ភ្នំពេញ ៖ ជនសង្ស័យម្នាក់ សមត្ថកិច្ចធ្លាប់ចាប់ខ្លួន៤លើកទៅហើយ មិនរាងចាល ដល់ លើកទី៥នេះ ចូលលួចកាបូបលុយនៅផ្ទះប្រជាពលរដ្ឋ តាមទាន់ស្រែកឆោឡោ ពលរដ្ឋព័ទ្ធ ចាប់ខ្លួនបានដឹកយកទៅប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅផ្លូវបេតុង ក្រុម១ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហង្ស ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្រៃរំដួលជើង ឃុំបសេដ្ឋ  ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យរូបនេះធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន អប់រំនៅប៉ុស្តិ៍ ចំនួន៤លើក មិនដែលធ្លាប់ជាប់ពន្ធនាគារ ដោយអំពើលួច។ លុះលើកទី៥នេះ លួចទៀត ចាប់ខ្លួនសារជាថ្មី យកទៅដល់ឲ្យសមត្ថកិច្ច ។

តាមប្រជាការពារបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈដែលជនរងគ្រោះរៀបចំ នឹង ចេញទៅរកទិញឥវ៉ាន់ផ្សារដើមគរ ស្រាប់តែជនសង្ស័យជិះកង់ទៅធ្វើសកម្មភាពលួច កាបូប លុយ ជាង១លានរៀល និងទូរស័ព្ទ១គ្រឿង ។ពេលនោះ ជនរងគ្រោះទាន់ ស្រែកឆោឡោ ទើបផ្អើលអ្នកភូមិ ដេញតាមចាប់ រួចដឹកតាមម៉ូតូកង់បី យកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍។ ចំណែកកាបូបលុយត្រូវបានជនរងគ្រោះដណ្តើមបានមកវិញ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍ចោមចៅទី២ ដើម្បីសាកសួរនិងកសាង សំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.