ប្រជាជន​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​ផ្ដើមបង្ហាញ​ក្ដី​បារម្ភ​ក្រោយ​ពី​ចំនួន​តារា​ចម្រៀង​ K-Pop ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​សប្ដាហ៍​នេះ​មាន​ការ​កើន​ឡើង​ខ្ពស់​​យ៉ាង​គំហុក​។​

យោង​តាម​ការ​ផ្សាយ​ពី​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ពី​ករណី​​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ​ ដោយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២ សមាជិក​ក្រុម​ EPEX ចំនួន​៣​រូប​រួម​មាន​ Wish, A-Min និង​ Jeff បាន​ឆ្លង​ជំងឺ​កូវីដ​ នេះ​បើ​តាម​បញ្ជាក់​ពី​ផលិត​កម្ម​គ្របគ្រង​លើ​តារា​ទាំង​៣​ដួង​នេះ​។

បន្ត​មក​ទៀត​ផលិតកម្ម​ Lebel SJ បាន​ចេញ​មក​ប្រកាស​ថា​​សមាជិក​ក្រុម​ចម្រៀង​ Super Junior មួយ​រូប​គឺ​ Eunyuk ក៏​តេស្ដ​វិជ្ជមាន​ដូច​គ្នា​ដែរ​។ បន្ថែម​លើ​នោះ​តារា​ចម្រៀង​ជា​ច្រើន​ដួង​ទៀត​ស្ថិត​ក្នុង​ផលិតកម្ម​ YG Entertainment ក៏​តេស្ដ​វិជ្ជមាន​កូវីដ​-១៩​ដែរ​។

ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៣​ ខែ​មករា​ សមាជិក​ក្រុម​ចម្រៀង​ iKON ចំនួន​៣​រូប​ក៏​បាន​បញ្ជាក់​ថា​បាន​ឆ្លង​ជំងឺ​កូវីដ-១៩​ដូច​គ្នា​ដែរ​ ក្នុង​នោះ​មាន​ Jihwan, Yunhyeong និង​ Donghyuk។ ថ្ងៃ​បន្ទាប់​ (២៤ មករា) Lee Seung Hoonសមាជិក​ម្នាក់​របស់​ក្រុម​ Winner បានធ្វើ​តេស្ដ​ដោយ​ខ្លួន​ឯង​តាម​រយៈ​ឧបករណ៍​តេស្ដ​ជា​លទ្ធ​ផលល​រូប​គេ​ក៏​មាន​វិជ្ជមាន​កូវីដ​-១៩​ដូច​គ្នា​ដែរ​។​​

ពីរ​ក្រោយ​មក​ទៀត​ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៥​ខែមករា សមាជិក​ក្រុម​ចម្រៀង​ពីរ​រួមមាន​ iKon (Koo Jun Hoe)និង​ TREASURE (Yoshi) ក៏​ប្រកាស​ឆ្លង​ជំងឺ​កូវីដ​-១៩​ដូច​គ្នា។ សមាជិក​ iKON តារា​ចម្រៀង​ Chanwoo និង​សមាជិក​ទាំង​៣​របស់​ក្រុម​ TREASURE គឺ​ Hyunsuk, Junkyu និង​ Mashiho សុទ្ធ​តែ​បញ្ជាក់​ថា​មាន​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​។ ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ​ ​សមាជិក​ចម្រៀង​ក្រុម​ Wei ចំនួន​៣​នាក់​ក៏​គេច​មិន​ផុត​ពី​គ្រោះ​អាក្រក់​​ដែរ​ព្រោះ​ក្រោយ​ពី​ធ្វើ​តេស្ដ​ម៉ាស៊ីន​ PCR រួច​លទ្ធផល​សុទ្ធ​តែ​វិជ្ជមាន​ ដោយ​សមាជិក​ទាំង​៣​នោះ​មាន​ Kim Dong Han , Yoo Yong Ha និង​ Kang Seok Hwa។​

មិន​ទាន់​អស់​តែ​ប៉ុណ្ណឹង​នោះ​ទេ​ព្រោះ​សមាជិក​ក្រុម​ The Boyz គឺ Eric ក៏​បាន​ប្រកាស​ដែរ​ថា​ខ្លួន​វិជ្ជមាន​កូវីដ​-១៩។ មួយ​ថ្ងៃ​ក្រោយ​មក​ផលិតកម្ម​ IST Entertainment ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ដែរ​ថា​សមាជិក​ក្នុង​ក្រុម​ The Boyz ចំនួន​ពីរ​នាក់​ទៀត​មាន​ Younghoon និង​ Hyunjae ក៏​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​ដូច​គ្នា​។

​ខណៈ​ដែល​ផលិតកម្ម​ Bridge បាន​ចេញ​សេចក្ដី​ប្រកាស​ថា​តារា​ចម្រៀង​ទោល​របស់​ផលិតកម្ម​ខ្លួន​គឺ​ Hyolyn ក៏​ឆ្លង​ជំងឺកូវីដ​-១៩​ដូចគ្នា​។​

នៅ​ថ្ងៃ​ទី​២៨ ខែមករា​ សមាជិក​ចំនួន​២​រូប​របស់​ក្រុម​ Kep1er គឺ​ Chaehyun និង​ Youngeun ក្រោយ​តេស្ដ​ម៉ាស៊ីន​ PCR ក៏​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​វិជ្ជមាន​ដែរ​។ បើ​តាម​ការ​បញ្ជាក់​ពី​ផលិតកម្ម​ Wake One បាន​ឱ្យ​ដឹង​ថា​តារា​ចម្រៀង​ទាំង​ពីរ​ដួង​ក្នុង​ផលិតកម្ម​ខ្លួន​នេះ​សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​រួចរាល់​ហើយ។

បន្ថែម​លើ​នោះ​អតីត​សមាជិក​ក្រុម IZ*ONE គឺ​ Kwon Eun Bi និង​ សមាជិក​ក្រុម​ Weekly គឺ​Jaehee សុទ្ធតែ​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩។​

ក្រោយ​ផ្ទុះ​ដំណឹង​តារា​ចម្រៀង​វ័យ​ក្មេង​ជា​ច្រើន​ដួងបាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ សាធារណជន​បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ​ ខណៈ​ដែល​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ទាំង​អស់​បាន​ចេញ​មក​ជូនពរ​ឱ្យ​អាយដល​សំណព្វ​ចិត្ត​ខ្លួន​ទាំង​អស់​ឆាប់​ជា​សះស្បើយ​ឡើង​វិញ​៕

Telegram-Troryorng
Share.