ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីសន្តិសុខ ដែលឈរជើងការពារនៅតំបន់អភិវឌ្ឍន៍បឹងកក់បានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាក Audi Q7 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BH-7575 ជិះគ្នាបួននាក់បើកបរតាមបណ្ដោយផ្លូវ113 ក្នុងទិសដៅពី កើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់កែងជាមួយផ្លូវលេខ R8 ក៏បានបួងចង្កូតបត់ស្ដាំមិនប្រយ័ត្នក៏បានជ្រុលទៅបុកជាមួយធុងសាំងដែលដាក់ចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត រួចរថយន្តបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមស្ទើរតែបាក់រាបដល់ដី ទើបទៅមុខលែងរួច។

ចំណែកឯអ្នកបើកបររងរបួសស្រាលបន្ទាប់ពីបើករថយន្ដអោយមានគ្រោះថ្នាក់រួចហើយ ក៏បានបើកទ្វាររថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តរងការខូចខាតមួយកំណាត់នៅខាងមុខនៅទីតាំងកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2022 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក្រុមសន្តិសុខដែលឈរជើងការពារក្នុងតំបន់អភិវឌ្ឍន៍បឹងកក់បានឃាត់រថយន្តទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ សងសំណងទៅកាន់ក្រុមហ៊ុនគឺបង្គោលភ្លើងបំភ្លឺផ្លូវចំនួនមួយដើម ទើបអនុញ្ញាតឲ្យយករថយន្តទៅជួសជុលវិញដោយខ្លួនឯង៕

Share.