រសៀលថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ លោក សោម ចំណាប់ បានផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាននិងអ្នកគ្រប់គ្រង Page Facebook ជុំវិញការបោះបង់ការងារជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់ក្នុងក្រុមជម្រើសជាតិកម្ពុជា អស់រយៈពេលជាង៣ខែមកហើយ។
បើសង្ខេបជារួមក្នុងគោលបំណងធំៗនៃកិច្ចសម្ភាសន៍ជាង១ម៉ោងរបស់លោក សោម ចំណាប់ និងបងប្រុសរបស់លោកគឺលោក សោម ណារិទ្ធិ សំដៅលើ៖
ទី១ ផ្លាស់ប្ដូរការហ្វឹកហាត់ពីពហុកីឡដ្ឋាន ទៅកាន់ពហុកីឡដ្ឋានជាតិមរតតេជោ ដោយហ្វឹកហាត់បិទខ្ទប់ មិនអាចចេញក្រៅបាន?
ទី២ មានការកាត់ប្រាក់បៀវត្សរ៍ ដល់ក្រុមទាំងមូល ជាពិសេសប្រាក់របបអាហារ?
ទី៣ ហេតុអ្វីបានជាកីឡាខ្លះហ្វឹកហាត់នៅខាងក្រៅបាន ហេតុអ្វីបានបាល់ទះឆ្នេរខ្សាច់ហាត់ខាងក្រៅមិនបាន?
តើការស្នើសុំទាំងអស់របស់លោក សោម ចំណាប់ សុទ្ធតែត្រឹមត្រូវដែរឬទេ?
«សារព័ត៌មានត្រយង» សូមលើកយកពីការប្រើពាក្យ «ប្រាក់បៀវត្សរ៍» ក្នុងក្រុមជម្រើសជាតិ។ បើតាមការបញ្ជាក់លោក សោម ចំណាប់ លោកបម្រើការជាមន្ត្រីនគរបាលជាតិមួយរូប។ ដូច្នេះលោកមិនត្រូវមានប្រាក់បៀវត្សរ៍បន្ថែមពីលើការងារដែលមានស្រាប់នោះទេ ប៉ុន្តែលោកអាចមានប្រាក់ឧបត្ថម្ភ បន្ថែមបានដូចទៅនឹងកីឡាករ ឬ គ្រូបង្វឹកផ្សេងទៀត មិនថាមានឈ្មោះជាមន្រ្តីរាជការឬជាពលរដ្ឋធម្មតា ដែលមានកាតព្វកិច្ចជួយជាតិលើផ្នែកកីឡា។
ចំពោះប្រាក់ឧបត្ថម្ភ រាជរដ្ឋាភិបាលតាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងអប់រំយុវជននិងកីឡា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ស្ដីពី«គោលការណ៍ឧបត្ថម្ភសម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាករជម្រើសជាតិ ក្រុមកីឡាករថ្នាល គ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស និងប្រាក់រង្វាន់ជ័យលាភីក្នុងការប្រកួតលក្ខណៈអន្តរជាតិផ្លូវការនៅក្នុងនិងក្រៅប្រទេស» បានកំណត់នៅត្រង់ប្រកា៧ ត្រង់ចំណុច ក សម្រាប់ការហ្វឹកហាត់នៅក្នុងប្រទេស និងចំណុច ក.៣ បញ្ជាក់ថា៖
ប្រាក់ឧបត្ថម្ភសម្រាប់ អនុរក្ស គ្រូបង្វឹក កីឡាករជម្រើសជាតិនិងកីឡាករថ្នាលដែលមិនទទួលបានមេដាយក្នុងកីឡាស៊ីហ្គេម៖
១-គ្រូបង្វឹក ០១នាក់ ផ្ដល់ជូនក្នុងមូយខែ ចំនួន ១ ១០០ ០០០ រៀល
២-កីឡាករ ០១នាក់ ផ្ដល់ជូនក្នុងមួយខែ ចំនួន១ ០០០ ០០០ រៀល
៣-អនុរក្ស ០១នាក់ផ្ដល់ជូនក្នុងមួយខែ ចំនួន ៦០០ ០០០ រៀល
ចំណុច ក.៤ អាហារបំប៉ន៖
