ពិធីសែននាំចូលឆ្នាំចិន នឹងមកដល់នៅថ្ងៃទី៣១ ខែមករា ២០២២ ហើយឆ្នាំថ្មីខាល ឆ្នាំថ្មីនេះ តាមក្បួនចិន ឆ្នាំដែលឆុងខ្លាំងជាងគេ គឺឆ្នាំវក និងម្សាញ់ ឯឆ្នាំកុរឆុងតែ ៥០% ប៉ុណ្ណោះ។ ចំពោះឆ្នាំខាល គឺជាឆ្នាំជាន់នឹងឆ្នាំខាល ឆ្នាំថ្មីនេះ ដែលទាមទារឲ្យកាត់ឆុង រំដោះគ្រោះ ដើម្បីទទួលបានសិរីសួស្ដី និងមានលាភ ហេងៗ។ ចំពោះអ្នកឆ្នាំឆុង និងជាន់ឆ្នាំ ត្រូវត្រណមអ្វីខ្លះ? 

លោកតា កុក ឡុង ហោរាចិនសែនល្បីល្បាញនៅកម្ពុជា ប្រាប់ថា រឿង៣យ៉ាងដាច់ខាតកុំធ្វើឲ្យសោះ សម្រាប់ឆ្នាំឆុង និងជាន់ឆ្នាំ ដែលមានដូចខាងក្រោមនេះ ៖ 

  1. កុំជួសជុល ឬទៅកន្លែងការដ្ឋាន៖ ឆ្នាំឆុង ឆ្នាំជាន់ ពុំគួរជួសជុលផ្ទះនោះទេ ហើយក៏ពុំគួរទៅកន្លែងការដ្ឋាននោះដែរ ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗកើតមានលើខ្លួនយើង។ ប៉ុន្ដែប្រសិនបើចាំបាច់ត្រូវទិញផ្ទះថ្មី គឺអាចទិញបាន ប៉ុន្ដែអាចឲ្យតំណាងជាគ្រួសារ ប្ដី ឬប្រពន្ធ ដែលមិនឆុង ឬជាន់ឆ្នាំ ជាអ្នកចេញមុខ។ 
  2. កុំមើលសាកសព ឬក្ដាមម្ឈូសអ្នកស្លាប់៖ ជាទូទៅចិនគេមិនឲ្យទៅមើលសាកសព ដែលស្លាប់តាមដងផ្លូវ ឬសពស្លាប់ភ្លាមៗនោះទេ ព្រោះនឹងនាំឲ្យជួបរឿងមិនល្អសម្រាប់ខ្លួនឯង។ ប៉ុន្ដែបើចាំបាច់ត្រូវចូលរួមបុណ្យសពដោយខានមិនបាននោះ គឺអាចចូលរួមបាន ប៉ុន្ដែនៅឲ្យឆ្ងាយពីក្ដាមម្ឈូស ឬសព ចម្ងាយប្រមាណជា ៣០ទៅ៤០ម៉ែត្រ។ 
  3. កុំប្រើប្រើប្រាស់លេខ ៣និង៤ជាប់គ្នា៖ ហាមដាច់ខាតទិញលេខម៉ូតូ ឡាន ឬលេខទូរសព្ទក្ដី ដែលមានលេខ ៣និង៤ជាប់គ្នា ព្រោះនឹងមិនល្អសម្រាប់យើងនោះទេ ហើយការចូលបុណ្យលេខដែលល្អនោះ គឺលេខ ១,៣,៥, និង៧ ឯលេខ៩ ជាលេខសេះដែរ តែមិនល្អ ហើយលេខគត់ ក៏ពុំគួរដែរ។

ក្រៅពីត្រណមទាំង៣ខាងលើ លោកតា កុង ឡុង បានលើកឡើងថា អាចទៅកាត់ក្រោះនៅវត្តភ្នំ ឬស្រោចទឹក ឬក៏មកជាវយ័ន្ដពីលោកតា ដើម្បីការពារខ្លួន គេចផុតពីគ្រោះថ្នាក់ផ្សេងៗ។ ទន្ទឹមនឹងនេះ លោកតា បានបញ្ជាក់ថា ឆ្នាំឆុងក្ដី ឆ្នាំជាន់ក្ដី គេមិនមែនទស្សទាយតែលើឆ្នាំប៉ុណ្ណឹងទេ គេត្រូវមើលលើ ថ្ងៃ ខែ និងធាតុផ្សេងទៀត ដើម្បីផ្សំផ្ដុំ ហើយជួនកាលឆ្នាំឆុង និងជាន់ក៏មានលាភដែរ។ ក្រៅពីឆ្នាំឆុង និងជាន់ គឺជាឆ្នាំល្អ មធ្យម និងខ្លាំង តែតោងមិនប្រយ័ត្ន ក៏អាចមានគ្រោះថ្នាក់ ប្រសិនបើធ្វើអ្វីៗ មិនចេះប្រយ័ត្នប្រយែង ពោលធ្វេសប្រហែសជ្រុល។ 

យ៉ាងណាមិញ លោកតា កុង ឡុង បានលើកឡើងថា «ជឿលើជំនឿត្រឹមតែ ៣០% ខិតខំប្រឹងប្រែង ៦០% និង១០% ពឹងលើព្រេងសំណាង និងទេព្ដាជាដើម»។ ដូចគ្នានេះ លោកតា កុងឡុង បានលើកឡើងដែរថា អ្នកមានកុំអាលអរ អ្នកក្រកុំអាលភ័យ ឲ្យតែប្រឹងប្រែង គង់បានសម្រេចមិនខាន៕ 

Share.