ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលមានពាណិជ្ជកម្មក្នុងវិស័យលក់រាយនិងផ្សារទំនើបជីប ម៉ុង បានចុះអនុស្សារណៈនៃការយោគយល់ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២  ជាមួយក្រុមហ៊ុនធំៗចំនួនពីរ គឺក្រុមហ៊ុន មីងវួយ គ្រុប និងក្រុមហ៊ុន CBRE ក្នុងគោលបំណងដើម្បីពង្រឹងសហប្រតិបត្តិការដៃគូពាណិជ្ជកម្មអោយកាន់តែរឹងមាំ។

បច្ចុប្បន្នក្រុមហ៊ុន ជីប ម៉ុង រីថែល ដំណើរការផ្សារទំនើបចំនួនបី គឺ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល, ផ្សារទំនើប ជីប ម៉ុង សែនសុខ, និង ជីប ម៉ុង បាក់ទូក សេនធើ ដែលធ្វើអោយវិស័យលក់រាយកាន់តែសម្បូរបែប និងទំនើប ដែលឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន ជីប ម៉ុង រីថែល កំពុងពង្រីកអាជីវកម្មជាលំដាប់ រួមទាំងពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយដៃគូវិនិយាគជាច្រើន ទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីធ្វើអោយវិស័យលក់រាយនៅក្នុងប្រទេសកម្ពុជារីកចំរើន។

កម្មវិធីនៅថ្ងៃនេះ គឺក្រុមហ៊ុន ជីប ម៉ុង រីថែល ចុះអនុស្សារណៈនៃការយោគយល់ ជាមួយមីងវួយ គ្រុប ដែលជាក្រុមហ៊ុនមានមុខជំនួញចម្រុះ លើវិស័យម៉ូត, គ្រឿងសង្ហារឹម, ម្ហូបអាហារ និងកម្សាន្ត ជាដើម។ ក្រុមហ៊ុន ជីប ម៉ុងរីថែល មានចក្ខុវិស័យមុតមាំក្នុងការរឹតចំណងពាណិជ្ជកម្មជាមួយ មីងវួយ គ្រុប អោយកាន់តែប្រសើរ ជាពិសេសគឺពង្រីកពាណិជ្ជកម្មរបស់ មីងវួយ គ្រុប ក្នុងផ្សារទំនើប ជីប ម៉ុង។ គួរអោយកត់សំគាល់ថា ថ្មីៗនេះ ក្រុមហ៊ុន ម៉ីងវួយ គ្រុប បានបណ្តាក់ទុកបើកហាងជាច្រើននៅផ្សារទំនើបដ៏ធំរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ ដែលនេះសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រុមហ៊ុនទាំង២។

បន្ថែមពីលើនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏ចុះអនុស្សារណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនអន្តរជាតិ ដែលមានជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើនឆ្នាំមកហើយដែលបង្កើតតាំងពីឆ្នាំ២០០៨ និងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន CBRE នឹងធ្វើអោយប្រសើរឡើងនៃយុទ្ធសាស្ត្រទីផ្សារ សំរាប់ក្រុមហ៊ុន ជីប ម៉ុង រីថែល រួមទាំងប្រឹក្សាយុទ្ធសាស្រ្តជួលអចលនទ្រព្យ ដូចជាការិយាល័យសំរាប់ជួល នៅអគារ Chip Mong Tower និង ក្រុមហ៊ុន ជីប ម៉ុង រីថែល ។

បើតាមប្រសាសន៍ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល លោក Arnaud Dufresne បានអោយដឹងថា «ខ្ញុំ ជឿ ជាក់ថា ពិធីចុះអនុស្សារណៈនៃការយោគយល់ ដែលយើងចុះហត្ថលេខានៅថ្ងៃនេះ នឹងធ្វើអោយក្រុមហ៊ុនទាំង៣រីកចំរើនរួមគ្នា ហើយធ្វើអោយពាណិជ្ជកម្មរបស់ក្រុមហ៊ុនកាន់តែរឹងមាំក្នុងទីផ្សារប្រទេសកម្ពុជា»។

Share.