គ្រូបង្វឹក អនុរក្ស កីឡាករជម្រើស ជាតិនិងកីឡាករថ្នាល ត្រូវទទួលបានការរ៉ាប់រងរបបអាហារបំប៉នស្មើនឹងទឹកប្រាក់ចំនួន៤៤ ០០០រៀល ក្នុង០១នាក់ ក្នុង០១ថ្ងៃ។
អត្ថបទពាក់ព័ន្ធកន្លងមក៖បញ្ជីឈ្មោះក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា ទាំង៦រូបត្រៀមចេញទៅស៊ីហ្គេម
ងាកមកលោក សោម ចំណាប់ វិញ តាមប្រភពជាក់លាក់មួយបង្ហើបថាក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ត្រូវចូលរួមហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋាន នៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២១។ ប៉ុន្ដែលោក សោម ចំណាប់ មិនមានមុខទៅចូលរួមហ្វឹកហាត់ជាមួយក្រុមនោះទេ ក្នុងនាមជាគ្រូបង្វឹក រហូតដល់ក្រុមប្រឹក្សាវិន័យរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកោះហៅក៏មិនទៅជួប។
មុនសម្រេចឱ្យទុកហ្វឹកហាត់នៅពហុកីឡដ្ឋានមរតតេជោ ក៏មានការផ្ដល់ឱកាសឱ្យរកទីតាំងហ្វឹកហាត់ខាងក្រៅដែរ តែមិនមានចម្លើយណាមួយពីខាងក្រុមកីឡាបាល់ទះឆ្នេរខ្សាច់ ត្រឡប់ទៅវិញដែរ។
អត្ថបទពាក់ព័ន្ធកន្លងមក៖លោក សោម ចំណាប់ ជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា
ក្រោយមកមានការផ្ដាំផ្ញើតាមមិត្តភក្ដិរបស់លោក សោម ចំណាប់ ទើបប្រាប់ថាលោក លាឈប់ពីការងារជាគ្រូបង្វឹកក្រុមជម្រើសជាតិហើយ ដោយការលាឈប់នេះមិនមានលិខិតស្នាមត្រឹមត្រូវ។ នៅក្នុងកិច្ចសម្ភាសន៍លោក សោម ចំណាប់ លើកឡើងថាលោកមានអាជីវកម្មនៅខាងក្រៅ បន្ថែមពីមុខងារជាគ្រូបង្វឹកក្រុមបាល់ទះលើឆ្នេរខ្សាច់និងជាមន្រ្តីរាជការ។
លោក សោម ចំណាប់ បញ្ជាក់ទៀតថាក្រោមពេលលោកសម្រេចចិត្តឈប់ ប្រាក់ឧបត្ថម្ភគឺ[គេ]កាត់លែងបញ្ជូលក្នុងគណនីរបស់លោក។ ចម្លើយងាយៗគឺដោយសារតែអវត្តមានរបស់លោក ភាគីពាក់ព័ន្ធត្រូវរកគ្រូបង្វឹកថ្មីមកជំនួស ព្រោះសិស្សហ្វឹកហាត់មិនអាចអត់មានគ្រូបង្វឹកបាននោះទេ។ ប្រាក់នោះត្រូវបង្វឹលជូនគ្រូបង្វឹកថ្មី។
[តើមន្រ្តីរាជការធ្វើការនៅស្ថាប័នសាមីបែបណា បើជាប់មុខងារក្នុងក្រុមកីឡាជម្រើសជាតិ? ក្រសួងអប់រំយុវជននិងកីឡា ឬ សហព័ន្ធសាមីនៃកីឡានីមួយៗ ធ្វើលិខិតស្នើសុំទៅកាន់ស្ថាប័នរបស់បុគ្គលនោះ ដើម្បីមកជួយក្រុមជម្រើសជាតិ ក្នុងរយៈពេលប្រមូលផ្ដុំកំណត់ណាមួយ។ ចុះបើផុតការងារពាក់ព័ន្ធនឹងកីឡាជម្រើសជាតិ? គ្រូបង្វឹកនោះទៅបម្រើការនៅស្ថាប័នសាមីរបស់ខ្លួនដូចដើមវិញ។]
ចំពោះចំណុចទី១ របស់លោក សោម ចំណាប់ លើកឡើងថាការផ្លាស់ប្ដូរការហ្វឹកហាត់ពីពហុកីឡដ្ឋាន ទៅកាន់ពហុកីឡដ្ឋានជាតិមរតតេជោ ដោយហ្វឹកហាត់បិទខ្ទប់ មិនអាចចេញក្រៅបាន។
