ទឹកជ្រោះផ្អោក នៅតែជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ ក្នុងស្រុក ព្រោះជាទីកម្សាន្តមានលក្ខណៈធម្មជាតិ ម្ហូបអាហារឆ្ងាញ់ មានតម្លៃសមរម្យ ហើយតែមទាំងសម្បូរត្បូងមានតម្លៃ ប្រចាំខេត្តតាកែវ។ ទឹកជ្រោះផ្អោក មានប្រវែង ប្រមាណជា ១ ០០០ ម៉ែត្រ និង ទទឹង២ម៉ែត្រ ដែលហូរ ពីលើភ្នំ ហើយកាត់ថ្មដាតូច-ធំ ចុះមក ករោម និង មានផ្ទះស្បូវសម្រាប់អង្គុយលេងកម្សាន្ត រួម ទាំងមានលក់ម្ហូបអាហារ ដែលមានតម្លៃថោកសមរម្យ។ 

នៅអំឡុងការផ្ទុះកូវីដ១៩ រមណីយដ្ឋានហាក់ស្ងប់ស្ងាត់ ប៉ុន្ដែចូលមកដល់ខែមករា ២០២២នេះ ភ្ញៀវទេសចរចាប់ផ្ដើមមកកម្សាន្តជាបណ្ដើរៗ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍។ 

ប្រភពពីអ្នកលក់ដូរ នៅរមណីយដ្ឋានជ្រោះផ្អោក បានប្រាប់សារព័ត៌មានត្រយងថា មួយរយៈនេះ ភ្ញៀវចាប់ផ្ដើមមកកម្សាន្តបណ្ដើរៗវិញ ហើយភ្ញៀវភាគច្រើន អ្នកខេត្តតាកែវ និងអ្នកមកពីបណ្ដាខេត្តផ្សេងៗ មកចូលរួមកម្មវិធីនានា ក្នុងខេត្តតាកែវ ក៏ឈាងចូលលេងទឹកជ្រោះផ្អោកនេះ។ នៅទីនេះ ចំណុចសំខាន់នៅក្នុងការទាក់ទាញភ្ញៀវ គឺទឹកជ្រោះត្រជាក់ ហើយការកែច្នៃជាអាង សម្រាប់ឲ្យក្មេងៗ ងូតទឹកលេខ និងមានខ្យូស សម្រាប់អង្គុយលេងផង និងសម្រាកហូបអាហារផង។ មួយទៀតក៏មានភ្ញៀវចង់មកទិញត្បូងមានតម្លៃ ដូចជា ត្បូងទឹកសមុទ្រ ត្បូងកញ្ចក់ ត្បូងផ្កាថ្ម ត្បូងមីសិល និងត្បូងឃ្មុំជាដើ។ 

ប្រភពដដែលបានប្រាប់ទៀតថា នៅទីនេះគេបែងចែកត្បូងជាពណ៌ គឺត្បូងដែលថ្លៃជាងគេ គឺត្បូងពណ៌ទឹកសមុទ្រ ដែលគិត ជាគីឡូ ១គីឡូ ចន្លោះពី ៣ម៉ឺន-៦ម៉ឺន ដុល្លារ (ត្បូងពណ៌សមុទ្រ មិន សូវ មានជាគីឡូទេ ភាគច្រើន មានត្រឹមតែដើម) ត្បូងពណ៌ស តម្លៃ ១ គីឡូ ជាង ១ ០០០ ដុល្លារ និង ត្បូង ពណ៌កាហ្វេ មានតម្លៃ ថោកជាងគេ គឺត្រឹមតែ ៥០ដុល្លារ។

ប្រិយមិត្តដែលចង់ផ្លាស់ប្ដូរបរិយាកាស កាត់បន្ថយភាពតានតឹង នៅចុងសប្ដាហ៍ ប្រសិនបើទៅដល់ខេត្តតាកែវ នោះកុំភ្លេចឈាងចូលរមណីយដ្ឋានទឹកជ្រោះផ្អោក ដែលជាទីកម្សាន្ត មានទឹកជ្រោះធ្លាក់ពីលើភ្នំ សម្បូរព្រៃឈើ តូច-ធំ អមដោយថ្មដា និងចង់ឈ្វេងយល់ពីត្បូងមានតម្លៃ ដែលរកបានពីជ្រលងភ្នំ ឬលើកំពូលភ្នំជាដើម។ ដូច្នេះ ប្រិយមិត្តអាចធ្វើដំណើរទៅកាន់ រមណីយដ្ឋានទឹកជ្រោះផ្អោក គឺអាចធ្វើដំណើរតាមរយៈផ្លូវជាតិលេខ២ ឬលេខ៣ មកដល់ស្រុកគិរីវង់ ខេត្តតាកែវ ដោយមកដល់ ផ្សារដើមទម្លាប់បត់ស្ដាំ ប្រមាណជា ៣ គីឡូ ហើយបត់ឆ្វេងវិញ ប្រមាណជា១គីឡូម៉ែត្រ ឃើញផ្ទាំងប៉ាណូ បង្ហាញពីរមណីយដ្ឋាន ទឹកជ្រោះផ្អោក ក៏បាត់ស្ដាំជិះទៅត្រង់នឹងដល់មិនខាន។ រមណីយដ្ឋាននេះ  ស្ថិតនៅក្នុង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ៕

Share.