លោក សៀន សិទ្ធគន្ធ ត្រូវបានមហាជនស្គាល់ថា ជាអ្នកជំនាញថតរូបប្រចាំហាង Foto City ដែលមានឈ្មោះបោះសំឡេងជាយូរឆ្នាំមកហើយ។ បើតាមដឹង អ្នកជំនាញរូបសង្ហានេះបានបញ្ចប់ការសិក្សាជំនាញទាំងផ្នែកថតរូប និងភាពយន្ដពីប្រទេសថៃ។ លោកបានសាងភាពទាក់ទាញឱ្យតារាសិល្បៈជាច្រើនដួងតាមរយៈរូបភាពដែលបានបញ្ចេញផ្សាយទាំងនៅលើ ទស្សនាវដ្ដី និងនៅលើបណ្ដាញសង្គម។
ក្រោយពីបានជោគជ័យលើអាជីពថតជាច្រើនឆ្នាំ លោក សៀន សិទ្ធិគន្ធ បានងាកមកបង្កើតស្នាដៃថតភាពយន្ដវិញម្ដង ដែលការសម្រេចចិត្តរបស់លោកលើកនេះ ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ភាពយន្ដដែលលោកកំពុងដំណើរការថតនេះ មានចំណងជើងថា «ព្រះច័ន្ទញញឹម» ដែលជាប្រភេទរឿង BL ស្នេហាប្រុសនឹងប្រុស។ រឿងនេះមានការចូលរួមសម្ដែងពីតារាល្បីជាច្រើនដួងដូចជា លោក ជា លាងឈែ លោក ឌី វណ្ណថៃ លោក ទេព រិនដារ៉ូ កញ្ញា ញឹម ចាន់ថន និងតារាកិត្តិយសជាច្រើនរូបទៀត។
បើតាមការរៀបរាប់ប្រាប់អ្នកសារព័ត៌មានត្រយង លោក សៀន សិទ្ធិគន្ធ បាននិយាយថា « បើនិយាយពីភាពយន្ដ គឺខ្ញុំមានចិត្តស្រឡាញ់តាំងពីតូចមកម៉្លេះ។ ដោយសារម្ដាយខ្ញុំជាអ្នកនិពន្ធរឿងបោះពុម្ភផ្សាយជាសៀវភៅលក់ ទើបជាហេតុធ្វើឱ្យខ្ញុំចូលចិត្តលើវិស័យមួយនេះផងដែរ។ ពីតូចមកខ្ញុំបានចិញ្ចឹមចិត្តស្រឡាញ់វិស័យភាពយន្ដ តាមរយៈការទស្សនាភាពយន្ដឥណ្ឌា នឹងធ្លាប់រំពឹងទុកថា ថ្ងៃណាមួយខ្ញុំនឹងបានផលិតភាពយន្ដមួយដែលជាស្នាដៃរបស់ខ្លួនផ្ទាល់»។ លោកបន្ដថា កាលពីមុនឡើយលោកបានធ្វើជាវីដេអូឃ្លីបខ្លីៗបង្ហោះនៅលើបណ្ដាញសង្គម ហើយទទួលបានការគាំទ្រពីមហាជនច្រើនដូចជា វីដេអូ Miss Foto City ដែលសម្ដែងដោយកញ្ញា រ៉ូលីន រហូតធ្វើឱ្យកញ្ញាជាប់ឈ្មោះថា Rolin Miss PhotoCity ។
លោក សៀន សិទ្ធិគន្ធ បានរៀបរាប់បន្តទៀតថា រឿង «ព្រះច័ន្ទញញឹម» ត្រូវបាននាំអារម្មណ៍អ្នកទស្សនាវិលទៅកាន់អតីតកាលនៅពេលរៀននៅវិទ្យាល័យ ដែលលោកបានលើកយកបញ្ហាគ្រួសារមួយ ដែលមានកូនប្រុសមានចិត្តជាមនុស្សស្រី ចូលចិត្តរាំ និងស្រឡាញ់របស់គ្រប់យ៉ាងដែលដូចមនុស្សស្រីទូទៅចង់បាន។ ក្មេងប្រុសរូបនោះ រងការបង្អាប់ពីមិត្តភ័ក្ដនៅក្នុងសាលាថាជា ខ្ទើយ និងមានចិត្តស្រឡាញ់មិត្តខ្លួនឯងជាមនុស្សប្រុសផងដែរ។ លោក សិទ្ធិគន្ធ ថា «រឿងនេះបានផ្ដល់តម្លៃអប់រំឱ្យមហាជនបានដឹងដូចជា ទី១គឺ ឪពុកម្ដាយភាគច្រើនមិនចូលចិត្តកូនប្រុសដែលមានចរិតទន់ភ្លន់ញិកញ៉ក់ទេ គឺតែងតែចង់ឱ្យកូនប្រុសមានចរិតរឹងមាំ សមជាមេគ្រួសារ។ តែនៅទីបំផុត កូនគឺនៅតែជាកូនដដែរ ទោះបីជាយ៉ាងណាក៏ឪពុកម្ដាយមិនកែធម្មជាតិរបស់គាត់បានដែរ។ ទី២ ការប្រពិត្តិអំពើល្អដែលមិនសាបសូន្យ។ បើទោះបីជាត្រូវមិត្តភ័ក្ដបង្អាប់ មើលងាយដោយសម្ដីអាក្រក់ៗក៏ដោយ តែការមិនតបត និងប្រឹងប្រែងធ្វើអំពីល្អទៅកាន់ពួកគេវិញនោះ ថ្ងៃណាមួយអំពើល្អនឹងតបស្នងយើងវិញ។ ចំពោះតម្លៃអប់រំទី៣នោះគឺ សេចក្ដីស្នេហាដែលយើងរំពឹងទុកថានឹងទទួលជោគជ័យ។ តែការពិតទៅ យើងកុំរំពឹងខ្ពស់ពេក សូម្បីតែ១នាទីដែលយើងធ្វេសប្រហែស ក៏អាចបរាជ័យវិញបានដែរ»។
យ៉ាងណាមិញ អ្នកដឹកនាំរឿងរូបនេះក៏បានអះអាងថា ទោះបីជារឿងនេះបញ្ចេញទៅទទួលបានការគាំទ្រនៅកម្រិតណាក៏ដោយ ក៏លោកនៅតែបន្តទឹកចិត្តផលិតភាពយន្ដស្នាដៃក្រោយៗទៀតផងដែរ។ លោកមានជំនឿចិត្តថា ការសាងភាពយន្ដដោយចិត្តស្រឡាញ់ គឺយើងមិនរំពឹងពីផលតបស្នងប៉ុន្មានទេ តែយើងចង់បង្ហាញប្រាប់មហាជនថា យើងអាចធ្វើបានទៅវិញទេ។
លោក សៀន សិទ្ធិគន្ធ បានបង្ហើបទៀតថា កម្រោងក្រោយៗទៀតរបស់លោក គឺបានផ្ដោតទៅភាពយន្ដស៊ីអារម្មណ៍ រឿងខ្មោចនិងកំប្លុងកំប្លែងវិញម្ដង បន្ទាប់ពីបញ្ចប់ប្រភេទរឿងស្នេហាខាងលើនេះ៕