ករណីនេះគឺមានការកំណត់ទាំងកីឡា១៩ប្រភេទ (ក្នុងនោះបាល់ទះឆ្នេរខ្សាច់ ស្ថិតក្នុងបញ្ជីកីឡាទាំង១៩នេះផងដែរ) បូកទាំងអនុរក្ស សរុបចំនួន៤៦៧រូប ដែលមានឈ្មោះចូលប្រមូលផ្ដុំហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតតេជោ។
នៅក្នុង«គោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) សម្រាប់ដំណើរការហាត់ហ្វឹកហ្វឺនឡើងវិញក្នុងបរិបទកូវីដ-១៩» មានចំណុចមួយចំនួននៅបន្ត និងមានគោលការណ៍ណែនាំបន្ថែម។ ក្នុងនោះបានកំណត់ជាក់លាក់ពីយន្តការ នីតិវិធី ជាពិសេសដំណាក់កាលត្រៀមដំណើរការការហាត់ហ្វឹកហ្វឺនបិទខ្ទប់ ដោយមានរៀបចំទីតាំងស្នាក់នៅ ទីតាំងហាត់ហ្វឹកហ្វឺននិងបំពាក់សម្ភារៈ រៀបចំទីតាំងអាហារដ្ឋាន រៀបចំទីតាំងពិនិត្យសុខភាព រៀបចំទីតាំងស្វ័យសិក្សា និងរៀបចំប្រជុំផ្សព្វផ្សាយ។
ចំណែកនៅដំណាក់កាលដំណើរការហាត់ហ្វឹកហ្វឺនបិទខ្ទប់ គឺមានការធ្វើតេស្ត PCR ៧២ម៉ោង, ស្នាក់នៅតាមទីតំាងដែលមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានកំណត់, ហាត់និងបង្ហាត់តាមកម្មវិធីដែលមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនបានកំណត់ (ទីកន្លែងនិងពេលវេលា), ការបរិភោគអាហារ ស្របតាមពេលវេលានិងទីកន្លែងដែលបានកំណត់…។
ចំណែកបុគ្គលដែលប្រព្រឹត្តិផ្ទុយបទបញ្ជាផ្ទៃក្នុងនៃការប្រមូលផ្ដុំក្រុមកីឡាករជម្រើសជាតិចេញពីទីកន្លែងមណ្ឌលប្រមូលផ្ដុំ លើកទី១មានការព្រមាន លើកទី២ ត្រូវបញ្ឍប់ជាបន្ទាន់និងត្រូវលុបឈ្មោះចេញពីបញ្ជីក្រុមជម្រើសជាតិ (ត្រូវសងថវិកាមករដ្ឋវិញចាប់ពីថ្ងៃជាប់ជាជម្រើសជាតិដល់ថ្ងៃបញ្ឍប់)។
ចំណែកការឈប់សម្រាកត្រូវសុំការអនុញ្ញាតច្បាប់ អាចពីប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា អនុញ្ញាតិឱ្យចេញពីមណ្ឌលប្រមូលផ្ដុំ (ចំពោះការប្រមូលផ្ដុំនៅមរតតេជោ) ឬ មានការអនុញ្ញាតពីប្រធានសហព័ន្ធកីឡាជាតិនីមួយៗ តែពេលត្រឡប់ចួលហ្វឹកហាត់វិញត្រូវធ្វើតេស្ត PCR និងធ្វើចត្តាឡីស័ក១៤ថ្ងៃ ឬ លើសពីទៀតក្នុងករណីចាំបាច់ និងមុនចូលមណ្ឌលហ្វឹកហាត់ត្រូវធ្វើតេស្តរហ័សម្ដងទៀត។ ករណីបុគ្គលដែលចេញពីកន្លែងមណ្ឌលហ្វឹកហាត់បិទខ្ទប់ពីក្រៅ ហើយត្រឡប់ចូលវិញ ធ្វើឱ្យឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដល់បុគ្គលផ្សេងទៀត ត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន។
