លោក​ ​ហេង ឡុង ​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ បាន​ប្រកាស​គាំទ្រ​ផ្នែក​ផ្លូវច្បាប់​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ ​ពិធីការិនី​ ​MYTV ​មាន​ ​ពេជ្រ​រីតា​ ​ក្នុង​សំណុំ​រឿង​ប្ដឹងផ្ដល់​ទៅ​វិញ​ទៅ​មក​រវាង​ពិធីការិនី​ និង​ឧកញ៉ា​ម្នាក់​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក ហេង ឡុង ​ស្នើ​ឲ្យ​មហាជន​រក្សា​ភាព​ស្ងប់ស្ងាត់​ រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ​ខណៈ​​យើង​នៅ​មិនទាន់​ដឹង​ខាងណា​ខុស​នឹង​ត្រូវ​នៅ​ឡើយ​។​

លោក​ ហេង​ ឡុង​ ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​ ប្រកាស​គាំទ្រ​ផ្នែក​ផ្លូវ​ច្បាប់​ ស្វែង​រក​យុត្តិធម៌​ជូន​ មាន​ ពេជ្ររីតា​ ​និង ​​ស្នើ​ឱ្យ​មហាជន​ស្ងប់ស្ងាត់​ទុក​លទ្ធភាព​ឱ្យ​អ្នក​ច្បាប់​ធ្វើ​ការ​...

​ថ្មីៗ​នេះ​ ​ពិធីការិនី​ ​MYTV​ ​មាន ​ពេ​ជ្រ​រីតា​ ​បាន​ប្ដឹង​បក​ ​លោក​ឧកញ៉ា​ ​ហេង ​សៀ ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ​គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​កញ្ញា​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់​ទោស​»​ (យក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រងគ្រោះ​ចំនួន​​ ​០២​កាំបិត​ រួច​យក​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​ Iphone 12 Pro max បណ្ដាល​ឱ្យ​រងរបួស​លើ​ក្បាល​ពោះ​ខាង​​ស្ដាំ​ធ្ងន់ធ្ងរ)​​​​ កាល​ពី​ថ្ងៃ​ទី​៤​ ​ខែ​ឧសភា ​​ឆ្នាំ​២០២១​ ​កន្លង​មក​។​

លោក​ ​ហេង ឡុង ​បាន​ប្រាប់​សារព័ត៌មាន​ត្រយង​ ​នៅ​រសៀល​ថ្ងៃ​ទី​១២​ ​ខែ​ឧសភា​ ​២០២១​ថា​ ផ្អែក​តាម​វីដេអូ​ដែល​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​ ​ឃើញ​ថា​ ​ភាគី​ខាង​ស្រី​ហាក់​មាន​ភាព​ភ័យ​រន្ធត់​ ខណៈ​ខាង​ប្រុស​បែរ​ជា​ប្ដឹង​ចោទ​ពី​បទ​លួច​ទូរសព្ទ​ ​និង​ចាក់​បណ្ដាល​ឲ្យ​របួស​។​ ​«​រឿង​ខុស​នឹង​ត្រូវ​យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ ខ្ញុំ​បាន​ចាត់​ឲ្យ​មេធាវី​ស្រាវជ្រាវ​រឿង​នេះ​ហើយ​ ​ក្នុង​នាម​សមាគម​យើង​នឹង​ព្យាយាម​ស្វែង​រក​យុត្តិធម៌​ជូន​ ពិធីការិនី​ខាង​លើ​នេះ​»​។​

​ទាក់ទង​នឹង​ករណី​ការ​ប្ដឹង​ទៅ​វិញ​ទៅ​មក​រវាង​ពិធីការិនី​ទូរទស្សន៍​ ​និង ​ឧកញ៉ា​ខាង​លើ​នេះ​ ​លោក​ ​ហេង​ ​ឡុង​ បាន​ស្នើ​ឲ្យ​មហាជន​រក្សា​ភាព​ស្ងប់ស្ងាត់​ ​ដោយ​ទុក​លទ្ធភាព​ឲ្យ​អ្នក​ច្បាប់​ធ្វើ​តាម​នីតិវិធី​ ហើយ​មាន​តែ​តុលាការ​ប៉ុណ្ណោះ​ ​ដែល​អាច​ចាត់​ថា​ ​នរណា​ខុស​នរណា​ត្រូវ​។ ​ក្នុង​នាម​សមាគម​គឺ​ព្យាយាម​ស្វែង​រក​យុត្តិធម៌​ ជូន​ពិធីការិនី​ ​ដែល​កំពុង​ឃុំ​ខ្លួន​ ​ក្រោយ​មាន​បណ្ដឹង​ពី​ឧកញ៉ា​ ​ហេង សៀ​៕

Share.