ក្រុងព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ ដោយរថយន្តស៊េរីទំនើបមួយគ្រឿងបើកបរវ៉ាជែងខ្វះភាពប្រុងប្រយ័ត្នបានបុកជាមួយ និងម៉ូតូមួយគ្រឿងពេញទំហឹងបណ្ដាលឱ្យបុរសចំនួន ០២ នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយព្យាយាមរត់គេចតែត្រូវបានសមត្ថកិច្ចមូលដ្ឋានដេញតាមចាប់ទាន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៨:២០នាទីយប់ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ ៧០១ ហៅផ្លូវឃ្លាំងលើ ដែលស្ថិតនៅក្នុង សង្កាត់លេខ ០១ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ខាងលើនេះបានប្រាប់មកកាន់ភ្នាក់ងារសារព័ត៌មានឲ្យបានដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូ ០១ គ្រឿងម៉ាក់ ហុងដាឌ្រីមសង់ សេរីឆ្នាំ ២០១២ ពាក់ស្លាកលេខ កំពត 1G-2922 ជិះគ្នាពីរនាក់ ក្នុងទិសដៅពីត្បូងមកជើង គណៈពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងស៊េរីទំនើបម៉ាក Toyota Fortuner ពាក់ស្លាកលេខ ព្រះសីហនុ 2D-3369 បើកបរដោយបុរសវ័យម្នាក់ ក្នុងទិសដៅបញ្ច្រាស់គ្នាដោយបើកបរពីជើងមកត្បូង បានធ្វើការឡើងវ៉ាជែងខ្វះភាពប្រុងប្រយ័ត្នបានបុកជាមួយនឹងម៉ូតូពេញមួយទំហឹងបណ្ដាលឱ្យម៉ូតូនិងមនុស្សខ្ទាតចេញទៅផ្លូវម្ខាង បណ្ដាលឲ្យបុរសពីរនាក់ភាគីខាងម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកឯរថយន្តភ្លាមៗនោះព្យាយាមរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចមូលដ្ឋានស្ទាក់ចាប់ជាប់ ដោយរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបន្ទាន់បាននាំយកភាគីខាងម៉ូតូចំនួន ០២ នាក់ដែលរងរបួសធ្ងន់នោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។ រីឯវត្ថុតាងទាំងសងខាងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការលើកយកទៅរក្សាទុកនៅការិយាល័យដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់។

Share.