ប៉ុន្តែ សម្រាប់ឆ្នាំ២០២២ នេះមានការកែប្រែបន្ថែមដោយគ្រូបង្វឹក និងគ្រូជំនួយអាចស្នាក់នៅ ហូបចុកខាងក្រៅបានប៉ុន្ដែរយៈពេល៣ថ្ងៃម្តង ត្រូវធ្វើតេស្តពិនិត្យកូវីដ-១៩។
ត្រង់ចំណុចទី២ លើកឡើងថាមានការកាត់ប្រាក់បៀវត្សរ៍ ដល់ក្រុមទាំងមូល ជាពិសេសប្រាក់របបអាហារ
ប្រាក់ឧបត្ថម្ភគឺនៅរក្សាទុកដដែល ដោយប្រែប្រួលតែប្រាក់អាហារប៉ុណ្ណោះ។ ដោយសារមានការប្រមូលផ្ដុំហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតតេជោ មជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លែងផ្ដល់ប្រាក់សម្រាប់អាហារបំប៉នដល់ គ្រូបង្វឹក អនុរក្ស និងកីឡាករ ដែលស្នាក់នៅទីនោះទៀតហើយ ដោយជំនួសវិញនូវការផ្គត់ផ្គង់អាហារផ្ទាល់វិញម្តងចំនួន៣ពេលក្នុង១ថ្ងៃ។
ប៉ុន្ដែសម្រាប់គ្រូបង្វឹកនិងគ្រូជំនួយដែលបានអនុញ្ញាតឱ្យស្នាក់នៅនិងហូបចុកនៅខាងក្រៅ គឺផ្ដល់ជាសាច់ប្រាក់ជូនដូចដើមវិញ។
ដោយឡែកពាក់ព័ន្ធនឹងរបបអាហារផ្ទាល់នេះផងដែរ ក្រោមការដឹកនាំរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ទើបមានរៀបចំចេញជាអនុក្រឹត្យថ្មីអន្តរក្រសួង ក្នុងខែឧសភា មកទល់នឹងពេលនេះនោះទេ ទើបមានការកើនឡើងចំពោះថវិកាសម្រាប់អាហារបំប៉នដល់គ្រូបង្វឹក អនុរក្សនិងកីឡាករ ខណៈកន្លងមកគ្រូបង្វឹកទទួលបានត្រឹមតែ៦០ម៉ឺនរៀលប៉ុណ្ណោះក្នុង១ខែ ហើយកីឡាករទទួលបានក្នុងកញ្ចប់សាច់ប្រាក់៥០ម៉ឺនរៀលប៉ុណ្ណោះក្នុង១ខែ។
ទី៣ ហេតុអ្វីបានជាកីឡាខ្លះហ្វឹកហាត់នៅខាងក្រៅបាន ហេតុអ្វីបានបាល់ទះឆ្នេរខ្សាច់ហាត់ខាងក្រៅមិនបាន?
ទាំងនេះគឺជាការកំណត់ដោយក្រសួងអប់រំយុវជននិងកីឡា។ ម៉្យាងទៀតពហុកីឡដ្ឋាន ក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងសម្រាប់កីឡាមួយចំនួនប្រមូលផ្ដុំហ្វឹកហាត់នាពេលកន្លងមក ត្រូវបានរាជរដ្ឋាភិបាលយកប្រើប្រាស់ជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ ម៉្យាងកីឡាខ្លះមិនទាន់មានទីលាននៅពហុកីឡដ្ឋានមរតតេជោ។
ចុះវិញ្ញាសាបាល់ទះដូចគ្នា ហេតុអ្វីបាល់ទះក្នុងសាលអាចហ្វឹកហាត់នៅខាងក្រៅបាន? សម្រាប់បាល់ទះក្នុងសាលហ្វឹកហាត់នៅខាងក្រៅបានមែន ក៏ប៉ុន្ដែមិនមានការចេញចូលសេរីពីផ្ទះស្នាក់នៅនិងកន្លែងហ្វឹកហាត់នោះដែរ ដោយមានការរឹតត្បិតពីការដើរហើរដូចគ្នា។
ចម្ងល់ដែលចោទសួរថា៖
***តើឱកាសដើរប្រកួតក្រៅផ្លូវការខាងក្រៅ (វាយស៊ីលុយ) ធ្វើកីឡាករខ្លះសុខចិត្តបោះបង់ឱកាសក្នុងក្រុមជម្រើសជាតិ?
***ក្នុងចំណោមកីឡាចំនួន១៩ ប្រភេទអាចប្រមូលផ្ដុំហ្វឹកហាត់ទីលានពហុកីឡដ្ឋានជាតិមរតតេជោ បានចុះហេតុអ្វីកីឡាបាល់ទះឆ្នេរខ្សាច់មិនអាចហ្វឹកហាត់បាន?