មក​ទល់​សព្វ​ថ្ងៃនេះ​ ជំនឿ​ដែល​ពាក់​ព័ន្ធ​ជា​មួយ​មន្ត​អាគម​«កូនក្រក»​ គឺ​នៅ​តែ​ដក់​ជាប់​ក្នុង​ផ្នត់​គំនិត​មនុស្ស​នា​សម័យ​នេះ​មិន​សាប​សូន្យ​។ តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ​ គ្រូ​មន្ត​អាគម​តែងតែ​មាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​អាគម​ «កូនក្រក»​ ជា​វត្ថុ​ស័ក្ដិ​​សិទ្ធិ​អាច​​ការពារ​​ស​ត្រូ​វ​មិន​ឱ្យមក​បៀ​ត​បៀ​ន​ខ្លួន​បាន​។

គ្រូ​មន្តអាគម​បាន​តំណាល​តៗ​គ្នា​អំពី​អាគម​«កូនក្រក»ឱ្យ​បាន​ដឹង​ថា​ ដើម្បី​មន្ដ​អាគម​កូន​ក្រក​កាន់​តែ​ពូកែ​ស័ក្ដិ​សិទ្ធ​ខ្លាំងក្លា​នោះ សូ​ម្បី​តែ​ប្រពន្ធហ៊ាន​ស​ម្លា​​ប់ លូក​ខ្វេះ​ ឬ​វះ​ពោះ​យក​កូន​ ទៅ​ឆ្អើរ​បង្កើត​ជា​កូ​ន​ក្រ​ក​ រុំ​អំបោះ​ឆៅ​រួច​សែក​មន្ដ​គាថា​សង្កត់​ព្រលឹង​ផង​ដែរ។ បើ​តាម​សៀវភៅ​មន្ត​អាគម​ខ្មែរ​ ក៏​បាន​រៀបរាប់​ដែរ​ថា​ «កូនក្រក»​ គឺ​ជា​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ ទើប​បាន​៣​ខែ ទៅ​៥​ខែ ហើយ​ត្រូវ​ម្តាយ​យល់​ព្រម​ប្រគល់​ឱ្យ​ដោយ​ប្រើ​វិធី​វះ​កាត់​យក​។ អ្នក​កាន់​កូន​ក្រក​បើ​ថែ​រក្សា​ថ្នាក់​ថ្នម​កូន​ក្រក​នោះ​បាន​ល្អ​ ក៏​ត្រូវ​បាន​កូន​ក្រក​ស្រលាញ់​តប​វិញ​ តែ​ប្រសិន​មិន​បាន​ថែរក្សា​ថ្នាក់ថ្នម​ ឬ​ទុក​កូន​ក្រក​នោះ​ចោល​ កូន​ក្រក​នឹង​ធ្វើ​ទុក្ខ​ទោស​ដល់​អ្នក​ប្រើ​នោះ​វិញ​។

យ៉ាង​ណា​មិញ​ គេ​ក៏​បាន​សម្គាល់​ឃើញ​ថា​ មាន​ហេតុ​ការណ៍​ពិត​មួយ​ចំនួន​ដែល​ល្បី​រន្ទឺ​នៅ​សង្គម​ ដោយ​មាន​ការ​ប្រើ​ប្រាស់​មន្ត​អាគម​ «កូនក្រក» ក្នុង​ផ្លូវ​ងងឹត​ រហូត​ដល់​មាន​ផលិតករ​ភាពយន្ត​ លើក​យក​ព្រឹត្តិការណ៍​នោះ មក​ផលិត​ជា​ខ្សែ​ភាពយន្ត​។ ថ្ងៃ​នេះ​សារព័ត៌មាន​ត្រយង​នឹង​នាំ​អារម្មណ៍​អ្នកគាំទ្រមកដឹងពីភាពយន្ដរន្ធត់២រឿង ដែលបានផ្អែកលើរឿងពិតបង្ហាញពីជំនឿមន្ដអាគម «កូនក្រក»។​

.ភាពយន្ដ«កូនក្រក» ទាក់ទងនឹងព្រឹត្តិការណ៍មេចោរ «រ៉ាស្មាច់»

កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៨ ផលិតកម្ម LD Picture បានបញ្ចេញភាពយន្ដមួយមានចំណងជើងថា «កូនក្រក» ដែលបានលាតត្រដាងសាច់រឿងទាក់ទងនឹងការប្រើប្រាស់កូនក្រកគឺមេចោរចាប់ជំរិតក្នុងអំឡុងទសវត្សរិ៍ទី៩០ ឈ្មោះអារ៉ាស្មាច់ មានឈ្មោះល្បីល្បាញខ្លាំង នឹងការប្រើកូនក្រកនេះ ក៏ប៉ុន្តែអ្នកដឹកនាំរឿងបានអះអាងថា រឿងនេះមិនមែនជារឿងពិតរបស់មេចោរចាប់ជំរិតរូបនេះនោះទេទាំងស្រុងនោះទេ ។ សាច់រឿងគឺមានការជាប់ទាក់ទងតែនឹងអបិយជំនឿរបស់ខ្មែរដែលនិយាយពីកូនក្រកដែលប្រើប្រាស់ជីវិតកូននិងប្រពន្ធដើម្បីបំពេញមហិចតាខ្លួនឯង ។

យ៉ាងណាក្ដី នៅពេលបញ្ចេញ Trailer ដំបូងនៃភាពនេះ គឺបានបង្ហាញភាពសាហាវភ័យរន្ធត់ខ្លាំងពេក ឬបណ្ដាលឱ្យប្រព័ន្ធផ្សព្វផ្សាយយូធូប បិទមិនឱ្យវីដេអូ Trailer រឿងនេះមានមហាជនទស្សនាឡើយ។ ផលិតកម្ម LD Picture ក៏បានបញ្ចេញ Trailer ថ្មីៗមួយទៀត ដោយបានកាត់ប្លង់សំខាន់ៗចេញ។ ភាពយន្ដនេះត្រូវបានដឹកនាំសម្ដែងដោយ នាយ ពែកមី។

.ភាពយន្ដវៀតណាម THẤT SƠN TÂM LINH (Kumanthong)2019

ភាពយន្ដនេះបានផ្អែកទៅលើរឿងដែលកើតឡើងពិតក្នុងខេត្តមួយនៃប្រទេសវៀតណាម។ ទាក់ទងនឹងស្រីគម្នាក់ ដែលនាងបានរៀបការជាមួយបុរសជាគ្រូអាគមដែលជាទាយាទបន្ដវេនរបស់គ្រូអាគមកូនក្រក។ គ្រូអាគមនេះទើបតែមកស្នាក់នៅក្នុងភូមិនេះថ្មីៗ តាំងពីពេលហ្នឹងមកមានតែរឿងអាក្រក់កើតឡើងទាក់ទិនអាគមផ្លូវងងឹត ហើយគ្រូម្នាក់នេះគាត់តែងតែព្យាយាមសុំកូនពីមនុស្សស្រី និងចង់សម្លាប់មនុស្សស្រីយកក្បាលទុកពិធីកម្មបន្ដវេនទាយាទ ដើម្បីធ្វើជាកូនក្រកបម្រើគាត់រហូតទៅនិងដើម្បីធ្វើឱ្យព្រលឹងម្ដាយខ្លួនឯងវិលមកជាកូនក្រកដើម្បីនៅជាមួយគាត់ជារៀងរហូត។

អំពើអាក្រក់ទាំងអស់នោះ ត្រូវបានស្រីគជាប្រពន្ធដឹង ហើយរត់ទៅប្ដឹងប៉ូលីស តែទីបំផុតនៃរឿងនាងក៏ត្រូវប្ដីប្រុងសម្លាប់កាត់ក្បាលយកមកធ្វើពិធីកម្មជំនួស។ លុះផ្អើលអស់អ្នកភូមិបានដឹងពីរឿងនេះ ប៉ូលីសចាប់ខ្លួនគ្រូអាគមនេះបាន និងស្រីមេបនម្នាក់ទៀត ដែលតែងនាំស្រីៗឱ្យគ្រូនោះបញ្ចុះមន្ដស្នេហ៍ ព្រមទាំងរកឃើញសាកសពមនុស្សស្រីជាច្រើននាក់នៅក្រោមផ្ទះគ្រូអាគមនោះទៀតផង។

ភាពយន្ដរន្ធត់ទាំងពីរនេះ ប្រសិនបើបានទស្សនាហើយ សូមប្រើវិចារណញ្ញាណក្នុងការទស្សនា មិនគប្បីយកទង្វើនេះទៅប្រព្រឹត្តិនៅក្នុងសង្គមឡើយ៕

Telegram-Troryorng

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Share.