្ហាញការអាណិតអាសូរខ្លាំងចំពោះតារាកំប្លែងជើងចាស់ លោក តាចេក។ លោកស្រីបានប្រកាសថា នឹងផ្ដល់ដើមទុនមួយចំនួនសម្រាប់លោក តាចេក ដើម្បីធ្វើការប្រកបរបររកស៊ី និងប្រាប់ទៅកាន់មហាជនឱ្យជូនដំណឹងមកលោកស្រីផង នៅពេលដែលបានជួបលោកតាចេក។

ជាក់ស្តែងនៅរសៀលថ្ងៃនេះ លោកស្រី ទ្រី ដាណា បានជួបលោក តាចេក តាមគម្រោង និងបានប្រគល់ថវិកាឧបត្ថម្ភចំនួន២ពាន់ដុល្លារនិងសម្ភារមួយចំនួនទៀតរួមមាន ធុង អង្ករ មី ទឹកសុទ្ធ ភួយ និងគ្រឿងឧបភោគបរិភោគមួយចំនួន។ បើតាមសំណេររបស់លោកស្រី ទ្រី ដាណា បានរៀបរាប់នៅហ្វេសប៊ុករបស់ខ្លួនថា «បានជួបលោកតាចេកហើយ អាណិតគាត់ ហើយក៏គួរអោយគោរពខ្លាំង ជូនគាត់ 2000$ និងអំណោយស្បៀងអាហារមួយចំនួន។ គាត់ថា មិនសុំជំនួយអ្នកណាទេ ខ្លាចប៉ះពាល់កិត្តិយសសិល្បៈករចាស់ៗ តែបើគេជូន គឺជាបុណ្យ។ គាត់ថា ចង់ទិញរឺម៉កស្រាលៗតម្លៃជាង ៣០០ដុល្លារ ដើម្បីដឹកបន្លែ ផ្លែឈើទៅលក់ ព្រោះអាមុនធ្ងន់ពេក ទើបក្រឡាប់។ ចឹងជូនគាត់ ២ពាន់ដុល្លារ គ្រាន់ទុកមើលខ្លួនផង ព្រោះមើលទៅ គាត់មិនទាន់ជាស្រួលបួល នៅឈឺជើងទៀត ដើរចេញទៅនៅមិនទាន់ត្រង់ផ្លូវផង»។

នៅក្នុងវីដេអូរបស់លោកស្រី ទ្រី ដាណា ក៏បានបង្ហាញឱ្យឃើញពីលោក តាចេក រៀបរាប់សម្ដីពិតចេញពីចិត្តថា លោកមិនហ៊ានទទួលជំនួយពីអ្នកណាទេ កុំឱ្យមហាជនមើលឃើញថា សិល្បករចាស់ៗមានរឿងអីក៏សុំជំនួយ ដែលនាំឱ្យខូចឈ្មោះដល់សិល្បៈ។ លោកតាថា ដោយសព្វថ្ងៃនេះលោកតា ក៏មានដៃជើងនៅសភាពម៉ាំទាំនៅឡើយ អាចប្រកបរបររកស៊ីបាន ទើបមិនចង់ឱ្យមានពាក្យនិន្ទាថា សិល្បករចាស់ៗ មានការអីបន្តិចសុំ អីបន្តិចសុំគេ ពោលគឺលោកតាមិនចង់បានដូច្នោះឡើយ៕

Telegram-Troryorng
Share.