យោងតាមការចេញផ្សាយរបស់សារព័ត៌មាន New York Post នៅព្រឹកថ្ងៃច័ន្ទ ទី31 ខែមករា ឆ្នាំ២០២២ បានចេញផ្សាយថា នារីដែលលោតសម្លាប់ខ្លួនពីលើអគារខ្ពស់កណ្ដាលទីក្រុង New York គឺជាអតីតបវរកញ្ញា Miss USA 2019 នាង Cheslie Kryst ដែលមានវ័យ៣០ឆ្នាំ។

តាមការអះអាងរបស់មេធាវីបវរកញ្ញារូបនេះ បានបញ្ជាក់ថា នាង Cheslie Kryst បានលោតទម្លាក់ខ្លួនពីលើអគារខ្ពស់នៅវេលាម៉ោង ៧ និង១៥នាទីព្រឹកថ្ងៃអាទិត្យ ក្រោយមកក៏មានការភ្ជាក់ផ្អើលឃើញនាងដេកស្លាប់នៅលើផ្លូវ។

ប្រភពប៉ូលីសបញ្ជាក់ប្រាប់សារព័ត៌មានខាងលើនេះថា នាង Cheslie Kryst បានរស់តែម្នាក់ឯងនៅជាន់ទី ៩ ក៏ប៉ុន្ដែគេបានឃើញនាងឡើងទៅជាន់ទី ២៩ ហើយលោតពីជាន់នោះមកតែម្ដង។ គ្រួសាររបស់អតីតបវរកញ្ញា Miss USA 2019 រូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះថា ៖ «ពេលនេះពួកយើងមានទុក្ខសោកយ៉ាងខ្លាំង ដែលបាត់បង់ Cheslie ជាទីស្រឡាញ់របស់យើង នាងបានស្លាប់ហើយ»។ នាង Cheslie Kryst គឺជាម្ចាស់ជ័យលាភីបវរកញ្ញា Miss USA 2019 ក្រោយបញ្ចប់ការប្រកួតនាងក៏ក្លាយជាពិធីការិនីរបស់ក្រុមហ៊ុន Extra ។

ខាងក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«បេះដូងរបស់យើងត្រូវបានខ្ទេចខ្ទាំ នៅពេលបាត់បង់ Cheslie ដែលជាផ្នែកសំខាន់នៃកម្មវិធីរបស់យើង។ នាងគឺមនុស្សជាទីស្រឡាញ់នៃគ្រួសារ Extra របស់យើង ។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់នាងទាំងអស់»។

យ៉ាងណាមិញ ប៉ូលីសបានក៏បញ្ជាក់ថា មុនពេលនាង Cheslie Kryst លោតសម្លាប់ខ្លួន នាងបានសរសេរកំណត់ត្រាមួយដែលបន្សល់អត្ថន័យថា «គ្រប់របស់ដែលនាងមាន សូមប្រគល់ជូនក្រុមគ្រួសារ និងអតីតអ្នកគ្រប់របស់នាង»៕

Telegram-Troryorng
Share.