លោក ម៉ែន និមលរ័ត្ន ត្រូវបានមហាជនស្គាល់ថា ជាអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាឯកចក្រវាល Miss Universe Cambodia និងជានាយកប្រតិបត្តិក្រុមហ៊ុន CIM លោកក៏បានដឹកនាំបវរកញ្ញាឯកចក្រវាលទាំង ៤រូប មកជួបជុំគ្នា ដែលចែករំលែកពីបទពិសោធន៍ និងការចងចាំនៅពេលរាជិនីសម្រស់ទាំង៤នាក់នេះ ឆ្ពោះទៅប្រកួតនៅលើវេទិកាអន្ដរជាតិ។ កម្មវិធីនេះធ្វើឡើងនៅបរិវេណផ្សាអូឡាំព្យា កាលពីព្រឹកថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២២ ដែលមានវត្តមាន កញ្ញា រឿន ណាត កញ្ញា សំណាង អេលីណា កញ្ញា រ៉េត ហ្សារីតា និងកញ្ញា ងិន ម៉ារ៉ាឌី។

ហ្វេនអ្នកស្រឡាញ់ការប្រកួតបវរកញ្ញាឯកចក្រវាល ឬ Miss Universe Cambodia បានដឹងមកហើយថា កញ្ញា រឿន ណាត គឺជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៨ ធ្លាប់ចេញទៅប្រកួតនៅលើវេទិកាអន្ដរជាតិនៅប្រទេសថៃ។ កញ្ញា សំណាង អេលីណា គឺជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៩ ធ្លាប់ចេញទៅប្រកួតនៅលើវេទិកាអន្ដរជាតិសហរដ្ឋអាមេរិក។ កញ្ញា រ៉េត សារីតា គឺជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ ធ្លាប់ចេញទៅប្រកួតនៅលើវេទិកាអន្ដរជាតិសហរដ្ឋអាមេរិក។ ចំពោះចុងក្រោយនេះគឺកញ្ញា ងិន ម៉ារ៉ាឌី វិញ គឺជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២១ ចេញទៅប្រកួតនៅលើវេទិកាអន្ដរជាតិប្រទេសអ៊ីស្រាអែល។ បើទោះបីជាកញ្ញាទាំង៤នាក់ វិលមកកម្ពុជាវិញ មិនទទួលបានមកុដក៏ពិតមែន ក៏ប៉ុន្ដែកញ្ញាទាំង៤រូប បានអង្រួនដួងចិត្តអ្នកគាំទ្រ ឱ្យកាន់តែចាប់អារម្មណ៍មកលើសមត្ថភាពរបស់កូនខ្មែរនៅឆាកអន្ដរជាតិ និងចាប់អារម្មណ៍ពីកម្មវិធី Miss Universe Cambodia ទាំងមូល។

ប្រាប់អ្នកសារព័ត៌មានត្រយង លោក ម៉ែន និមលរ័ត្ន និយាយថា ការបង្កើតកម្មវិធីជំនួបកញ្ញាឯកចក្រវាលទាំង ៤រូប នេះឡើង​ គឺដើម្បីចែករំលែកពីបទពិសោធន៍ ក៏ដូចជាការចងចាំនៅលើទៅប្រកួតនៅលើវេទិកាអន្ដរជាតិ សម្រាប់ជាគន្លិះសម្រាប់ប្អូនៗជំនាន់ក្រោយ ក្នុងការត្រៀមខ្លួនមុនជាស្រេចមុនពេលចេញទៅប្រកួតនៅលើអន្ដរជាតិ។ លោកនិយាយថា «ការដែលមានកម្មវិធីជួបជុំ Miss Universe Cambodia ទាំង៤រូបនេះឡើង គឺជាការចែករំលែកបទពិសោធន៍ និងការចងចាំទៅប្រកួតនៅលើវេទិកាអន្ដរជាតិ ដើម្បីឱ្យយុវតីជំនាន់ក្រោយបានត្រៀមខ្លួនរួចជាស្រេច ក្នុងការក្លាយខ្លួនជា Miss Universe Cambodia 2022 ។ យើងមិនចង់ឱ្យបេក្ខភាពយើងមកប្រកួតទាំងថ្មីសន្លាង ដោយមិនបានដឹង និងស្វែងយល់ពីកម្មវិធីអ្វីសោះ ដែលជាហេតុនាំឱ្យខាតពេលវេលាក្នុងការចូលរួមប្រកួត»។

លោកបានបន្ដបញ្ជាក់ថា «សម្រាប់កម្មវិធីប្រកួត Miss Universe Cambodia 2022 នឹងកើតមានឡើងនៅខែ ឧសភា ឬខែ មិថុនា នេះតទៅ ដែលប្រកាសរើសបេក្ខនារីចូលរួមប្រកួតនៅខែ មីនា ខាងមុខនេះហើយ»។ លោក និងក្រុមការងាររំពឹងថា ប្រទេសកម្ពុជានឹងធូរស្បើយច្រើនពីជំងឺកូវីដ១៩ ព្រោះរហូតមកទល់ពេលនេះ ប្រជាជនកម្ពុជាបានចាក់ដល់វាក់សាំងកូវីដ១៩ បានដល់ដូសទី៤ហើយ៕

Telegram-Troryorng
Share.